
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបើកប្រតិបត្តិការឆ្មក់បង្ក្រាបទីតាំងហាងបារចំនួន២កន្លែងជាប់គ្នា ស្ថិតក្នុងខណ្ឌដូនពេញ ក្រោយសង្ស័យថា មានការលួចបង្កប់សេវាកម្មផ្លូវភេទ និងមានការជ្រើសរើសអនីតិជន (ក្រោម១៨ឆ្នាំ) ឱ្យបម្រើការងារដោយខុសច្បាប់…។

ប្រតិបត្តិការចុះបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង១០កន្លះយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវលេខ១៣៦ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទីតាំងហាងទាំងពីរ ដែលរងការឆ្មក់បង្ក្រាបនោះ រួមមានយីហោ ស្វីតឡេម៉ឹន (Sweet Lemon) និង អូអេស៊ីស (OASIS 136)។ ប្រភពព័ត៌មានបឋមបានឱ្យដឹងថា ការចុះឆ្មក់បង្ក្រាបភ្លាមៗនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងជំនាញបានធ្វើការស្រាវជ្រាវ និងសង្ស័យយ៉ាងខ្លាំងថា ទីតាំងទាំងពីរខាងលើបានលួចលាក់ផ្តល់សេវាផ្លូវភេទ និងមានការប្រើប្រាស់កម្លាំងពលកម្មអនីតិជនឱ្យធ្វើការនៅទីនោះ។

យ៉ាងណា គិតត្រឹមពេលនេះ ភាគីសមត្ថកិច្ច នៅមិនទាន់បានបញ្ជាក់លម្អិតជុំវិញចំនួនជនរងគ្រោះ ឬចំនួនមនុស្សដែលត្រូវឃាត់ខ្លួននៅឡើយទេ។ សាធារណជន កំពុងរង់ចាំតាមដានមើលលទ្ធផលនៃការស្រាវជ្រាវជាបន្ត និងចំណាត់ការតាមនីតិវិធីផ្លូវច្បាប់ចំពោះអ្នកពាក់ព័ន្ធ ជាពិសេសលើបញ្ហាការទប់ស្កាត់ និងការពារអនីតិជនពីការកេងប្រវញ្ចផ្លូវភេទ៕




