
រាជធានីភ្នំពេញ៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានរកឃើញបទល្មើសពាក់ព័ន្ធនឹងការធ្វើដំណើរឆ្លងកាត់ព្រំដែនសរុបជិត៣ពាន់លើក មានមនុស្សពាក់ព័ន្ធចំនួនជាង៥២០០នាក់ ស្មើនឹង៩៣សញ្ជាតិ។

ផ្អែកតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលក្រសួងមហាផ្ទៃផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា ចំពោះករណីទាំងនេះ សមត្ថកិច្ចបានឃាត់ខ្លួន និងបញ្ជូនទៅតុលាការចំនួន១០៣នាក់ ព្រមទាំងចាត់វិធានការបញ្ជូនត្រឡប់ទៅប្រទេសដើមវិញជាង៤១០០នាក់។ របាយការណ៍ដដែលបានបញ្ជាក់ថា មូលហេតុដែលនាំឱ្យសមត្ថកិច្ចរកឃើញបទល្មើសទាំងនេះ រួមមាន៖ ការមានឈ្មោះក្នុងបញ្ជីមុខសញ្ញា ការប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ ស្ទីកគ័រទិដ្ឋាការក្លែងក្លាយ ត្រាចេញ-ចូលក្លែងក្លាយ ទិន្នន័យលើលិខិតឆ្លងដែនមិនត្រឹមត្រូវ ពុំមានគោលបំណងធ្វើដំណើរច្បាស់លាស់ និងលិខិតឆ្លងដែនពុំមានសុពលភាព។

ដោយឡែក បទល្មើសពាក់ព័ន្ធនឹងការឆ្លងដែនខុសច្បាប់ មានចំនួន៦៣៤លើក ស្មើនឹងមនុស្ស៩៩១នាក់ ត្រូវនឹង២០សញ្ជាតិ។ ក្នុងនោះ មន្ត្រីអន្តោប្រវេសន៍បានឃាត់ដំណើរ និងបញ្ជូនទៅតុលាការចំនួន២៧០នាក់ ខណៈអ្នកដំណើរដែលត្រូវបានរកឃើញថា ជាជនរងគ្រោះចំនួន៧២១នាក់ ត្រូវបានបញ្ជូនត្រឡប់ទៅលំនៅឋានវិញ។ ក្នុងរយៈពេល៩ខែដូចគ្នា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានសម្រួលបែបបទចេញទៅធ្វើការស្របច្បាប់នៅក្រៅប្រទេស តាមរយៈក្រុមហ៊ុននានា ជូនប្រជាពលរដ្ឋខ្មែរបាជាង៥៤០០នាក់ និងទទួលពលរដ្ឋខ្មែរដែលអាជ្ញាធរបរទេសបញ្ជូនត្រឡប់មកវិញជាង៥៥០០នាក់។ បន្ថែមពីនេះ មន្ត្រីអន្តោប្រវេសន៍កម្ពុជាបានទប់ស្កាត់ពលរដ្ឋខ្មែរចំនួន ២១៨នាក់ មិនឱ្យធ្វើដំណើរចាកចេញពីប្រទេស ដោយសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថា ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងច្រកទ្វារព្រំដែនបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប រួមមាន៖ ប្រព័ន្ធ Cambodia e-Arrival ប្រព័ន្ធ Cambodia v-Pass និង QR Code សម្រាប់អ្នកដំណើរដែលចេញ-ចូលព្រះរាជាណាចក្រកម្ពុជា ដែលកំពុងដំណើរការនៅតាមអាកាសយានដ្ឋានអន្តរជាតិទាំង៣។ ក្រៅពីនេះ ក៏មានប្រព័ន្ធ CBMS និង TMS នៅតាមប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ ដែលមានសមត្ថភាពចាប់យកទិន្នន័យលើលិខិតឆ្លងដែន រូបថត ស្នាមម្រាមដៃ និងទិដ្ឋាការ ដើម្បីបម្រើដល់ការងារគ្រប់គ្រង ស្រាវជ្រាវ និងស្វែងរកមុខសញ្ញាពាក់ព័ន្ធនឹងបទល្មើស។ វិធានការទាំងនេះ មានគោលបំណងពង្រឹងការគ្រប់គ្រងច្រកទ្វារព្រំដែន ទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងអំពើជួញដូរមនុស្ស ព្រមទាំងធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់ការធ្វើដំណើរចេញ-ចូលប្រទេស៕






