
រាជធានីភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តអំពាវនាវឱ្យបងប្អួនប្រជាជលរដ្ឋ បន្តជឿទុកចិត្តលើការដោះស្រាយបញ្ហាព្រំដែន ជាពិសេសការយកទឹកដីកម្ពុជា ដែលថៃបាននិងកំពុងកាន់កាប់ដោយខុសច្បាប់ ត្រឡប់មកវិញ...។

កាលពីយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការ ដោយបានរំឭកពីការចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ កាលពីថ្ងៃទី៣១មករា ឆ្នាំ២០២៦។ ពេលនោះសម្ដេចបានប្រាប់ប្រជាពលរដ្ឋអំពីវិធានការដែលរាជរដ្ឋាភិបាល ត្រូវដាក់ចេញក្នុងគោលដៅសង្គ្រោះជីវិតប្រជាពលរដ្ឋ ការស្វែងរកសន្តិភាពយូរអង្វែង ដើម្បីកុំឱ្យសង្គ្រាមកើតមានឡើងវិញ ក៏ដូចជាការស្តារឡើងវិញនូវជីវភាពរស់នៅរបស់ពួកគាត់។ សម្ដេចគូសបញ្ជាក់ថា៖«គិតត្រឹមថ្ងៃនេះ ក្នុងរយៈពេលត្រឹមប្រមាណ៨ខែប៉ុណ្ណោះ យើងបានរួមគ្នាប្រែក្លាយវិធានការដែលដាក់ចេញនាពេលនោះ ទៅជាសមិទ្ធផលជាក់ស្តែងសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារសង្គ្រាម»។

សម្ដេចធិបតីសង្កត់ធ្ងន់ថា កិច្ចការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ មិនទាន់បញ្ចប់ទេ ប៉ុន្តែសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេលដ៏ខ្លីនេះ អាចបញ្ជាក់ឱ្យបងប្អូនប្រជាពលរដ្ឋ បានឃើញនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចភារកិច្ចតាមផែនការដែលបានដាក់ចេញដោយភាពច្បាស់លាស់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុជាតិ ទឹកដី និងប្រជាជន។ ក្នុងន័យនេះ សម្ដេចនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បន្តមានទំនុកទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការបន្តខិតខំដោះស្រាយបញ្ហាដែលនៅសេសសល់ ពាក់ព័ន្ធជាមួយព្រំដែនកម្ពុជា-ថៃ ដោយការទទួលខុសត្រូវ។ តាំងពីដើមមក កម្ពុជាប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ហើយកម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនៅខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគី ដោយប្រទេសថៃនោះទេ៕




