វិបត្តិផ្សែងអ័ព្ទនៅម៉ាឡេស៊ី ធ្វើឲ្យខាតបង់សេដ្ឋកិច្ច ជិត២ពាន់លានដុល្លារអាម៉េរិក
S
Sinuon Nop
•
មួយម៉ោងមុន

រាជធានីគួឡាឡាំពួរ (Kuala Lumpur)៖ វិបត្តិផ្សែងអ័ព្ទចុងក្រោយបង្អស់ នៅក្នុងប្រទេសម៉ាឡេស៊ី ដែលបានបង្កឡើងដោយភ្លើងឆេះព្រៃ នៅឥណ្ឌូណេស៊ី ត្រូវបានគេប៉ាន់ប្រមាណថា បានបណ្ដាលឲ្យខាតបង់ផ្នែកសុខុមាលភាពសង្គម ចំនួន៨ពាន់លានរីងហ្គីត (លុយម៉ាឡេ) ឬស្មើនឹងស្មើនឹងជាង ១,៩៧ ពាន់លានដុល្លារអាម៉េរិក ហើយវាអាចក្លាយជាកត្តា នាំឱ្យមានករណីស្លាប់មុនអាយុ ប្រហែល ១ ៧០០នាក់។ នេះបើតាមសារព័ត៌មាន VN Express International បានផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី៣១ ខែតុលា។

នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហ៊ីម
នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហ៊ីម

បើតាមរបាយការណ៍មួយ មានចំណងជើងថា «រដូវកាលឆេះព្រៃ ឆ្នាំ២០២៦ និងផ្សែងអ័ព្ទឆ្លងដែន នៅក្នុងប្រទេសម៉ាឡេស៊ី» ដឹកនាំការសិក្សាដោយលោក Piyu Ke នាយកផ្នែកវិទ្យាសាស្ត្រ នៃក្រុមហ៊ុន Carbon Spur Sdn Bhd (ដែលក្រុមហ៊ុនវិភាគលើផ្នែកនិរន្តរភាព និងការតាមដានកាបូន បានឲ្យដឹងថា វិបត្តិផ្សែងអ័ព្ទនេះ បានចាប់ផ្ដើម តាំងពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៦។ ការសិក្សានេះ បានប្រើប្រាស់ទិន្នន័យរួមបញ្ចូលគ្នា រួមមាន៖ ការសង្កេតតាមរយៈផ្កាយរណប ការតាមដានគុណភាពខ្យល់ ការបង្កើតគំរូបរិយាកាស និងការស្ទង់មតិ នៅក្នុងវិស័យឧស្សាហកម្ម ដើម្បីវាយតម្លៃផលប៉ះពាល់សរុប ដែលកើតចេញពីការប៉ះពាល់នឹងការបំពុលបរិយាកាស នៅក្នុងរយៈពេលយូរ។

ការសិក្សានេះ បានប៉ាន់ប្រមាណថា ផ្សែងអ័ព្ទ បានបង្កឱ្យមានការស្លាប់មុនអាយុប្រហែល ១ ៧០០ករណី ក្នុងអំឡុងពេលនោះ ដោយក្នុងនោះប្រហែល ១ ៦០០ករណី គឺបណ្តាលមកពីផ្សែង ដែលកើតចេញពីភ្លើងឆេះព្រៃ នៅខាងក្រៅប្រទេសម៉ាឡេស៊ី។

ក្រុមអ្នកស្រាវជ្រាវ បានគណនាថា បន្ទុកសេដ្ឋកិច្ចពាក់ព័ន្ធនឹងសុខុមាលភាព ដែលកើតចេញពីការស្លាប់ទាំងនេះ មានទំហំ ចន្លោះពី៣ពាន់លានទៅ១៥ពាន់លានរីងហ្គីត (RM) ឬស្មើនឹងជាង៧៤០លានទៅជាង៣,៧០ពាន់លានដុល្លារអាម៉េរិក។ បើតាមសារព័ត៌មាន Malay Mail បានបង្ហាញថា តួលេខនេះឆ្លុះបញ្ចាំងពី«ឆន្ទៈក្នុងការចំណាយ» របស់សង្គម ដើម្បីកាត់បន្ថយហានិភ័យ នៃការស្លាប់មុនអាយុ ជាជាងការគិតគូរពីការបាត់បង់ផលិតផលសេដ្ឋកិច្ច ដោយផ្ទាល់ ហើយវាមិនគួរយកទៅបូកបញ្ចូល ជាមួយការចំណាយសេដ្ឋកិច្ចផ្សេងៗទៀតនោះឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត