តើស.ង្គ្រា.មលោកលើកទី៣ ជិតមកដល់ហើយមែនទេ? អាម៉េរិកបញ្ជាទិញយន្តហោះចម្បាំងបំបាំងកាយ F-35 រហូតដល់៨៥០គ្រឿង
ហៀប ស៊ីថេត
•
7 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក និងក្រុមហ៊ុន Lockheed Martin បានសម្រេចកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយ ក្នុងការផ្គត់ផ្គង់យន្តហោះប្រយុទ្ធបំបាំងកាយ F-35 រហូតដល់ ៨៥០គ្រឿង ក្នុងរយៈពេល១០ឆ្នាំខាងមុខ។ កិច្ចព្រមព្រៀង មានតម្លៃចន្លោះពី៨៥ទៅ១០០ពាន់លានដុល្លារនេះ ត្រូវបានគេចាត់ទុកថា ជាការបញ្ជាទិញយន្តហោះប្រយុទ្ធប្រភេទតែមួយដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រយោធា ខណៈយន្តហោះនីមួយៗមានតម្លៃប្រហែល១០០លានដុល្លារ។ បន្ថែមពីលើការកសាងសមត្ថភាពការពារជាតិ ក្រុមហ៊ុន Lockheed Martin រំពឹងថា កម្មវិធីនេះ នឹងជួយបង្កើតការងារជាង៣១៧០០០កន្លែង និងបង្កើតចំណូលសេដ្ឋកិច្ចជិត ៨០ពាន់លានដុល្លារ ខណៈក្រុមហ៊ុននេះ នឹងបញ្ចេញថវិកាផ្ទាល់ខ្លួនយ៉ាងហោចណាស់៧ពាន់លានដុល្លារដើម្បីគាំទ្រដល់ដំណើរការផលិត។

យន្តហោះប្រយុទ្ធជំនាន់ទី៥ F-35 នេះ ត្រូវបានរចនាឡើងជាមួយនឹងបច្ចេកវិទ្យាបំបាំងកាយជឿនលឿន និងសមត្ថភាពបំពេញបេសកកម្មពហុភារមុខងារ ទាំងការប្រយុទ្ធពីអាកាសទៅអាកាស ពីអាកាសទៅដី និងការប្រឆាំងនាវាចម្បាំង។ យន្តហោះទាំង៨៥០គ្រឿងនេះ នឹងត្រូវប្រគល់ជូនជាចម្បងទៅឱ្យកងទ័ពអាកាស កងទ័ពជើងទឹក និងកងពលតូចជើងទឹកសហរដ្ឋអាម៉េរិក ដើម្បីជំនួសយន្តហោះប្រយុទ្ធម៉ូឌែលចាស់ៗដូចជា F-15 និង F-16 ព្រមទាំងផ្គត់ផ្គង់ទៅឱ្យបណ្តាប្រទេសជាសមាជិកអង្គការណាតូ ផងដែរ។ គិតត្រឹមឆ្នាំ២០២៦ យន្តហោះ F-35 ជាង ១០០០គ្រឿង ត្រូវបានប្រគល់ជូនដល់ដៃគូជាង២០ប្រទេសទូទាំងពិភពលោក ដោយសហរដ្ឋអាម៉េរិកខ្លួនឯង កំពុងប្រតិបត្តិការជិត ៦០០គ្រឿង និងបានឆ្លងកាត់ការប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធជាក់ស្តែងរួចមកហើយ។

ពេលវេលានៃការចុះកិច្ចព្រមព្រៀងដ៏ធំសម្បើមនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីយុទ្ធសាស្ត្ររារាំងរបស់រដ្ឋធានីវ៉ាស៊ីនតោន ជុំវិញស្ថានភាពភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញ រួមមាន ជម្លោះជាមួយអ៊ីរ៉ង់ ការប្រកួតប្រជែងអំណាចយ៉ាងស្រួចស្រាវជាមួយចិន និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលកំពុងជំរុញឱ្យអង្គការណាតូ និងសហរដ្ឋអាម៉េរិក ស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់។ គោលបំណងចម្បងនៃការពង្រីកសាច់ដុំកម្លាំងប្រយុទ្ធដែនអាកាសនេះ មិនមែនដើម្បីចាប់ផ្តើមសង្គ្រាមលោកលើកទី៣ នោះទេ ប៉ុន្តែគឺដើម្បីបញ្ជូនសារព្រមានយ៉ាងច្បាស់លាស់ទៅកាន់គូប្រជែងឱ្យពិចារណាឱ្យបានល្អិតល្អន់មុននឹងធ្វើសកម្មភាពឈ្លានពានណាមួយ។

ស្របពេលដែលកំពុងពង្រឹងជំហរយោធានៅលើឆាកអន្តរជាតិ សហរដ្ឋអាម៉េរិក ក៏កំពុងដើរឆ្ពោះទៅរកព្រឹត្តិការណ៍នយោបាយផ្ទៃក្នុងយ៉ាងសំខាន់ គឺការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកាខាងមុខ។ ការបោះឆ្នោតនេះ នឹងក្លាយជាសមរភូមិនយោបាយដ៏ស្រួចស្រាវរវាងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ ដើម្បីដណ្តើមការគ្រប់គ្រងសភាអាម៉េរិក នៅក្នុងអំឡុងពេលដ៏សំខាន់នៃអាណត្តិទីរបស់ ត្រាំ។ លទ្ធផលនៃការបោះឆ្នោតនេះ មិនត្រឹមតែកំណត់ទិសដៅនយោបាយក្នុងស្រុករបស់សហរដ្ឋអាម៉េរិកប៉ុណ្ណោះទេ ប៉ុន្តែនឹងបង្កើតឥទ្ធិពលរលកដ៏ធំដល់គោលនយោបាយការបរទេស និងសន្តិសុខពិភពលោកទាំងមូលផងដែរ៕

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត