
រាជធានីបាងកក៖ របត់នយោបាយរបស់ប្រទេសថៃ នៅមួយរយៈពេលចុងក្រោយនេះ ត្រូវបានគេមើលឃើញអំពីការរើសអើងជាតិសាសន៍អ៊ីស្រាអែល ទៅតាមអ្វីដែលក្រុមជ្រុលនិយមថៃបានទាមទារ កាលពីពេលកន្លងទៅ។ ថ្មីៗនេះផងដែរ លោក អានុទីន បានបញ្ជាឱ្យដកសញ្ជាតិថៃ ពីពាណិជ្ជករម្នាក់ឈ្មោះ រ៉ាបប៊ី យ៉ូសេហ្វ ឆាម ខានធ័រ (Rabbi Yosef Chaim Kantor) ប្រធានសហគមន៍ជនជាតិជ្វីហ្វ ក្រោមហេតុផល ពីការប្រើប្រាស់លិខិតឆ្លងដែនសហរដ្ឋអាម៉េរិក ក្នុងការធ្វើដំណើរចេញ-ចូលក្រៅប្រទេស...។

សារព័ត៌មាន VN Express International បានចេញផ្សាយនៅព្រឹកថ្ងៃសុក្រទី៣០ ខែតុលានេះថា លោកនាយករដ្ឋមន្ត្រីថៃ បានដកសញ្ជាតិលោក រ៉ាបប៊ី យ៉ូសេហ្វ ឆាម ខានធ័រ ប្រធានសហគមន៍ជ្វីហ្វ ក្រោមហេតុផល ការបន្តនៅប្រើប្រាស់សញ្ជាតិអាម៉េរិក។ លោកនាយករដ្ឋមន្រ្ដី អានុទីន ឆានវីរគុល ដែលជារដ្ឋមន្រ្ដីក្រសួងមហាផ្ទៃថៃ ផងនោះ បានចុះហត្ថលេខាលើបទបញ្ជាមួយនៅថ្ងៃទី២៨ ខែតុលា លើការដកហូតសញ្ជាតិថៃ ពីប្រធានសហគមន៍ជ្វីហ្វ ហើយត្រូវបានសារព័ត៌មាន ខាវសដ ដកស្រង់យកមកចុះផ្សាយ។ លោក រ៉ាបប៊ី យ៉ូសេហ្វ ឆាម ខានធ័រ ប្រធានសហគមន៍ជនជាតិជ្វីហ្វ បានទទួលសញ្ជាតិថៃ តាមសេចក្តីប្រកាសនៅក្នុង Royal Gazette កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៣ ដោយរូបលោកទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ លើកដំបូង នៅថ្ងៃទី២ ខែឧសភា ឆ្នាំដដែលនោះ។

នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) នៃក្រសួងយុត្ដិធម៌ថៃ បញ្ជាក់ថា លោក រ៉ាបប៊ី យ៉ូសេហ្វ ឆាម ខានធ័រ បានដឹកនាំចាបាដ (Chabad) ដែលជាមជ្ឈមណ្ឌលសហគមន៍ជនជាតិជ្វីហ្វ នៅក្នុងប្រទេសថៃ ចាប់តាំងពីឆ្នាំ១៩៩៣ រហូតមក។ គាត់បានប្រើប្រាស់សញ្ជាតិអាម៉េរិកាំង ដើម្បីធ្វើដំណើរចេញ-ចូលប្រទេសអូស្រ្ដាលី ចំនួន១៦លើក និងលើកចុងក្រោយ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។ ស្របគ្នានេះដែរ ក្រសួងមហាផ្ទៃថៃ បានបញ្ជាក់ថា សកម្មភាពបែបនេះ បានរំលោភបំពានលើលក្ខខណ្ឌ នៃការទទួលបានសញ្ជាតិថៃ បន្ទាប់ពីរូបលោក បានទទួលស្គាល់រួចទៅហើយ នៅពេលដាក់ពាក្យស្នើសុំ។ បើតាមច្បាប់ ស្តីពីសញ្ជាតិថៃ ឆ្នាំ១៩៦៥ អនុញ្ញាតឱ្យមានការដកហូតសញ្ជាតិ នៅក្នុងករណីរកឃើញថា ពលរដ្ឋដែលទទួលបានសញ្ជាតិនោះ នៅតែបន្តប្រើប្រាស់សញ្ជាតិដើមរបស់ខ្លួន។

បើតាម Bangkok Biznews រាយការណ៍ថា ក្រសួងយុត្ដិធម៌ថៃ ក៏បានបញ្ជាក់ថា នាយកដ្ឋានស៊ើបអង្កេតពិសេស កំពុងស៊ើបអង្កេតទៅលើជនបរទេសទាំងហ្លាយណា ធ្វើសកម្មភាពនានា អាចប៉ះពល់ដល់សន្ដិសុខ សេដ្ឋកិច្ច និងសង្គមរបស់ថៃ។ រាជរដ្ឋាភិបាលលោក អានុទីន ដែលបានឈ្នះការបោះឆ្នោត កាលពីខែកុម្ភៈ នៅលើវេទិកាជាតិនិយម ជាវេទិកាដំបូងរបស់ប្រទេសថៃ បានចាត់វិធានការដ៏តឹងរ៉ឹងលើអ្នកស្រុក និងភ្ញៀវបរទេសមួយចំនួន បើទោះជាវិស័យទេសចរណ៍ នៅតែមានសារសំខាន់ ចំពោះសេដ្ឋកិច្ចថៃ យ៉ាងណាក៏ដោយ។ បទប្បញ្ញត្តិ ដែលបានដាក់ចេញកាលពីខែសីហា កន្លងទៅថ្មីៗ អនុញ្ញាតឱ្យមានការបណ្តេញជនបរទេសចេញពីប្រទេសថៃ ឱ្យបានកាន់តែឆាប់រហ័ស ប្រសិនបើឥរិយាបថរបស់ពួកគេ ត្រូវបានចាត់ទុកថា ជាការបង្កគ្រោះថ្នាក់ដល់សណ្តាប់ធ្នាប់សាធារណៈ។

ទន្ទឹមនេះ អាជ្ញាធរ ក៏បានបង្កើនការស៊ើបអង្កេតទៅលើអាជីវកម្ម ដែលគ្រប់គ្រងដោយជនបរទេស និងដីធ្លីដែលកាន់កាប់តាមរយៈជនជាតិថៃ ដើរតួជាអ្នកកាន់កាប់ជំនួសឱ្យជនបរទេសផងដែរ។ ក្រុមមន្រ្ដីស៊ើបអង្កេត ក៏បានស្រាវជ្រាវទៅលើ Chabad និងទីតាំងផ្សេងៗទៀត ដែលជាប់ពាក់ព័ន្ធនឹងជនជាតិជ្វីហ្វ នៅក្នុងខែតុលា ខណៈមានការត្រួតពិនិត្យទៅលើអ្នកកាន់កាប់ពាណិជ្ជកម្ម និងអចលនទ្រព្យនៅក្នុងប្រទេសថៃ៕


