
រាជធានីភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យ លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ត្រួតពិនិត្យ គ្រប់គ្រងគុណភាពថ្នាំ និងបរិក្ខាពេទ្យឱ្យត្រូវតាមស្ដង់ដារកំណត់ ខណៈផលិតផលដែលលក់តាមអនឡាញក៏ត្រូវត្រួតពិនិត្យឱ្យល្អិតល្អន់ដែរ…។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យហ្លួងម៉ែ (អតីតមន្ទីរពេទ្យស្ត្រីនគរទេព) នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល ពិនិត្យមើលក្រុមហ៊ុនដេញថ្លៃផ្គត់ផ្គង់ថ្នាំពេទ្យឱ្យបានច្បាស់ បើក្នុងករណីគុណភាពថ្នាំមិនត្រូវតាមស្ដង់ដារ ដែលរាជរដ្ឋាភិបាលបានកំណត់ គឺមិនត្រូវអនុញ្ញាតឱ្យដេញថ្លៃនោះទេ។ មិនត្រឹមតែគុណភាពថ្នាំ ប៉ុន្តែបរិក្ខាពេទ្យក៏ត្រូវពិនិត្យឱ្យបានច្បាស់លាស់ដូចគ្នា មិនលើកលែងសូម្បីតែបង់ស្អិតរុំរបួស ដាច់ខាតត្រូវតែមានការធានាគុណភាពច្បាស់លាស់។ សម្ដេចធិបតីអះអាងថា គោលដៅធំរបស់រដ្ឋ គឺផ្ដល់សេវាដែលមានគុណភាព សុវត្ថិភាព និងឆាប់រហ័សជូនប្រជាពលរដ្ឋ។

លើសពីនេះ សម្ដេចធិបតី ក៏បានណែនាំឱ្យក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ពិនិត្យមើលផលិតផលដាក់លក់តាមអនឡាញ មិនថាថ្នាំ ឬឡេលាបស្បែក ដែលអាចផ្ដល់ផលប៉ះពាល់ដល់សុខភាពពលរដ្ឋ។ សម្ដេចអះអាងថា របស់ប្រើប្រាស់ទិញខុសអាចប្ដូរវិញបាន ប៉ុន្តែថ្នាំ បើទិញខុសយកទៅលេបនឹងមានបញ្ហា។ កន្លងមក ក្រសួងសុខាភិបាល បានប្រកាសរកឃើញ និងហាមឃាត់មិនឱ្យលក់បន្តនូវផលិតផលមិនថាថ្នាំ អាហារបំប៉ន និងគ្រឿងសម្អាងជាច្រើនមុខដាក់លក់តាមអនឡាញ ដែលមានផ្ទុកសារធាតុគីមី ធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់។ បើទោះបីបានចុះពិនិត្យនិងរកឃើញជាហូរហែរក៏ដោយ ក៏ប៉ុន្តែផលិតផលបង្កផលប៉ះពាល់សុខភាពពលរដ្ឋ នៅតែបន្តមាន ទើបសម្ដេចនាយករដ្ឋមន្រ្តីធ្វើការណែនាំបន្ថែម ដើម្បីធានាដល់សុខសុវត្ថិភាពប្រជាពលរដ្ឋ៕





