
ក្រុងស្ទឹងត្រែង៖ ក្រុមអ្នកជំនាញកម្ពុជា បានធ្វើកំណាយស្រាវជ្រាវសាជាថ្មីលើទីតាំងផូស៊ីលចាស់ រកឃើញផូស៊ីលឈើបុរាណ មានអាយុកាលប្រមាណចាប់ពី១០ម៉ឺនឆ្នាំ ទៅដល់២លានឆ្នាំមុន ស្ថិតនៅក្នុងភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីយប់ថ្ងៃទី២៩តុលា…។

លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យនៃនាយកដ្ឋានបេតិកភណ្ឌធម្មជាតិ បានគូសបញ្ជាក់ថា ផ្អែកលើរបាយការណ៍នៃការធ្វើកំណាយស្រាវជ្រាវ នៅក្នុងរណ្ដៅសំខាន់ៗទាំង៣ បានបង្ហាញលទ្ធផលដូចជា រណ្ដៅទី១.រកឃើញផូស៊ីលដើមឈើ មានប្រវែងរហូតដល់៤០ម៉ែត្រ និងមានទំហំមុខកាត់មួយម៉ែត្រកន្លះ និងផ្នែកគល់ មានទំហំមុខកាត់រហូតដល់៤ម៉ែត្រ។ រីឯរណ្ដៅទី២.រកឃើញផូស៊ីលឈើផ្នែកគល់ និងផ្នែកផ្សេងៗទៀត ដែលបច្ចុប្បន្នក្រុមការងារកំពុងបន្តសិក្សា និងមិនទាន់កំណត់អត្តសញ្ញាណបាននៅឡើយ។ ចំណែករណ្ដៅទី៣.រកឃើញផូស៊ីលដើមឈើ មានប្រវែងប្រមាណ១០ម៉ែត្រ និងមានទំហំមុខកាត់មួយម៉ែត្រកន្លះ។ សូមជម្រាបថា កាលពីខែកក្កដា ឆ្នាំ២០២៥ ក្រុមមន្ត្រីជំនាញកម្ពុជា ក៏បានរកឃើញផូស៊ីលឈើ មានមុខកាត់ប្រមាណមួយម៉ែត្រ និងប្រវែងរហូតដល់ប្រមាណ១៧ម៉ែត្រផងដែរ។ តាមការវាយតម្លៃបឋម ផូស៊ីលឈើនោះ មានអាយុកាលចន្លោះពី១សែនឆ្នាំ ទៅ២លានឆ្នាំ ជាប្រភេទរុក្ខជាតិដែលមានផ្កា និងផ្លែ។

គួរជ្រាបថា គិតត្រឹមឆ្នាំ២០២៦ អ្នកជំនាញបានកំណត់ និងចងក្រងបញ្ជីស្ថានីយផូស៊ីល សរុបចំនួន៧៨ទីតាំង នៅទូទាំងប្រទេស។ ក្នុងនោះមាននៅខេត្តព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង មណ្ឌលគិរី រតនគិរី ក្រចេះ ប៉ៃលិន ឧត្តរមានជ័យ កំពត កោះកុង កំពង់ធំ ពោធិ៍សាត់ និងស្ទឹងត្រែង។ ក្រៅពីការសិក្សាស្រាវជ្រាវ និងកំណត់ទីតាំងស្ថានីយផូស៊ីល ក្រុមការងារបានអនុវត្តការធ្វើកំណាយផូស៊ីលនៅតាមបណ្តាខេត្តមួយចំនួន ដូចជា កំណាយផូស៊ីលឈើនៅស្រុកលំផាត់ ឆ្នាំ២០១៩-២0២០, កំណាយផូស៊ីលឆ្អឹងដាយណូស័រដំបូងនៅប្រទេសកម្ពុជា កាលពីឆ្នាំ២០២២, កំណាយផូស៊ីលឈើនៅភ្នំត្បែង ខេត្តព្រះវិហារ ឆ្នាំ២០២៤, កំណាយផូស៊ីលឈើ នៅស្រុកសេសាន លើកទី១ ឆ្នាំ២០២៥ និងកំពុងបន្តមកដល់បច្ចុប្បន្ន។

ជាទិសដៅការងារបន្ត អ្នកជំនាញ គ្រោងនឹងបន្តសកម្មភាពកំណាយស្រាវជ្រាវ យ៉ាងសកម្មបន្ថែមទៀត នៅឆ្នាំ២០២៧ ដើម្បីប្រមូលទិន្នន័យ និងផ្ទៀងផ្ទាត់វត្ថុតាងប្រវត្តិសាស្ត្រនានា សម្រាប់ជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត និងការអភិវឌ្ឍជាគោលដៅលម្ហែបៃតង សម្រាប់ទាក់ទាញអ្នកទេសចរ ឱ្យមកកម្សាន្តតំបន់ទេសចរណ៍ធម្មជាតិ-ប្រវត្តិសាស្ត្រ ទៅថ្ងៃអនាគត៕




