យោធាភូមាបើកឆាកប្រយុទ្ធគ្នាជាមួយក្រុមការ៉ែន គ្រា.ប់ផ្លោងរំលងព្រំដែនបណ្ដាលឱ្យស្ត្រីថៃម្នាក់រងរបួ.ស ខណៈយោធាថៃបា.ញ់ព្រមានតបវិញ
ហៀប ស៊ីថេត
•
មួយថ្ងៃមុន

ព្រំដែនថៃ-ភូមា៖ ស្ថានការណ៍ប្រយុទ្ធគ្នាតាមបណ្តោយព្រំដែនថៃ-ភូមា បានផ្ទុះឡើងយ៉ាងស្រួចស្រាវខ្លាំងបំផុត គិតត្រឹមព្រឹកព្រលឹមថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦នេះ។ ការវាយប្រហារគ្នាដោយអាវុធធុនធ្ងន់ៗ និងដ្រូននៅក្នុងទឹកដីភូមា បានបណ្ដាលឱ្យគ្រាប់ផ្លោងឆ្លងដែនធ្លាក់ចូលផ្ទះមួយខ្នងក្នុងទឹកដីថៃ បង្កឱ្យប្រជាជនភ័យស្លន់ស្លោ និងជម្លៀសខ្លួនរត់រកតែប្រាសអាយុ ខណៈស្ត្រីថៃម្នាក់បានរងរបួសដោយសារអំបែងគ្រាប់។ ឃើញស្ថានការណ៍មិនស្រួល យោធាថៃបានបាញ់គ្រាប់ព្រមានឆ្លើយតបវិញ និងដាក់ការឃ្លាំមើល២៥ម៉ោងលើ២៤ម៉ោង។

រូបភាព៖ Amrin TV
រូបភាព៖ Amrin TV

ស្ត្រីរងគ្រោះវ័យ៥៥ឆ្នាំ ដែលកំពុងសម្ងំនៅក្នុងផ្ទះក្នុងភូមិហ៊ួយមហាវង្ស (Huai Mahawong) ស្រាប់តែអំបែងគ្រាប់បានផ្ទុះទៅត្រូវចំរាងកាយ។ ស្ត្រីរូបនោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យស្រុកម៉ែសូត្រភ្លាមៗ។ ការផ្ទុះនេះ បានបង្កឱ្យអ្នកភូមិថថៃក្បែរនោះ ភិតភ័យជាខ្លាំង និងបានប្រញាប់ប្រញាល់ជម្លៀសខ្លួនចេញពីតំបន់ប្រឈមគ្រោះថ្នាក់នោះ ដើម្បីស្វែងរកកន្លែងសុវត្ថិភាព។ ការប្រយុទ្ធគ្នា ត្រូវបានរាយការណ៍ថា កើតឡើងនៅជិតភូមិមីនឡាប៉ា (Min La Pa) ក្នុងឃុំម្យ៉ាវ៉ាឌី (Myawaddy) រដ្ឋការ៉ែន ដែលស្ថិតនៅទល់មុខសហគមន៍ព្រំដែនថៃ។ កងកម្លាំងយោធាភូមាជាច្រើន បានបើកការឡោមព័ទ្ធ និងវាយប្រហារយ៉ាងធ្ងន់ធ្ងរលើភូមិនេះ ដែលជាតំបន់គ្រប់គ្រងដោយក្រុមផ្តាច់ខ្លួនការ៉ែន ដោយភាគីទាំងសងខាង បានប្រយុទ្ធគ្នា ដោយប្រើប្រាស់កាំភ្លើងប្រយុទ្ធ អាវុធធុនធ្ងន់ និងដ្រូនវាយប្រហារទម្លាក់គ្រាប់បែកតាមអាកាសថែមទៀតផង។

ជុំវិញហេតុការណ៍នេះ កងកម្លាំងពិសេសរាជមនូ (Rajamanu) របស់ថៃ ក្រោមបញ្ជាការដ្ឋានកងកម្លាំងនរេសួន (Naresuan Force) បានបាញ់គ្រាប់ព្រមានជាការឆ្លើយតបទៅនឹងស្ថានការណ៍។ កងកម្លាំងពិសេសថៃ បានសម្របសម្រួលជាមួយមន្ត្រីស្រុកម៉ែសូត្រ ប៉ូលិសការពារព្រំដែន វរវរសេនាតូចលេខ៣៤៦ និងក្រុមសន្តិសុខភូមិ ដើម្បីរក្សាសន្តិសុខ និងការពារប្រជាពលរដ្ឋ ព្រមទាំងពង្រឹងវិធានការការពារអធិបតេយ្យភាពខ្លួន។ អាជ្ញាធរថៃបានបញ្ជាក់ថា កងកម្លាំងសន្តិសុខនៅតែបន្តឈរជើងបំពេញភារកិច្ច២៤ម៉ោងលើ២៤ម៉ោង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត