
រដ្ឋធានីណៃពិដោរ៖ សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ នៅក្នុងប្រទេសមីយ៉ាន់ម៉ា អស់រយៈពេលជាង៥ឆ្នាំកន្លងមកនេះ បានសម្លាប់ជនស៊ីវិលជាងតិច ១០០ ០០០នាក់ ខណៈបច្ចុប្បន្ន របបសឹកមីយ៉ាន់ម៉ា កំពុងតែបង្កើនការវាយប្រហារតាមអាកាស ទៅលើតំបន់ជនស៊ីវិលរស់នៅបន្ដទៀត បណ្ដាលឲ្យចំនួនអ្នកស្លាប់កើនឡើងបន្ថែមទៀត ទើបអង្គការសង្គមស៊ីវិលជាច្រើន កំពុងតែជំរុញដល់អង្គការសហប្រជាជាតិ និងពិភពលោក បង្កើតតំបន់គ្មានការហោះហើរ នៅក្នុងរដ្ឋរ៉ាឃីន (Rakhine) នៃប្រទេសអាស៊ានមួយនេះ។

សារព័ត៌មានភូមា The Irrawaddy បានផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី៣១ ខែតុលាថា អង្គការសង្គមស៊ីវិលជាច្រើន នៅក្នុងរដ្ឋរ៉ាឃីន កំពុងតេអំពាវនាវដល់អង្គការសហប្រជាជាតិ និងភាគីអន្តរជាតិនានា ឱ្យប្រកាសបង្កើតតំបន់ហាមឃាត់ការហោះហើរ (ឬ No-fly zone) នៅក្នុងរដ្ឋភាគខាងលិច នៃប្រទេសមីយ៉ាន់ម៉ា ស្របពេលចំនួនជនស៊ីវិល ដែលបានស្លាប់ដោយសារការវាយប្រហារតាមផ្លូវអាកាសពីរបបយោធាមីយ៉ាន់ម៉ា ប្រឆាំងនឹងក្រុមចលនាតស៊ូ បានកើនឡើងដល់កម្រិតមួយ មិនធ្លាប់មានពីមុនមក។

របបយោធាមីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែក លើគោលដៅស៊ីវិលជាច្រើនកន្លែង នៅក្នុងរយៈពេលមួយខែកន្លងមកនេះ បន្ទាប់ពីមានការវាយប្រហារតាមផ្លូវអាកាសមួយ ទៅលើផ្សារដ៏ធំមួយ កាលពីថ្ងៃទី២៨ ខែកញ្ញា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន៥០នាក់ និងបានជំរុញឱ្យមានការថ្កោលទោសយ៉ាងទូលំទូលាយ ពីសហគមន៍អន្តរជាតិ។
អង្គការសប្បុរសធម៌សង្គមស៊ីវិលអារ៉ាកាន់ (The Arakan Civil Society Charitable Organizations) ហៅកាត់ ACSO ដែលជាក្រុមឆត្រ នៃអង្គការក្នុងស្រុក និងអន្ដរជាតិចំនួន៧០ កំពុងតែអំពាវនាវជាបន្ទាន់ដល់ក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ (UN Security Council) ហៅកាត់ UNSC, សមាគមប្រជាជាតិអាស៊ាន, រដ្ឋាភិបាលអន្ដរជាតិ និងអង្គការមនុស្សធម៌ពិភពលោក ជួយគាំទ្រដល់សេចក្ដីថ្លែងការណ៍របស់ខ្លួន ជាមួយនឹងការចាត់វិធានការជាបន្ទាន់ ដើម្បីរារាំងដល់ការបាត់បង់ជីវិតរបស់ជនស៊ីវិលផ្សេងៗបន្ដទៀត។

ក្រៅពីការទាមទារឱ្យមានតំបន់ហាមឃាត់ការហោះហើរនោះ ក្រុមអង្គការ ASCO ក៏កំពុងទាមទារឱ្យមានវិធានការដាក់ទណ្ឌកម្មជាអន្តរជាតិ ដើម្បីកាត់ផ្តាច់នូវការផ្គត់ផ្គង់ប្រេងឥន្ធនៈសម្រាប់យន្តហោះ អាវុធ និងសម្ភារយោធាផ្សេងៗទៀត ដែលទ្រទ្រង់ដល់ប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាស នៃរបបយោធាមីយ៉ាន់ម៉ា។ ការអំពាវនាវបែបនេះ បានកើតឡើង ក្រោយពេលមានការកើនឡើង នៃការវាយប្រហារយ៉ាងរង្គាល ទៅលើតំបន់ជនស៊ីវិលរស់នៅ ចាប់តាំងពីការវាយប្រហារលើផ្សារដ៏មមាញឹកមួយកន្លែង ដែលបានបណ្ដាលឲ្យកើតសោកដកម្មយ៉ាងរន្ធត់បំផុត។

មន្រ្ដីរបស់ក្រុមអង្គការ ACSO បានប្រាប់ដល់សារព័ត៌មានភូមា The Irrawaddy ថា៖«ក្រុមការងារ នៃអង្គការមនុស្សធម៌ក្នុងស្រុករបស់យើង បានស្ថិតនៅទីនេះ ដោយផ្ទាល់ និងបានឃើញហេតុការណ៍សម្លាប់កុមារ និងស្ត្រីមានផ្ទៃពោះ នៅក្នុងការទម្លាក់គ្រាប់បែក នៅទីក្រុងឃីយោកតាវ (Kyauktaw) ។ ករណីវាយប្រហារសម្លាប់យ៉ាងរង្គាលបែបនេះ កំពុងតែជំរុញឲ្យពួកយើង មានការអំពាវនាវជាបន្ទាន់បែបនេះឡើង»។

បណ្ដាអង្គការដែលកំពុងតែតាមដានជម្លោះនានា នៅក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងគម្រោងទិន្នន័យទីតាំង និងព្រឹត្តិការណ៍ជម្លោះប្រដាប់អាវុធ (The Armed Conflict Location & Event Data Project) ហៅកាត់ ACLED បានកត់ត្រា ចំនួនអ្នកស្លាប់សរុប នៅក្នុងសង្គ្រាមស៊ីវិល នៃប្រទេសអាស៊ានមួយនេះ ចាប់តាំងពីក្រោយអំពើរដ្ឋប្រហារយោធា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមក បានកើតឡើងដល់ជាង ១០០ ១00នាក់៕


