
ខេត្តស្វាយរៀង៖ ក្រុមការងារជំនាញនៃក្រសួងសន្តិសុខសាធារណៈចិន រួមជាមួយអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានចុះពិនិត្យជាក់ស្តែងនៅអតីតមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដ៏ធំមួយ ក្នុងតំបន់ OP ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមរបាយការណ៍ពីរដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា ភាគីកម្ពុជា បានសម្របសម្រួលជូនក្រុមការងារក្រសួងសន្តិសុខសាធារណៈចិន ចុះត្រួតពិនិត្យទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានបិតកន្លងមក ស្ថិតនៅតំបន់ OP ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ ទីតាំងអគារនៅក្នុងតំបន់ OP ក្រុងបាវិតនេះ ធ្លាប់ជាសម្បុកឆបោកអនឡាញដ៏ធំមួយ ដែលត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជាបើកប្រតិបត្តិការបង្ក្រាប និងបិទទ្វារជាស្ថាពរកាលពីពេលកន្លងទៅ។ ក្នុងប្រតិបត្តិការនាពេលនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសរាប់ពាន់នាក់ (ភាគច្រើនជាជនជាតិចិន) ព្រមទាំងដកហូតឧបករណ៍បច្ចេកវិទ្យាយ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានបញ្ជូនជនសង្ស័យទាំងនោះទៅចិនវិញ ដើម្បីចាត់ការតាមច្បាប់។

ក្នុងអំឡុងពេលចុះពិនិត្យ ក្រុមការងារជំនាញរបស់ចិន បានពិនិត្យមើលស្ថានភាពជាក់ស្តែងនៃអគារទាំងអស់នៅក្នុងទីតាំងកើតហេតុ។ គួរបញ្ជាក់ផងដែរថា ដំណើរចុះត្រួតពិនិត្យនេះ ធ្វើឡើងបន្ទាប់ពីមានសំណើរបស់ក្រុមការងារក្រសួងសន្តិសុខសាធារណៈចិន តាមរយៈគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ សកម្មភាពទាំងនេះបានបង្ហាញពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងសម្រេចបានលទ្ធផលកាន់តែប្រសើរឡើង៕











