
ទីក្រុងតៃប៉ិ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលទីក្រុងប៉េកាំង បាននិងកំពុងតែបង្កើនសម្ពាធដ៏ខ្លាំងក្លាទៅលើតៃវ៉ាន់ ទាំងការទូត សេដ្ឋកិច្ច នយោបាយ ហើយតែងតែបញ្ជូននាវាចម្បាំង និងយន្ដហោះយោធាយ៉ាងច្រើន ទៅធ្វើសកម្មភាពឥតឈប់ឈរ នៅជុំវិញដែនកោះដែលគ្រប់គ្រងដោយខ្លួនឯងតាមបែបលទ្ធិប្រជាធិបតេយ្យមួយនេះ។

សារព័ត៌មាន Taiwan News បានផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី៣១ ខែតុលាថា តៃវ៉ាន់ បានតាមដានយន្ដហោះយោធាចិន ចំនួន១៣គ្រឿង និងនាវាចម្បាំងរបស់ពួកគេ ចំនួន៩គ្រឿង មកធ្វើសកម្មភាព នៅជិតដែនកោះរបស់ខ្លួន ចន្លោះពីវេលាម៉ោង៦ព្រឹក ថ្ងៃសុក្រ និងម៉ោង៦ព្រឹក ថ្ងៃសៅរ៍។

បើតាមក្រសួងការពារជាតិតៃវ៉ាន់ បានឲ្យដឹងថា ជាការឆ្លើយតបវិញនោះ តៃវ៉ាន់ បានដាក់ពង្រាយយន្ដហោះយោធា នាវាចម្បាំង និងប្រព័ន្ធមីស៊ីល នៅតាមឆ្នេរសមុទ្ររបស់ខ្លួន ដើម្បីត្រៀមខ្លួនបង្ការទុកជាមុន។ ស្របគ្នានោះដែរ យន្ដហោះចម្បាំងរបស់កងទ័ពរំដោះប្រជាជនចិន ចំនួន៦គ្រឿង បានហោះឆ្លងកាត់ខ្សែបន្ទាត់មធ្យម នៅច្រកសមុទ្រតៃវ៉ាន់ នាតំបន់ភាគខាងជើង តំបន់ភាគកណ្ដាល និងតំបន់កំណត់អត្ដសញ្ញាណការពារដែនអាកាសភាគនិរតី នៃដែនកោះមួយនេះ។

នៅក្នុងខែតុលានេះ តៃវ៉ាន់បានតាមដានយន្តហោះចិន ចំនួន២០០លើក និងនាវាចិនចំនួន ៣៥៤ដង។ ប៉ុន្ដែបើគិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ ប្រទេសចិនបានបង្កើនការប្រើប្រាស់យុទ្ធសាស្ត្រ «តំបន់ពណ៌ប្រផេះ» (gray zone tactics) ជាមួយនឹងការបង្កើនចំនួនយន្តហោះយោធា និងនាវាចម្បាំង មកធ្វើប្រតិបត្តិការ នៅជុំវិញតៃវ៉ាន់ជាបន្តបន្ទាប់។

យុទ្ធសាស្ត្រ «តំបន់ពណ៌ប្រផេះ» ត្រូវបានគេកំណត់និយមន័យថា ជា«កិច្ចខិតខំប្រឹងប្រែងជាបន្ដបន្ទាប់ ដែលលើសពីវិធានការទប់ស្កាត់ (deterrence) និងការធានាសន្តិសុខជាប្រក្រតី ជាមួយនឹងមានគោលបំណងសម្រេចបាននូវគោលដៅសន្តិសុខរបស់ខ្លួន ដោយមិនចាំបាច់ប្រើប្រាស់កម្លាំងយោធាដោយផ្ទាល់ និងក្នុងកម្រិតធំនោះឡើយ»៕




