
រដ្ឋធានីវ៉ាសូវី៖ វិបត្តិដ៏តានតឹងមួយបានផ្ទុះឡើងក្នុងប្រទេសប៉ូឡូញ បន្ទាប់ពីកងកម្លាំងនគរបាលបានចុះទៅគ្រប់គ្រងតុលាការធម្មនុញ្ញ និងព្យួរតំណែងប្រធាន-អនុប្រធានតុលាការកំពូលនេះ ក្រោមហេតុផលនៃការដោះស្រាយភាពចម្រូងចម្រាសរវាងរដ្ឋាភិបាលបច្ចុប្បន្ន និងគណបក្សប្រឆាំង។ ហេតុការណ៍នេះ បានបង្ខំឱ្យប្រធានាធិបតីប៉ូឡូញ បញ្ជាឱ្យយន្តហោះបកក្បាលត្រឡប់មកប្រទេសវិញជាបន្ទាន់ ក្នុងកំឡុងពេលលោកកំពុងធ្វើដំណើរទៅក្រៅប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Fox News នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២៦...។

ប្រជាពលរដ្ឋរាប់ពាន់នាក់ បាននាំគ្នាទៅជួបជុំតវ៉ានៅខាងក្រៅអគារតុលាការ។ ក្រុមអ្នកតវ៉ា នាំគ្នាកាន់បដាប្រឆាំងរដ្ឋាភិបាល និងស្រែកទាមទារឱ្យមានការការពាររដ្ឋធម្មនុញ្ញនៅមុខតុលាការ។ បញ្ហាដ៏ចម្រូងចម្រាសនេះ បានធ្វើឱ្យប្រធានាធិបតីប៉ូឡូញ លោក ខារ៉ូល ណាវរ៉ូស្គី (Karol Nawrocki) សម្រេចចិត្តលុបចោលដំណើរកិច្ចការទៅកាន់ប្រទេសសេណេហ្កាល់ភ្លាមៗនៅចំកណ្ដាលអាកាសវេហារ ដោយបញ្ជាឱ្យយន្តហោះបកក្បាលត្រឡប់មកវិញទាំងតក់ក្រហល់។

លោក Nawrocki ប្រកាសថា ក្នុងពេលមានវិបត្តិជាតិបែបនេះ លោកមិនអាចបន្តដំណើរទស្សនកិច្ចបានឡើយ និងត្រូវតែមានវត្តមានជាបន្ទាន់ដើម្បីដោះស្រាយស្ថានការណ៍ក្នុងស្រុក។ ជាមួយគ្នា សហរដ្ឋអាម៉េរិក បានចេញមុខបង្ហាញការព្រួយបារម្ភ និងអំពាវនាវឱ្យមានសន្តិភាព ខណៈដែលប្រទេសប៉ូឡូញកំពុងធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោតសភាដ៏សំខាន់នៅខែវិច្ឆិកា ឆ្នាំ២០២៧ ខាងមុខ៕





