
រដ្ឋធានីសេអ៊ូល៖ នៅថ្ងៃសុក្រទី២៣ ខែតុលា ក្រសួងការពារជាតិកូរ៉េខាងត្បូង បានស្នើឡើងវិញ នូវការចរចាផ្នែកយោធាជាមួយកូរ៉េខាងជើង ដើម្បីព្រមព្រៀងគ្នាលើទីតាំងច្បាស់លាស់នៃព្រំដែនដីគោក រវាងកូរ៉េទាំង២ និងដើម្បីកាត់បន្ថយហានិភ័យនៃការប៉ះទង្គិចគ្នាដោយអចេតនា...។

សំណើនេះ ត្រូវបានប្រកាសដោយអនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយ ការពារជាតិកូរ៉េខាងត្បូង លោក គីម ហុងឆុល (Kim Hong-cheol)។ សេចក្តីប្រកាសនេះធ្វើឡើងបន្ទាប់ពីមានហេតុការណ៍ផ្ទុះមីន នៅក្នុងតំបន់គ្មានយោធា(DMZ) ឬតំបន់-ស កាលពីខែមុន ដែលបានបណ្ដាលឱ្យទាហានកូរ៉េខាងត្បូងរងរបួស។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កងទ័ពកូរ៉េខាងជើង បាននិងកំពុងកសាងផ្លូវយុទ្ធវិធី របង និងបង្កប់គ្រាប់មីន នៅជិតខ្សែបន្ទាត់ខណ្ឌចែកយោធា នៅក្នុងតំបន់គ្មានយោធា ដែលខណ្ឌចែកកូរ៉េទាំង២។ លោក គីម បានអះអាងថា កងទ័ពរបស់ភាគីខាងជើង បានឆ្លងកាត់ខ្សែបន្ទាត់នោះ ក្នុងអំឡុងពេលធ្វើសកម្មភាពទាំងនោះ។

ក្រសួងការពារជាតិកូរ៉េខាងត្បូង ធ្លាប់បានស្នើឱ្យមានការចរចា កាលពីខែវិច្ឆិកាឆ្នាំមុន ដើម្បីដោះស្រាយភាពខុសគ្នា ស្តីពីទីតាំងខ្សែបន្ទាត់ព្រំដែន ប៉ុន្តែរដ្ឋធានីព្យុងយ៉ាង មិនបានឆ្លើយតបនោះទេ។ ជាមួយគ្នា កងទ័ពកូរ៉េខាងត្បូង បានសន្និដ្ឋានថា កូរ៉េខាងជើងបានកប់គ្រាប់មីននៅខាងត្បូង ខ្សែបន្ទាត់ចែកយោធា ដែលបានបង្កឱ្យមានការផ្ទុះបណ្ដាលឱ្យទាហានកូរ៉េខាងត្បូង២រូបរងរបួសធ្ងន់ធ្ងរ កាលពីខែកញ្ញា។ ទោះជាយ៉ាងណា រដ្ឋធានីព្យុងយ៉ាង បានបន្តបដិសេធចោលនូវការរកឃើញទាំងនោះ៕




