គ្រួសារកុមារារងគ្រោះបាត់បង់ភ្នែកម្ខាង ស្នើតុលាការកំពូលពន្លឿននីតិវិធី លើសំណុំរឿងភាពធ្វេសប្រហែសរបស់សាលាសុវណ្ណភូមិ
ហាក់ អ៊ីឌី
•
4 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រុមគ្រួសារនៃកុមារារងគ្រោះ បាត់បង់ភ្នែកម្ខាង ដោយសារការធ្វេសប្រហែសរបស់បុគ្គលិកសាលារៀនសុវណ្ណភូមិកំលុងពេលសិក្សា បានចេញមុខស្នើសុំយ៉ាងទទូចដល់ តុលាការកំពូល មេត្តាជួយពន្លឿនចំណាត់ការលើសំណុំរឿងខាងលើ កុំអូសបន្លាយពេលយូរបន្តទៀត ដើម្បីផ្តល់ភាពយុត្តិធម៌ ស្អាតស្អំ និងទាន់ពេលវេលាជូនដល់កុមារារងគ្រោះ...។

តុលាការកំពូល
តុលាការកំពូល

ថ្លែងប្រាប់អង្គភាពសារព័ត៌មាន SBM News នៅព្រឹកថ្ងៃទី៣០ ខែតុលា​ ឆ្នាំ២០២៦ លោកស្រី សន កញ្ញា ម្ដាយកុមារារងគ្រោះ បានឱ្យដឹងថា ភ្នែកខាងឆ្វេងរបស់កូនលោកស្រី ត្រូវពិការពេញមួយជីវិត ដោយសារ “ភាពធ្វេសប្រហែសរបស់សាលាសុវណ្ណភូមិ សាខាចំការដូងទី១”។ អ្វីដែលឈឺចាប់ជាងនេះ គឺម្ចាស់សាលាសុវណ្ណភូមិ គ្មានទំនួលខុសត្រូវ ដោយបានអូសបន្លាយរឿងក្ដីរហូតដល់តុលាការកំពូល អស់រយៈពេល២ឆ្នាំមកហើយ។ លោកស្រី បន្តថា រហូតមកដល់ពេលនេះ កុមារារងគ្រោះមិនទាន់ទទួលបានសំណង ឬការទទួលខុសត្រូវណាមួយឡើយ។ លោកស្រី ផ្តល់ជាសំណួរថា តើសាលារៀនសុវណ្ណភូមិសាខាចម្ការដូងទី១ ជាកន្លែងសុវត្ថិភាព ឬជាកន្លែងបំបាត់អនាគតក្មេង..? តើត្រូវឱ្យគ្រួសាររងគ្រោះ ទ្រាំឈឺចាប់ និងរង់ចាំដល់ពេលណា?..។ «យើងខ្ញុំជាឪពុកម្តាយ សូមគោរពស្នើសុំតុលាការកំពូល ជួយផ្តល់យុត្តិធម៌ពិតប្រាកដដល់កុមារារងគ្រេាះ និងសូមកុំអូសបន្លាយពេលវេលាបន្តទៅទៀត»។ នេះជាការបញ្ជាក់របស់ម្តាយកុមារារងគ្រោះ។

រូបភាព កុមារា ញុឹប ចេស្ដា ដែលត្រូវរបួសភ្នែក 
រូបភាព កុមារា ញុឹប ចេស្ដា ដែលត្រូវរបួសភ្នែក 

យ៉ាងណា លោកស្រី សន កញ្ញា បានសង្កត់ធ្ងន់ថា ការអូសបន្លាយពេល២ឆ្នាំនេះ មិនត្រឹមតែធ្វើឱ្យកូនលោកស្រីរងទុក្ខ និងគ្រួសារឈឺចាប់ផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បំផ្លាញសេដ្ឋកិច្ចគ្រួសារលោកស្រីយ៉ាងធ្ងន់ធ្ងរ ដោយត្រូវរ៉ាប់រងថ្លៃព្យាបាលទាំងក្នុងប្រទេស និងក្រៅប្រទេស និងមើលថែកូនឥតឈប់ឈរ។ លោកស្រីបន្តថា ការស្នើសុំនេះ ដោយសារក្រុមគ្រួសារលោកស្រីមានការព្រួយបារម្ភ និងហត់នឿយខ្លាំង ក្រោយពីសំណុំរឿងក្ដីរដ្ឋប្បវេណី ពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់សាលារៀន ត្រូវចំណាយពេលឆ្លងកាត់ ដំណាក់កាលតុលាការថ្នាក់ក្រោម ជាច្រើនរួចមកហើយ ប៉ុន្តែភាពយុត្តិធម៌ពេញលេញ និងសំណងសមស្របណាមួយ នៅតែបន្តស្ថិតក្នុងភាពរង់ចាំ។ លោកស្រី សង្ឃឹមយ៉ាងមុតមាំថា ស្ថាប័នតុលាការកំពូល នឹងជួយសម្រួលលើការពន្លឿនសាវនាការរឿងក្ដីមួយនេះ ឱ្យបានលឿនផង ដើម្បីផ្តល់ភាពយុត្តិធម៌ដល់កុមារារងគ្រោះ និងដើម្បីឱ្យក្មេងមានឱកាសទទួលបានការព្យាបាលពីសំណងរបស់សាលាសុវណ្ណភូមិ សាខាចំការដូងទី១។

រូបភាព លោកស្រី សន កញ្ញា និងកុមារា ញុឹប ចេស្ដា
រូបភាព លោកស្រី សន កញ្ញា និងកុមារា ញុឹប ចេស្ដា

សូមជម្រាបថា កាលពីអំលុងខែធ្នូ ឆ្នាំ២០២៥ តុលាការភ្នំពេញ បានសម្រេចរឹបអូសរថយន្ត ឧកញ៉ា ជា ធីឡាយ ម្ចាស់សាលាសុវណ្ណភូមិ ដែលជាការអនុវត្តដីការឹបអូសដោយបង្ខំ យោងទៅតាមសាលក្រមរបស់ចៅក្រមជំនុំជម្រះ លោកស្រី​ ឈុន ដាវី ចុះថ្ងៃទី៣ ខែកក្កដា ដែលបានបង្គាប់ឱ្យ ឧកញ៉ា ជា ធីឡាយ បង់សំណងខូចខាត និងជំងឺចិត្តសរុបចំនួន១០ម៉ឺនដុល្លាររអាម៉េរិក ទៅឱ្យលោកស្រី សន កញ្ញា ជាម្តាយរបស់កុមារា ញុឹប ចេស្ដា ដែលរងរបួសភ្នែក។ បន្ទាប់មក ភាគីសាលារៀន បានដាក់ពាក្យប្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍ និងបានសម្រេចលុបចោលនូវការអនុវត្តបណ្តោះអាសន្ននោះ។ យោងតាមការសម្រេចលុបចោលចំណុចការអនុវត្តបណ្តោះអាសន្នខាងលើ សាលាដំបូងរាជធានីភ្នំពេញ បានតម្រូវឱ្យមេធាវី ឧកញ៉ា ជា ធីឡាយ បង់ប្រាក់តម្កល់៥ម៉ឺនដុល្លារ​ នៅសាលាអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីរំដោះយករថយន្តទៅវិញ។ យ៉ាងណា មកទល់ពេលនេះ ភាគីទាំង២ បានបន្តតតាំងគ្នានៅតុលាការកំពូលជាបន្តផងដែរ ទើបមានការស្នើសុំឱ្យជួយពន្លឿន ពីសំណាក់ម្តាយកុមាររងគ្រោះ៕

លោកឧកញ៉ា ជា ធីឡាយ ដែលគេស្គាល់ជាម្ចាស់សាលាសុវណ្ណភូមិ  
លោកឧកញ៉ា ជា ធីឡាយ ដែលគេស្គាល់ជាម្ចាស់សាលាសុវណ្ណភូមិ  
រូបភាព រឹបអូស រថយន្តមួយគ្រឿងម៉ាក ESCALADE កាលពីអំលុងខែធ្នូ ឆ្នាំ២០២៥ 
រូបភាព រឹបអូស រថយន្តមួយគ្រឿងម៉ាក ESCALADE កាលពីអំលុងខែធ្នូ ឆ្នាំ២០២៥ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត