ក្រុមហេគឃ័រ វាយលុក​ចូលគ្រប់គ្រងម៉ាស៊ីនមេជាច្រើន​នៅតៃវ៉ាន់​
S
Sinuon Nop
•
5 ម៉ោងមុន

ទីក្រុងតៃប៉ិ៖ បើ​តាមសេចក្ដីរាយការណ៍ថ្មីមួយ បានលើកឡើងថា កោះតៃវ៉ាន់ ក្លាយជាគោលដៅមួយ នៅក្នុងចំណោមគោលដៅ​យុទ្ធនាការវាយលុកតាមប្រព័ន្ធអ៊ិនធើរណេត ​កាលពីពេលថ្មីៗ តាមរយៈចំណុចខ្វះខាតនៃPHP ដើម្បីចូលទៅគ្រប់គ្រង​ម៉ាស៊ីនមេជាច្រើន(Servers)​។ នេះបើតាមសារព័ត៌មាន Taiwan News ចេញផ្សាយនៅព្រឹកថ្ងៃសុក្រទី៣០​ ខែតុលានេះ...។

ក្រុមហ៊ុន AI របស់អ៊ីស្រាអែល ឈ្មោះ Dream ​បានចេញផ្សាយរបាយការណ៍មួយ កាលពីដើមសប្ដាហ៍នេះ ដោយបាន​រៀបរាប់លម្អិត អំពីរបៀបដែលយុទ្ធនាការ​មានជំនួយពី AI នៅក្នុងខែតុលា កំណត់អត្តសញ្ញាណ និងគ្រប់គ្រងពេញលេញលើ​ម៉ាស៊ីនមេ Palo Alto Networks ចំនួន២៥​នៅទូទាំងកោះតៃវ៉ាន់ ជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក។ របាយការណ៍នោះ បានលើកឡើង​ទៀតថា ការជ្រើសរើសគោលដៅបែបនេះ បានបង្ហាញអំពី​កិច្ចខិតខំប្រឹងប្រែងរបស់គូប្រជែង ទៅ​​លើប្រទេស ជាមួយនឹងការ​បន្ថែមថា ប្រទេសទាំងបួននេះ ​ជាគូប្រជែងភូមិសាស្ត្រនយោបាយសំខាន់បំផុតរបស់ប្រទេសចិន។​ យុទ្ធនាការរបស់ក្រុមហេគឃ័រ ​បានប្រើប្រាស់ចំណុចន្លោះប្រហោងចំនួនពីរ នៅក្នុងភាសាសរសេរកម្មវិធី PHP ដែលគេហៅថា «PHP2Shell»។ ហេតុការណ៍នេះ បានជំរុញឱ្យរដ្ឋបាលសន្តិសុខសាយប័រ (ACS) របស់កោះតៃវ៉ាន់ ចេញសេចក្តីអំពាវនាវ កាលពីសប្តាហ៍មុន ដោយបានទាមទារឱ្យមានការធ្វើបច្ចុប្បន្នភាព លើកម្មវិធី (Software updates) នៅតាមស្ថាប័នរដ្ឋ និងក្រុមហ៊ុនអាជីវកម្មនានា។

ចំណុចចន្លោះប្រហោងទាំងនេះ អាចអនុញ្ញាតឱ្យក្រុមហេគឃ័រ ដំណើរការកូដពីចម្ងាយបាន ដោយមិនចាំបាច់មានការផ្ទៀងផ្ទាត់អត្តសញ្ញាណនោះឡើយ។​ នៅក្នុងយុទ្ធនាការវាយលុកតាមប្រព័ន្ធអ៊ិនធើរណេតចុងក្រោយបង្អស់នេះ គឺប្រព័ន្ធបណ្ដាញសន្ដិសុខ​សាយប័រ​ចំនួន២២ នៅក្នុងប្រទេសទាំងបួន ​ដែលក្រុមហេគ​ឃ័របាន​លួចចូលទៅគ្រប់គ្រងនោះ ត្រូវបានគេទុកជាសន្ដិសុខតាមប្រព័ន្ធអ៊ិនធើរណេត ​ដែលលាក់កម្បាំង។ ច្រកទាំងនេះ អនុញ្ញាតឱ្យមានការចូលទៅកាន់ប្រព័ន្ធទាំងនោះឡើងវិញ ហើយ«អាចត្រូវបានគេប្រើប្រាស់ សម្រាប់វាយប្រហារ នៅពេលណាក៏បាន»។ ម៉ាស៊ីនមេ (servers) ចំនួន៣ ដែលស្ថិតនៅក្នុងបរិយាកាសពាក់ព័ន្ធនឹងរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ត្រូវបានគេកំណត់គោលដៅជាក់លាក់ សម្រាប់ការលួចចូលទៅគ្រប់គ្រងកាន់តែ​ខ្លាំង។​ រដ្ឋបាលសន្តិសុខសាយប័រ (ACS) របស់កោះតៃវ៉ាន់ បានបញ្ជាក់កាលពីព្រឹកថ្ងៃសុក្រថា ​បណ្តាក្រុមហ៊ុននានា កំពុងជួសជុលប្រព័ន្ធរបស់ខ្លួន និងធ្វើបច្ចុប្បន្នភាព PHP ដោយសារតែមានចំណុចខ្វះខាតធ្ងន់ធ្ងរមួយចំនួន។

ការរកឃើញទាំងនេះ កើតឡើងបន្ទាប់ពីមានការលើកឡើងពីក្រុមអ្នកជំនាញ អះអាងថា សកម្មភាពទាំងនោះ អាចជាករណីដំបូងគេ ដែល​បានដឹងអំពីការវាយប្រហារតាមប្រព័ន្ធអ៊ិនធើរណេត ដោយស្វ័យប្រវត្តិ​ ទៅលើប្រព័ន្ធរដ្ឋាភិបាលរបស់កោះតៃវ៉ាន់ ដោយប្រើប្រាស់បច្ចេកវិទ្យា AI។ ក្រុមហ៊ុន Dream ដែលបានលាតត្រដាង អំពីប្រតិបត្តិការនេះ កាលពីខែសីហា បានបញ្ជាក់ថា ភស្តុតាងដែលមាន គឺ«ចង្អុលបង្ហាញទៅកាន់ប្រតិបត្តិករ ដែលប្រើប្រាស់ភាសាចិន»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត