
រាជធានីភ្នំពេញ៖ វត្ថុសិល្បៈ និងវត្ថុបុរាណខ្មែរចំនួន១៨ ដែលមានប្រភពដើមពីប្រទេសកម្ពុជា ត្រូវបានរកឃើញនៅរាជធានីឡុងដ៍ ប្រទេសអង់គ្លេស និងប្រគល់ជាផ្លូវការជូនស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំរាជធានីឡុងដ៍ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ដើម្បីក្រសួងវប្បធម៌ ចាត់ចែងនាំយកត្រឡប់មកកាន់មាតុភូមិកម្ពុជាវិញនាពេលខាងមុខ...។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់ថា វត្ថុបុរាណទាំង១៨នេះ ត្រូវបានរកឃើញកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ដោយអង្គភាពសិល្បៈ និងវត្ថុបុរាណនៃនគរបាលរាជធានីឡុងដ៍ (Metropolitan Police Service) ក្រោមការគាំទ្រពីក្រុមការងារប្រយុទ្ធប្រឆាំងបទល្មើសលើបេតិកភណ្ឌនៃអង្គការសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុប (OSCE)។ ក្រោយពីបានកំណត់អត្តសញ្ញាណ និងបញ្ជាក់ពីប្រភពដើមថា ជាសម្បត្តិវប្បធម៌របស់កម្ពុជា ក្រសួងវប្បធម៌ បានដាក់សំណើជាផ្លូវការ កាលពីខែកញ្ញា ឆ្នាំ២០២៦ ដើម្បីទាមទារឱ្យប្រគល់វត្ថុទាំងនេះត្រឡប់មកវិញ។ ក្រសួងលម្អិតថា វត្ថុបុរាណ ទាំងនេះមានអាយុតាំងពីសតវត្សទី១០ ដល់សតវត្សទី១៣ រួមមាន៖ រូបចម្លាក់ថ្ម វត្ថុសំរិទ្ធប្រើប្រាស់ក្នុងពិធីសាសនា និងបំណែកគ្រឿងអលង្ការ។ ក្នុងចំណោមវត្ថុទាំងនេះ មានព្រះសិរៈបដិមាសាងពីថ្មភក់ក្នុងរចនាបថបាពួនក្នុងសតវត្សទី១១ និងព្រះសិរៈបដិមា ក្នុងរចនាបថបាយ័ន នៅចុងសតវត្សទី១២។ ក្រៅពីនេះក៏មានកណ្តឹងពុទ្ធសាសនា ដែលមានដងកាន់រាងវជិរៈទេពរាំលើបល្ល័ង្គ (យោគីនីរាំ) គ្រឿងលម្អមានបន្តោង ព្រមទាំងចង្កៀងសំរិទ្ធមួយ ដែលធ្លាប់ប្រើប្រាស់ក្នុងកិច្ចពិធី។ ជារួម វត្ថុទាំងនេះឆ្លុះបញ្ចាំងពីស្នាដៃសិល្បៈ ប្រពៃណី ជំនឿសាសនា និងជីវភាពវប្បធម៌និងអារ្យធម៌ខ្មែរដែលបានឆ្លងកាត់ជាច្រើនសតវត្សរ៍មកហើយ។

ក្រសួងវប្បធម៌ ចាត់ទុកការវិលត្រឡប់នៃវត្ថុបុរាណទាំងនេះ មិនត្រឹមតែជាការនាំយកសម្បត្តិសិល្បៈដ៏មានតម្លៃមកកាន់ទឹកដីកំណើតវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការស្តារឡើងវិញនូវចំណងប្រវត្តិសាស្ត្រ ជំនឿសាសនា ប្រពៃណី និងការចងចាំរួមរបស់ប្រជាជនខ្មែរផងដែរ។ តាមជំនឿ និងប្រពៃណីខ្មែរ បដិមាដែលបានឆ្លងកាត់ពិធីអភិសេក គឺមានអត្ថន័យជាវត្ថុសក្ការៈ ដែលតំណាងឱ្យទីស្ថាននៃអាទិទេព និងមានតម្លៃលើសពីសោភ័ណភាពសិល្បៈ។ ក្រសួងអះអាងថា ក្រោយបញ្ជូនមកដល់ប្រទេសកម្ពុជា មន្ត្រីជំនាញនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងសារមន្ទីរជាតិកម្ពុជា នឹងសិក្សាស្រាវជ្រាវលម្អិត ដោយប្រៀបធៀបវត្ថុទាំងនេះជាមួយទិន្នន័យបុរាណវិទ្យា កំណត់ត្រាទីតាំងបុរាណ និងសក្ខីកម្មពាក់ព័ន្ធ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ពីប្រវត្តិ និងប្រភពដើមរបស់វត្ថុបុរាណនីមួយៗ។

ការប្រគល់ត្រឡប់មកវិញនូវវត្ថុបុរាណខ្មែរចំនួន១៨ ពីទីរាជធានីឡុងដ៍នេះ គឺជាសមិទ្ធផលថ្មីមួយទៀតក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្វែងរក និងនាំយកមកវិញនូវសម្បត្តិវប្បធម៌ជាតិដែលបានបាត់បង់ពីមាតុភូមិ។ នេះក៏ជាការបញ្ជាក់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការការពារបេតិកភណ្ឌវប្បធម៌ និងទប់ស្កាត់ការជួញដូរវត្ថុបុរាណដោយខុសច្បាប់ ដើម្បីទុកជាមរតកសម្រាប់កូនចៅខ្មែរជំនាន់ក្រោយ។ ជាមួយគ្នានេះ កម្ពុជានៅតែបន្តប្តេជ្ញាចិត្តក្នុងការទាមទារឱ្យប្រគល់ត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ដែលត្រូវបាននាំចេញពីទឹកដីកម្ពុជាដោយខុសច្បាប់ និងស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ ពីរដ្ឋាភិបាល ស្ថាប័នអនុវត្តច្បាប់ សារមន្ទីរ អ្នកស្រាវជ្រាវ និងអ្នកប្រមូលវត្ថុសិល្បៈឯកជននានា៕








