
រាជធានីបាងកក៖ កូនប្រុសរបស់លោកស្រី អ៊ុងសាន ស៊ូជី អតីតមេដឹកនាំភូមា ដែលកំពុងឃុំខ្លួន បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ទី២២ ខែតុលាថា លោកបាននិយាយទូរសព្ទជាមួយម្តាយជាលើកដំបូង ក្នុងរយៈពេលជាង៥ឆ្នាំ ខណៈលោកស្រីនៅតែបន្តស្ថិតក្រោមការឃុំឃាំងនៅក្នុងផ្ទះ...។

លោក គីម អេរីស (Kim Aris) បានអះះអាងថា លោកបាននិយាយផ្ទាល់ជាមួយលោកស្រី ស៊ូជី ដែលជាច្រើនឆ្នាំមកនេះ លោកទទួលបានត្រឹមតែព័ត៌មាន និងមិនមានភាពប្រាកដប្រជា អំពីម្តាយដែលមានវ័យដល់ទៅ៨១ឆ្នាំនោះឡើយ។ លោក អេរីស ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការបានឮសំឡេងគាត់ម្ដងទៀត មានន័យធំធេងណាស់សម្រាប់ខ្ញុំ ដែលមិនអាចពិពណ៌នាជាពាក្យពេចន៍បានឡើយ»។ អ្នកនាំពាក្យរបស់ប្រធានាធិបតី គាំទ្រដោយយោធាភូមា បាននិយាយលើបណ្តាញសង្គមថា លោក អេរីស បាននិយាយជាមួយលោកស្រី ស៊ូជី តាមទូរសព្ទផ្លូវការ តាមរយៈស្ថានទូតភូមានៅរាជធានីឡុងដ៍ ដោយបានចែករំលែករូបថតដាច់ដោយឡែកពីគ្នារបស់អ្នកទាំង២។

លោក អេរីស និយាយថា៖«គាត់នៅតែត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ ហើយការសន្ទនាតែមួយលើក មិនអាចស្តារពេលវេលាច្រើនឆ្នាំ ដែលត្រូវបានប្លន់យកពីគាត់ ឬសិទ្ធិដែលគាត់នៅតែត្រូវបានគេបដិសេធនោះឡើយ»។ លោកបន្ថែមថា៖«ការទាក់ទងលក្ខណៈគ្រួសារជាទៀងទាត់ ផ្ទាល់ និងឯកជន ព្រមទាំងការទទួលបានការថែទាំវេជ្ជសាស្ត្រឯករាជ្យ ត្រូវតែត្រូវបានធានា»។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ព័ត៌មានតិចតួចណាស់ ដែលបានលេចឡើងអំពីសុខភាព និងសុខុមាលភាពរបស់លោកស្រី បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ក្នុងចំណោមអ្នកគាំទ្រ និងរដ្ឋាភិបាលបរទេស។ លោក អេរីស បានបញ្ជាក់ថា៖«រឿងសំខាន់បំផុត ម្តាយរបស់ខ្ញុំ និងអ្នកទោសនយោបាយទាំងអស់ ត្រូវតែត្រូវបានដោះលែងបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។ សេរីភាពមិនមែនជាការប្រទានឱ្យ ឬជាការសប្បុរស ដែលត្រូវយកមកចរចានោះឡើយ»។

លោកស្រី ស៊ូជី ត្រូវបានផ្ទេរទៅឃុំខ្លួននៅក្នុងផ្ទះវិញ កាលពីខែមេសា បន្ទាប់ពីការបោះឆ្នោតរៀបចំដោយយោធា ដែលជាមេដឹកនាំរដ្ឋប្រហារ លោក មីន អ៊ុងឡាំង។ បច្ចុប្បន្ន លោកស្រីកំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេល១៨ឆ្នាំ លើបទចោទប្រកាន់ជាច្រើន ចាប់ពីការញុះញង់ និងអំពើពុករលួយ រហូតដល់ការកេងបន្លំការបោះឆ្នោត និងការរំលោភច្បាប់ការពារការសម្ងាត់រដ្ឋ ដែលបទចោទប្រកាន់ទាំងអស់នេះ ត្រូវបានលោកស្រីគ្រវីដៃបដិសេធ។ លោកស្រី ស៊ូជី គឺជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព ត្រូវបានឃុំខ្លួនចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ មកម្ល៉េះ នៅពេលដែលយោធាភូមា បាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី និងចាប់ខ្លួនមេដឹកនាំស៊ីវិល ក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបនាព្រឹកព្រលឹម។ រដ្ឋប្រហារនេះ បានបង្កឱ្យមានការតវ៉ានៅទូទាំងប្រទេស ដែលបានវិវត្តទៅជាចលនាតស៊ូប្រដាប់អាវុធ និងបានពន្លិចប្រទេសដ៏ក្រីក្រមួយនេះ ទៅក្នុងសង្គ្រាមស៊ីវិល ដែលបានសម្លាប់មនុស្សប្រហែល ១សែននាក់ និងធ្វើឱ្យមនុស្សរាប់លាននាក់ បាត់បង់ទីជម្រក៕




