
គុនខ្មែរ៖ ព្រឹត្តិការណ៍ Knockout Black កាលពីថ្ងៃទី០៥កញ្ញាកន្លងទៅនៅប្រទេសជប៉ុន ក្រុមអត្តពលិកគុនខ្មែរ៣រូប ទទួលលទ្ធផលមិនសូវគាប់ចិត្ត ដោយកីឡាករ ម៉ឺន មេឃា ចាញ់សន្លប់ទឹក២, ឯកីឡាករ គោរមៈ ចន្ទរាជ ចាញ់ពិន្ទុប្រផិតប្រផើយ និងមានតែកីឡាករ អេ អាម៉ារីន ម្នាក់ប៉ុណ្ណោះ ដែលបានផ្តួលដៃគូសន្លប់ទឹក២ វិញ។ ពេលនេះ អ្នកគាំទ្រកំពុងដាក់ការរំពឹងទុក និងសង្ឃឹមយ៉ាងមុតមាំលើកីឡាករគុនខ្មែរ២រូបទៀត ដែលនឹងចេញទៅដណ្ដើមខ្សែក្រវាត់ នៅព្រឹត្តិការណ៍ប្រដាល់ឃីកបុកស៊ីងលំដាប់ពិភពលោក K-1 World Max 2026...។

ព្រឹត្តិការណ៍ប្រដាល់ដ៏ធំ ដែលមានអ្នកតាមដានទូទាំងពិភពលោកមួយនេះ មានកីឡាករកម្ពុជា លន បញ្ញា នឹងត្រូវប្រកួតជម្រុះវគ្គ១៦នាក់ចុងក្រោយ ក្នុងប្រភេទទម្ងន់ ៧០គីឡូក្រាម ដោយត្រូវតតាំងជាមួយកីឡាករម្ចាស់ផ្ទះជប៉ុន កាហ្ស៊ូគិ ម៉ាត់ស៊ូម៉ូតូ (Kazuki Matsumoto)។ កីឡាករ ធន់ ម៉េងហុង នឹងត្រូវជួបប្រកួតជាមួយកីឡាករជប៉ុន តូម៉ូយ៉ា យូកូយ៉ាម៉ា (Tomoya Yokoyama) ដណ្ដើមខ្សែក្រវាត់ពិភពលោក K-1 ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ដែលការប្រកួតដ៏ស្វិតស្វាញនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ នៅឯប្រទេសជប៉ុន។

កាន់តែពិសេស និងជាដំណឹងដ៏រីករាយបំផុតសម្រាប់បងប្អូនពលករ សិស្ស និស្សិត និងប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសជប៉ុន សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា បានឧបត្ថម្ភសំបុត្រចូលទស្សនាផ្ទាល់ចំនួន២០០សន្លឹក ដើម្បីឱ្យអ្នកគាំទ្រខ្មែរបានចូលរួមទស្សនា និងលើកទឹកចិត្តដល់កីឡាករប្រដាល់គុនខ្មែរទាំងពីររូប។ ការឧបត្ថម្ភដ៏ថ្លៃថ្លានេះ មិនត្រឹមតែជាការជួយកាត់បន្ថយការចំណាយថវិកា លើការទិញសំបុត្រចូលទស្សនាដល់បងប្អូនខ្មែរនៅទីនោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចិត្ត និងជាសន្ទុះយ៉ាងសំខាន់ ជំរុញឱ្យកីឡាករគុនខ្មែរទាំងពីររូប ខិតខំពុះពារប្រកួតដណ្ដើមយកជ័យជម្នះនៅលើសង្វៀនលំដាប់ពិភពលោកមួយនេះ ជូនជាតិមាតុភូមិវិញផងដែរ៕





