
រាជធានីភ្នំពេញ៖ សមត្ថកិច្ចជំនាញផ្នែកឌីជីថលនៃក្រសួងមហាផ្ទៃ បានឃាត់ខ្លួនបុរសជាសង្ស័យម្នាក់ បន្ទាប់ពីរកឃើញថា បានប្រព្រឹត្តអំពើខុសច្បាប់ ដោយយកគណនីធនាគារផ្ទាល់ខ្លួន ជួលឱ្យក្រុមឧក្រិដ្ឋជនបរទេសប្រើប្រាស់សម្រាប់ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)....។

យោងតាមរបាយការណ៍ពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា ជនរងគ្រោះ បានដាក់ពាក្យបណ្តឹង ក្រោយចាញ់បោកក្រុមជនអនាមិកដែលបានទាក់ទាញ និងលួមលោមឱ្យចូលរួមដាក់ប្រាក់វិនិយោគតាមក្រុមតេឡេក្រាម (Group Telegram) សរុបជាទឹកប្រាក់ចំនួន១៥០០ដុល្លារអាម៉េរិក។ ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញ បានស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនបុរសជាជនសង្ស័យរូបនោះ។ ជនសង្ស័យ យល់ព្រមផ្តល់គណនីធនាគារផ្ទាល់ខ្លួនឱ្យទៅក្រុមជនល្មើសជាមេក្លោងប្រើប្រាស់ ក្នុងការទទួលប្រាក់ពីការឆបោក (Money Mule Account)។ ក្រោយពីព្រមព្រៀង មេក្លោងបានឱ្យបុរសជាម្ចាស់គណនីធនាគារ ទទួលប្រាក់ចំនួន១៥០០ដុល្លារ ពីជនរងគ្រោះ ដែលត្រូវពួកគេឆបោក។

ប៉ុន្តែបុរសជាម្ចាស់គណនីធនាគារ បានផ្ទេរប្រាក់តាមគណនីដែលមេក្លោងនោះបញ្ជា ត្រឹមតែ៧០០ដុល្លារប៉ុណ្ណោះ ដោយប្រាក់សល់៨០០ដុល្លារទៀត មិនបានផ្ទេរទៅគណនីដែលមេក្លោងបញ្ជាឱ្យផ្ទេរឡើយ។ ជាមួយគ្នា ដើម្បីបានប្រាក់ពីអំពើឆបោកនោះមកខ្លួនខ្លះដែរ បុរសជាម្ចាស់គណនីធនាគារ ក៏គំរាមមេក្លោងថា បានប្តឹងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យារួចហើយ។ ទោះយ៉ាងណា មកដល់ពេលនេះ បុរសជាម្ចាស់គណនីធនាគារ ត្រូវសមត្ថកិច្ចចាប់បាន ខណៈមេក្លោងរួចខ្លួននៅឡើយ។ បច្ចុប្បន្ន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកសាងសំណុំរឿង និងបញ្ជូនបុរសជាម្ចាស់គណនីធនាគារ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕






