សម្ដេចធិបតីលើកទឹកចិត្តក្រុមហ៊ុន Huawei ធ្វើការជិតស្និទ្ធជាមួយក្រសួងប្រៃសណីយ៍ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា
S
Soriya Sou
•
មួយខែមុន

រាជធានីភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញ និងលើកទឹកចិត្តដល់ប្រធានក្រុមហ៊ុន Huawei ឱ្យភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា ឱ្យកាន់តែស៊ីជម្រៅ...។

សម្ដេចលើកទឹកចិត្តដូច្នេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោក វ៉ាង ហ្ស៊ូ (Wang Xu) ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍ពហុប្រទេស កាលពីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងជំនួប លោក វ៉ាង ហ្ស៊ូ បានជម្រាបសម្ដេចធិបតីថា លោកវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេស ការដាក់ឱ្យដំណើរការសេវាទូរសព្ទចល័តជំនាន់ទី៥ (5G) និងការកើនឡើងនៃការប្រើប្រាស់ថាមពលកកើតឡើងវិញនៅកម្ពុជា។ លោកក៏បានរាយការណ៍ជូនសម្ដេចអំពីការរួមចំណែករបស់ក្រុមហ៊ុនក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់វិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) ដោយបានផ្ដល់វគ្គបណ្ដុះបណ្ដាលដល់មន្ត្រីថ្នាក់ដឹកនាំ និងវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល (ToT) ដើម្បីបន្តបណ្ដុះបណ្ដាលដល់សិស្ស និងនិស្សិតកម្ពុជា។ ប្រធានក្រុមហ៊ុន Huawei ក៏បានចែករំលែកបទពិសោធរបស់ក្រុមហ៊ុនក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា រួមទាំងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីតាមដាន និងស្វែងរកទីតាំងប្រតិបត្តិការរបស់ឧក្រិដ្ឋជនឆបោកតាមអនឡាញ ក៏ដូចជាការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យមផងដែរ។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានយល់ស្របជាមួយលោកប្រធានក្រុមហ៊ុនអំពីសារសំខាន់នៃធនធានមនុស្សឌីជីថល ព្រមទាំងបានលើកឡើងពីហានិភ័យមួយចំនួននៃការប្រើប្រាស់បច្ចេកវិទ្យា AI ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធមានការយកចិត្តទុកដាក់ខ្ពស់។ ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា រាជរដ្ឋាភិបាល តែងតែផ្តល់អាទិភាពខ្ពស់លើការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យនេះ, ការធានាសុវត្ថិភាពក្នុងការប្រើប្រាស់ AI, ការពង្រឹងសន្តិសុខសាយប័រ និងការការពារអធិបតេយ្យភាពទិន្នន័យ ព្រមទាំងការជំរុញ ការផ្ទេរបច្ចេកវិទ្យាជាដើម។ សម្ដេចធិបតី បានលើកទឹកចិត្តឱ្យលោកប្រធានក្រុមហ៊ុន បន្តពិភាក្សា និងភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ជាពិសេស ក្រសួងប្រៃសណីយ៍ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាឱ្យកាន់តែស៊ីជម្រៅថែមទៀត។ 

ចំពោះការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សម្ដេចធិបតីបានលើកឡើងពីភាពចាំបាច់នៃការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ លើការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាប្រកបដោយភាពបុរេសកម្ម ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីប្រទេសកម្ពុជា៕ 


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត