
រាជធានីបាងកក៖ កងទ័ពអាកាសភូមា បានប្រើប្រាស់យន្តហោះចម្បាំង ខ្ជាក់ទម្លាក់គ្រាប់បែកទម្ងន់៥០០ផោន ឬ២២៦គីឡូក្រាម ចំនួន២គ្រាប់ លើតំបន់រស់នៅរបស់ជនជាតិភាគតិចការ៉ែន ក្នុងរដ្ឋការ៉ែន កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ដោយបានបំផ្លាញផ្ទះសម្បែង យានយន្ត និងទូក។ នេះបើយោងតាមការអះអាងរបស់មន្ត្រីមូលដ្ឋានថៃម្នាក់ ដែលត្រូវបានចុះផ្សាយដោយកាសែតខាវសត។

លោក ផុងពិផាត់ មីបេនចាម៉ាស់ (Phongpipat Meebenjamas) ដែលជាមេឃុំម្នាក់នៅខេត្តម៉ែហុងសុន (Mae Hong Son) បានអះអាងថា យន្តហោះចម្បាំង MiG-29 របស់កងទ័ពអាកាសភូមា បានបើកការវាយប្រហារតម្រង់ទិសដៅលើភូមិមួយក្នុងរដ្ឋការ៉ែន ដែលស្ថិតនៅទល់មុខឃុំសៅហ៊ីន (Sao Hin) ក្នុងស្រុកម៉ែសារៀង (Mae Sariang) ខាងថៃ។ លោកបន្តថា ផ្ទះចំនួន២ខ្នង រថយន្ត១គ្រឿង ម៉ូតូ១គ្រឿង និងទូកកន្ទុយវែង១គ្រឿង ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។ ទោះជាយ៉ាងណា ប្រជាពលរដ្ឋបានជម្លៀសខ្លួនប្រហែល៥ម៉ោងមុនពេលមានការទម្លាក់គ្រាប់បែក បន្ទាប់ពីទទួលបានការព្រមានជាមុនពីកងពលធំទី៥ របស់ក្រុមការ៉ែន។

ការវាយប្រហារនេះ ក៏បានរំខានដល់ពាណិជ្ជកម្មឆ្លងដែនរវាងថៃ-ភូមាផងដែរ។ ប្រជាពលរដ្ឋថៃនៅក្បែរព្រំដែនបានអះអាងថា អ្នកភូមិការ៉ែន មិនបានឆ្លងដែនមកទិញទំនិញប្រើប្រាស់នៅផ្សារពួកគេនោះទេ ដោយសារតែព្រួយបារម្ភពីការវាយប្រហារតាមអាកាសបន្ថែមទៀត មកលើផ្លូវធ្វើដំណើររបស់ពួកគេ។ របាយការណ៍ បានបង្ហាញថា ការវាយប្រហារតាមអាកាសលើរដ្ឋការ៉ែន ក្បែរទន្លេសាលវីន (Salween) តាមបណ្តោយព្រំដែនថៃ បានបន្តកើតមានឡើង ចំពេលមានការប្រយុទ្ធគ្នាយ៉ាងស្រួចស្រាវរវាងកងកម្លាំងភូមា និងកងទ័ពការ៉ែន នៅជុំវិញទីប្រជុំជនប៉ាប៉ុន (Hpapun)។

សូមជម្រាបថា មុនពេលមានការវាយប្រហារចុងក្រោយនេះ អង្គភាពស៊ើបការណ៍សម្ងាត់របស់ក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន បានព្រមានអំពីសកម្មភាពផ្លាស់ប្ដូរទីតាំងយន្តហោះយោធាភូមានៅអាកាសយានដ្ឋានតួងហ្គោ (Taungoo) និងប្រតិបត្តិការផ្លូវអាកាសដែលអាចតម្រង់ទិសដៅលើប្រជាពលរដ្ឋក្នុងតំបន់ភូមិផាថា (Phatha) ដែលធ្វើឱ្យអ្នកភូមិអាចចាកចេញពីទីតាំងបានមុនពេលការវាយប្រហារមកដល់៕



