
រាជធានីភ្នំពេញ៖ ថ្ងៃខួបគម្រប់១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមរាជធានីកូឡាឡាំពួរ រវាងកម្ពុជា និងថៃ ឬហៅថា កិច្ចព្រមព្រៀងសន្តិភាពរាជធានីកូឡាឡាំពួរ ថ្ងៃទី២៦ តុលា ២០២៥-២៦ តុលា ២០២៦។ សម្ដេចធិបតី ហ៊ុន មាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញមករំឭក និងប្រកាសពីការប្ដេជ្ញាចិត្ត បន្តគោរពតាមកិច្ចព្រៀងនេះ ឈានឆ្ពោះទៅដោះស្រាយបញ្ហាព្រំដែន រវាងកម្ពុជា-ថៃ…។

ក្នុងរយៈពេល១ឆ្នាំមកនេះ កម្ពុជាគោរពតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារួមគ្នាជាមួយថៃ យ៉ាងខ្ជាប់ខ្ជួន ប៉ុន្តែថៃមិនបានទុកកិច្ចព្រមព្រៀងសន្តិភាពរាជធានីកូឡាឡាំពួរ នៅក្នុងភ្នែក និងចេះតែបង្កហេតុឈ្លានពានទឹកដីកម្ពុជា មិនព្រមឈប់ មិនឱ្យពលរដ្ឋខ្មែរជាង២ម៉ឺននាក់ វិលត្រឡប់ទៅលំនៅឋានពួកគេវិញឡើយ។ ទោះថៃមិនគោរព ប៉ុន្តែកម្ពុជាគោរព ហើយនឹងបន្តគោរព។ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា កម្ពុជានៅតែគោរពស្មារតី នៃសេចក្តីថ្លែងការណ៍រួម រាជធានីកូឡាឡាំពួរ និងប្តេជ្ញាចិត្ត ដោះស្រាយទំនាស់ និងខណ្ឌសីមាព្រំដែនជាមួយថៃ តាមសន្តិវិធី និងច្បាប់អន្តរជាតិ ដោយចៀសវាងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ថា គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ គណៈកម្មាធិការព្រំដែនទូទៅ និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) គឺជាយន្តការទ្វេភាគី ដែលមានអាណតិ្តការងាររៀងៗខ្លួន សម្រាប់ធ្វើការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងព្រំដែនតាមសន្តិវិធី។ ឆ្លៀតក្នុងឱកាសនេះ សម្ដេចធិបតី បានថ្លែងអំណរគុណសាជាថ្មី ចំពោះលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ដែលបានចូលរួមយ៉ាងសកម្ម ព្រមទាំងបានលើកទឹកចិត្ត ជំរុញឱ្យមានកិច្ចព្រមព្រៀងនេះឡើង និងបន្តគាំទ្រដល់ដំណើរការស្វែងរកដំណោះស្រាយបញ្ហាព្រំដែន រវាងរវាងកម្ពុជា-ថៃ ដោយសន្តិវិធីឈានទៅរកសន្តិភាពមួយដែលមានចីរភាព។

សូមជម្រាបថា សហរដ្ឋអាម៉េរិក នៅថ្ងៃទី២៦តុលានេះ បានប្រកាសចាត់ទុកកិច្ចព្រមព្រៀងគូឡាឡាំពួរ ជាអំណាចការទូតរបស់ខ្លួន ក្នុងការចាក់គ្រឹះសន្តិភាពរវាងកម្ពុជា-ថៃ។ សហរដ្ឋអាម៉េរិក ក៏បានប្រកាសបន្តធ្វើការជាមួយភាគីកម្ពុជា-ថៃ ដើម្បីគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងនេះ មានប្រសិទ្ធភាព និងជួយធ្វើឱ្យក្ដីសង្ឃឹមនៃសន្តិភាពយូរអង្វែង ក្លាយជាការពិត សម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕



