
រដ្ឋធានីសេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយ KCNA បានរាយការណ៍នៅថ្ងៃសៅរ៍ទី២៤ ខែតុលានេះថា ក្នុងអំឡុងពេលកិច្ចប្រជុំរយៈពេល២ថ្ងៃ នៃមេបញ្ជាការកងអនុសេនាធំនៅរដ្ឋធានីព្យុងយ៉ាង មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យកែប្រែបណ្តាក្រុមហ៊ុនផលិតអាវុធ និងកងអនុសេនាធំនៃកងទ័ពជើងគោក ឱ្យទៅជាអង្គភាពប្រយុទ្ធឆ្នើម និងម្ចាស់ការលើខ្លួនឯង។

ព្រឹត្តិការណ៍នេះ បានគូសបញ្ជាក់ពីអាទិភាពនយោបាយប្រកបដោយការប្តេជ្ញាចិត្តខ្ពស់របស់លោក គីម ក្នុងការពង្រឹងវិស័យយោធា។ ថ្លែងទៅកាន់សន្និសីទនៃមេបញ្ជាការកងអនុសេនាធំសម្រាប់កងទ័ពជើងគោកកូរ៉េខាងជើង ដែលប្រព្រឹត្តទៅពីថ្ងៃទី២២ ដល់២៣ ខែតុលា លោក គីម បានអំពាវនាវឱ្យគ្រប់កងអនុសេនាធំទាំងអស់ រៀបចំខ្លួនឱ្យបានពេញលេញ ដើម្បីអាចសម្រេចបាននូវគោលដៅនៃការកសាងកងទ័ពក្នុងយុគសម័យថ្មី។

មេដឹកនាំកំពូលរបស់កូរ៉េខាងជើងរូបនេះ ថ្លែងថា៖«យើង រួមគ្នាកសាងកងទ័ពដែលខ្លាំងក្លាបំផុត និងពន្លឿនបដិវត្តន៍យោធាតាមបែបបទរបស់យើង»។ សូមរម្លឹកថា នៅក្នុងអំឡុងមហាសន្និបាតលើកទី៩ នៃគណបក្សកាន់អំណាចកូរ៉េខាងជើងកាលពីខែកុម្ភៈ ដែលជាការកំណត់ទិសដៅរបស់ប្រទេសសម្រាប់រយៈពេល៥ឆ្នាំខាងមុខ លោក គីម បានអំពាវនាវឱ្យមានការពង្រឹងកងកម្លាំងប្រដាប់អាវុធសាមញ្ញឱ្យកាន់តែខ្លាំងក្លា ព្រមទាំងបានបញ្ជាក់ឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលផងដែរ៕





