មុនជួប លន បញ្ញា ដណ្តើមខ្សែក្រវាត់ K-1 WORLD MAX 2026 មកស្គាល់ពីប្រវត្តិ Zack Pankhurst បន្តិចសិន
Chanmarady Chuon
2 ថ្ងៃមុន

គុនខ្មែរ៖ បុរសកូនកាត់អូស្ត្រាលី/អ៊ូហ្គង់ដា កីឡាករ ហ្សេក ប៉េងឃឺសត៍ Zack Pankhurst បានផ្តួលកីឡាករ Winner PK Saenchai ឡើងមកវគ្គ៨នាក់ចុងក្រោយនៃព្រឹត្តិការណ៍ដណ្តើមខ្សែក្រវាត់ K-1 WORLD MAX 2026 នៅប្រទេសជប៉ុន នាខែធ្នូ ឆ្នាំ២០២៦នេះ ដោយប្រកួតដំបូងត្រូវជួប កីឡាករគុនខ្មែរ លន បញ្ញា។ ដើម្បីដឹងប្រវត្តិកីឡាករកូនកាត់អូស្ត្រាលី/អ៊ូហ្គង់ដានេះខ្លាំងកម្រិតណា តស់មកតាមដានជាមួយ SBM News ទាំងអស់គ្នា...។

កីឡាករ ហ្សេក ប៉េងឃឺសត៍ គឺជាកីឡាករប្រដាល់ឃីកបុកស៊ីងអាជីព និងហាត់គុនចម្លងរបស់ផ្ទះលេខពីរ មានឈាមជ័រអូស្ត្រាលី-អ៊ូហ្គង់ដា កើតនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០០២ មានកម្ពស់រហូតដល់១,៨៣សង់ទីម៉ែត្រ។ រូបគេធ្លាប់ប្រកួតក្នុងប្រភេទទម្ងន់ Lightweight ដល់ Super-Welterweight កីឡាករកូនកាត់រូបនេះ ចេញប្រកួតតំណាងឱ្យទីក្រុងប៊្រីសបេន (Brisbane) នៅប្រទេសអូស្ត្រាលី ជ្រកក្រោមក្លិប Taylormade មួយថៃ។

ថ្មីៗនេះ កីឡាករ ហ្សេក ប៉េងឃឺសត៍ បានបង្ហាញសមត្ថភាពគួរឱ្យចាប់អារម្មណ៍នៅលើសង្វៀនឃីកបុកស៊ីងកម្រិតពិភពលោក តាមរយៈការឆ្លងផុតវគ្គជម្រុះ១៦នាក់ចុងក្រោយ ដោយបានឆ្លងទៅវគ្គ៨នាក់ចុងក្រោយនៃព្រឹត្តិការណ៍ K-1 WORLD MAX 2026 ក្រោយដណ្តើមកៅអីពីកីឡាករថៃ Winner PK Saenchai។ គេបានបង្ហាញសមត្ថភាពយ៉ាងលេចធ្លោលើការប្រកួតជម្រុះប្រភេទទម្ងន់៧០គីឡូក្រាម នៅអូស្ត្រាលី និងក្លាយជាកីឡាករអូស្ត្រាលីដំបូងគេបង្អស់ ដែលបានឈានជើងដល់វគ្គកំពូលនេះ។ ទន្ទឹមនេះ កីឡាករ ហ្សេក ប៉េងឃឺសត៍ គឺជាម្ចាស់ខ្សែក្រវាត់ WBC មួយថៃ ប្រភេទទម្ងន់ Super Welterweight (69.85kg)ផងដែរ។ ក្រៅពីអាជីពជាកីឡាករ រូបគេក៏ជាគ្រូបង្វឹក និងជាអ្នកកាន់ស៊ីបដ៏មានជំនាញនៅក្លិបផ្ទាល់ខ្លួនមួយ ដោយផ្តោតលើការបង្រៀនបច្ចេកទេស និង Fight IQ ឆ្លាតវៃ។

ចំពោះការប្រកួតវគ្គជម្រុះ១៦នាក់ចុងក្រោយ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ កីឡាករ ហ្សេក ប៉េងឃឺសត៍ បានប្រកួតយ៉ាងតឹងតែង ដោយបានទាត់ចូលកញ្ចឹង-កកីឡាករថៃ ឱ្យអាជ្ញាកណ្ដាលរាប់នៅទឹកទី១។ យ៉ាងណារូបគេ ត្រូវដៃគូវាយឱ្យរាប់វិញនៅទឹកទី៣ តែរូបគេនៅតែអាចយកឈ្នះពិន្ទុពីកីឡាករថៃដដែល។ ដោយឡែក ងាកមកមើលកីឡាករតំណាងជាតិកម្ពុជា ដែលរហស្សនាមគ្រូម៉ៅចាប់ខ្មោច លន បញ្ញា វិញ រូបគេ ក៏បានបំបាក់កីឡាករម្ចាស់ផ្ទះជប៉ុន កាហ្ស៊ូគិ ម៉ាត់សូហ្ស៊ូគិ (Kazuki Matsumoto) ដោយពិន្ទុដូចគ្នា និងបានឡើងមកជួបកីឡាករ ហ្សេក ប៉េងឃឺសត៍។  គួរជ្រាបថា ក្នុងជំនួបដ៏ក្ដៅគគុក និងជាបេក្ខភាពដណ្តើមខ្សែក្រវាត់ពិភពលោក រវាងអ្នកលេងគុនខ្មែរ លន បញ្ញា និងកីឡាករហាត់ក្បាច់គុនផ្ទះលេខពីរ កីឡាករ ហ្សេក ប៉េងឃឺសត៍ នឹងត្រូវធ្វើឡើងនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខ នៅទីក្រុងយូកូហាម៉ា ប្រទេសជប៉ុន ដែលអ្នកឈ្នះនឹងឡើងទៅជុំបន្ត ពោលគឺប្រកួតវិលជុំដើម្បីឡើងទៅដណ្តើមខ្សែក្រវាត់ K-1 WORLD MAX 2026 នៅវគ្គផ្តាច់ព្រ័ត្រ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត