ឱកាសល្អ! អាម៉េរិកដាក់លក់ក្បែររបងកម្ពុជា៖ ប្រព័ន្ធបាញ់មីស៊ីល-បាញ់គ្រាប់រ៉ុក្កែត កាំភ្លើងធំ រថពាសដែក យន្តហោះយោធា និងសព្វាវុធទំនើបៗជាច្រើនទៀត
Mao Sopha
•
43 នាទីមុន

រដ្ឋធានីហាណូយ៖ សហរដ្ឋអាម៉េរិក គ្រោងនាំយកសព្វាវុធ សម្ភារយោធា និងបច្ចេកវិទ្យាការពារជាតិទំនើបៗ មកដាក់តាំងបង្ហាញក្នុងពិព័រណ៍ការពារជាតិអន្តរជាតិលើកទី៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៦ ក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាម។ ផែនការនេះ ត្រូវបានលើកឡើងក្នុងជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីសង្គ្រាមអាម៉េរិក និងរដ្ឋមន្ត្រីការពារជាតិវៀតណាម។ 

សារព័ត៌មាន VnExpress International របស់វៀតណាម ចុះផ្សាយនៅថ្ងៃទី២៩ ខែតុលា ថា លោក ផាន វ៉ាន់យ៉ាង (Phan Van Giang) ឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីការពារជាតិវៀតណាម បានជួបពិភាក្សាជាមួយលោក ភីត ហេកសេត (Pete Hegseth) រដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក ក្នុងឱកាសទៅចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អាម៉េរិក នៅទីក្រុងសេប៊ូ (Cebu) ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៨ ខែតុលា។ លោក ផាន វ៉ាន់យ៉ាង បានស្វាគមន៍ផែនការរបស់សហរដ្ឋអាម៉េរិក ក្នុងការនាំយកសម្ភារយោធាទំនើបៗមកដាក់បង្ហាញក្នុងពិព័រណ៍ ដែលរៀបចំដោយក្រសួងការពារជាតិវៀតណាម។ ពិព័រណ៍ដ៏ពិសេសនេះ នឹងមានការចូលរួមពីក្រុមហ៊ុនឧស្សាហកម្មការពារជាតិរបស់វៀតណាម និងប្រទេសជាច្រើនទៀត។

សេចក្តីរាយការណ៍របស់សារព័ត៌មាន Vietnam Net និង Vietnam News បានឱ្យដឹងថា យុទ្ធោបករណ៍សម្រាប់បម្រើដល់យោធា និងប្រើក្នុងសឹកសង្គ្រាម ដែលសហរដ្ឋអាម៉េរិក គ្រោងដាក់តាំងបង្ហាញក្នុងពិព័រណ៍នេះ រួមមាន ប្រព័ន្ធបាញ់មីស៊ីល-បាញ់គ្រាប់រ៉ុក្កែត ប្រភេទ HIMARS (ហាយម៉ាស), កាំភ្លើងធំប្រភេទ M777 ទំហំ១៥៥មិល្លីម៉ែត្រ, រថពាសដែកប្រភេទ Stryker (ស្ត្រាយឃើ), យន្តហោះដឹកជញ្ជូនយោធាប្រភេទ C-130J, និងនៅមានប្រភេទអាវុធ ឬសម្ភារសឹកផ្សេងៗទៀត។​ ចំពោះ ប្រព័ន្ធ HIMARS! ប្រភពនានា បង្ហាញថា បើដាក់គ្រាប់មីស៊ីល អាចបាញ់បានចម្លាយពី៣០០ ទៅ៤០០គីឡូម៉ែត្រ, បើដាក់គ្រាប់រ៉ុក្កែត​ អាចបាញ់បានពី៧០ ទៅ៩០គីឡូម៉ែត្រ។ 

ក្នុងជំនួបទ្វេភាគី រដ្ឋមន្ត្រីទាំងពីរ បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាម និងសហរដ្ឋអាម៉េរិក មានការរីកចម្រើនជាវិជ្ជមាន ជាពិសេសលើការសន្ទនាផ្នែកការពារជាតិ ឧស្សាហកម្មការពារជាតិ វេជ្ជសាស្ត្រយោធា និងការដោះស្រាយផលវិបាកពីសង្គ្រាម។ ភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរព័ត៌មាន និងវត្ថុអនុស្សាវរីយ៍ពីសម័យសង្គ្រាម ដើម្បីជួយដល់ការស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុទាហានវៀតណាម ដែលបានស្លាប់ក្នុងសង្គ្រាមកាលពីអតីតកាល។ ក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អាម៉េរិក លោក ភីត ហេកសេត ប្រកាសជាថ្មី នៅចំពោះមុខមន្រ្តីយោធាដែលមកពីបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ាន ថា សហរដ្ឋអាម៉េរិក គាំទ្រអាស៊ាន និងត្រៀមខ្លួនពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយប្រទេសក្នុងតំបន់នេះ ជាពិសេស សន្តិសុខដែនសមុទ្ទ ការតាមដានស្ថានការណ៍នៅសមុទ្ទ ការហ្វឹកហ្វឺនរួម និងការកសាងទំនុកចិត្តដើម្បីទប់ស្កាត់ជម្លោះ។

ត្រឡប់មកនិយាយពីការតាំងពិព័រណ៍អាវុធ! វៀតណាម បានរៀបចំការតាំងពិព័រណ៍អន្តរជាតិនេះ២លើករួចមកហើយ នាពេលកន្លងមក គឺនៅឆ្នាំ២០២២ និងនៅឆ្នាំ២០២៤។ សម្រាប់ពិព័រណ៍លើកទី៣ នៅឆ្នាំ២០២៦នេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍរួម»។ តើជាឱកាសល្អសម្រាប់កម្ពុជាឬ..? ក្នុងកិច្ចសម្ភាសជាមួយអង្គភាពសារព័ត៌មាន SBM News តាមទូរសព្ទ នៅថ្ងៃទី៣០ ខែតុលា លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លើកឡើងថា មន្រ្តីកម្ពុជា គួរទៅចូលរួមការតាំងពិព័រណ៍នេះ ហើយពិនិត្យមើលអាវុធណាខ្លះ ដែលសក្តិសមនឹងកម្ពុជា ដើម្បីទិញយកការពារខ្លួន ប៉ុន្តែមិនត្រូវបង្ហាញឱ្យគេដឹងជាសាធារណៈថា ទិញអាវុធអ្វីខ្លះនោះទេ។ 

លោក សង្កត់ធ្ងន់ថា ក្នុងកាលៈទេសៈដែលត្រូវការពារដែនអធិបតេយ្យបែបនេះ រាជរដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវចំណាយក្នុងការទិញអាវុធ (ដែលសមស្រប) ដោយមិនចាំបាច់ត្រូវពិចារណាឡើយ។ អ្នកតាមដានស្ថានការណ៍សង្គមរូបនេះ បង្ហាញទស្សនៈយ៉ាងដូច្នេះថា៖«កាលណាយើងមានកម្លាំង យើងអាចការពារជាតិបាន កាលណាយើងគ្មានកម្លាំង គេនឹងរំលោភបំពានយើង»។ លោក បង្ហាញការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសមត្ថភាពកងកម្លាំង និងសមត្ថភាពការពារជាតិ។ សូមរម្លឹករឿងដ៏សំខាន់មួយ! កាលពីខែកុម្ភៈ ឆ្នាំ២០២៦ សហរដ្ឋអាម៉េរិក បានសម្រេចដកឈ្មោះប្រទេសកម្ពុជា ចេញពីបញ្ជីមិនលក់អាវុធឱ្យ មានន័យថា មហាអំណាចមួយនេះ យល់ព្រមលក់ឱ្យវិញ បើកម្ពុជាចង់ទិញ។ លោក សេក សុជាតិ ផ្តល់យោបល់ត្រង់កន្លែងនេះថា កម្ពុជា គួររក្សាឱកាសនេះ ហើយចងសម្ព័ន្ធភាពជាមួយសហរដ្ឋអាម៉េរិក ក្នុងវិស័យការពារជាតិឱ្យបានល្អឡើងវិញ ដូចជា ការធ្វើសមយុទ្ធជាមួយគ្នា និងការជួយមើលថែគ្នាក្នុងរយៈពេលវែង។ លោក យល់ឃើញថា បើកម្ពុជាមិនយកចិត្តទុកដាក់ត្រង់ចំណុចនេះទេ គឺស្មើនឹងបោះបង់ការទទួលបានសព្វាវុធពីសហរដ្ឋអាម៉េរិក។ 

ការពង្រឹងសព្វាវុធ គឺជារឿងសំខាន់បំផុតមួយសម្រាប់កម្ពុជា ខណៈថៃមិនទាន់បញ្ឈប់សកម្មភាពឈ្លានពាន ចូលមកក្នុងទឹកដីកម្ពុជា។ ម្យ៉ាង ថៃក៏មិនភ្លេចខ្លួនដែរ គឺតែងបង្ហាញផែនការពង្រឹងសមត្ថភាពកងទ័ពខ្លួន និងរៀបចំកញ្ចប់ថវិកា សម្រាប់ទិញអាវុធទំនើបៗបន្ថែម។ មិនមែនត្រឹមតែអាវុធសម្រាប់ប្រយុទ្ធលើគោក និងយន្តហោះចម្បាំងនោះទេ តែថៃ ក៏កំពុងសម្លឹងរកទិញនាវាចម្បាំងផងដែរ ពិសេស បន្ទាប់ពីឃើញកម្ពុជា ទទួលបាននាវាចម្បាំងពីមហាយក្សចិន នាពេលកន្លងមក។ ចាប់តាំងពីថៃបង្កសង្គ្រាម និងបើកការឈ្លានពាន២លើកមក កម្ពុជា ក៏ចាប់ផ្តើមបង្កើនថវិកាជាតិ ហើយការចំណាយ ផ្តោតខ្លាំងលើវិស័យការពារជាតិ ទឹកដី និងដែនអធិបតេយ្យ។ នៅឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនថវិកាជាតិច្រើនជាងឆ្នាំ២០២៥ ហើយឈានចូលឆ្នាំ២០២៧ខាងមុខ ថវិកាជាតិ ក៏នឹងត្រូវកើនច្រើនជាងឆ្នាំ២០២៦។

សម្រាប់ថវិកាជាតិសម្រាប់ចំណាយក្នុងឆ្នាំ២០២៧ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានចំនួនសរុបជិត១១ពាន់លានដុល្លារអាម៉េរិក។ គណៈរដ្ឋមន្រ្តី កំណត់ថា ថវិកាជាតិឆ្នាំ២០២៧ ផ្តល់អាទិភាពលើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងការបន្តរក្សាលំនឹងសេដ្ឋកិច្ច-សង្គម៕      

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត