កម្ពុជាអំពាវនាវឱ្យសហគមន៍អន្តរជាតិ បង្កើនការផ្ទេរបច្ចេកវិទ្យា AI និងគាំទ្រផ្នែកហិរញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍ
S
Soriya Sou
•
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ តាមរយៈវេទិកា«បញ្ញាសប្បនិម្មិតសម្រាប់ការប្រែប្រួលអាកាសធាតុ ឆ្នាំ២០២៦» ដែលត្រូវបានបើកជាផ្លូវការនៅរាជធានីភ្នំពេញ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអំពាវនាវដល់សហគមន៍អន្តរជាតិ បង្កើនការផ្ទេរបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងគាំទ្រផ្នែកហិរញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍ…។

ការអំពាវនាវនេះ ដើម្បីធានាឱ្យការប្រើប្រាស់បច្ចេកវិទ្យា AI ប្រកបដោយសមធម៌ និងដើម្បីរួមគ្នាជួយសង្គ្រោះភពផែនដីពីការគំរាមកំហែងពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។ នៅចំពោះមុខថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល, សមាជិកនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុទទួលបន្ទុកផ្នែកបច្ចេកវិទ្យា (UNFCCC TEC), តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា, តំណាង KOICA ប្រចាំកម្ពុជា, ព្រមទាំងអ្នកជំនាញការបច្ចេកវិទ្យា វិទ្យាសាស្ដ្រអាកាសធាតុ និងប្រតិភូជាតិ-អន្តរជាតិប្រមាណ២០០នាក់ កាលពីថ្ងៃទី១៣តុលា លោក អ៊ាង សុផល្លែត ថ្លែងបន្តថា ព្រះរាជាណាចក្រកម្ពុជា បានប្រកាសបង្ហាញ​ជំហរយ៉ាងមុតមាំក្នុងចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ជក់ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ តាមរយៈការធ្វើទំនើបកម្មបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តជាមួយសហគមន៍អន្តរជាតិឱ្យមកនៅកម្រិតទាបបំផុត។

ការប្រើប្រាស់បច្ចេកវិទ្យាថ្មី ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI នឹងជួយដល់សុក្រឹតកម្មបរិស្ថានកិច្ចនៅកម្ពុជា ដែលបាននិងកំពុងរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុឱ្យស្ថិតក្នុងកម្រិតទាបបំផុត ដើម្បីឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងអព្យាក្រិតកាបូន។ លោក ហ្រ្វេដ អនតុនរី (Fred Ontonri) សមាជិកនៃ UNFCCC TEC បានលើកឡើងថា ការរៀបចំវេទិកា«បញ្ញាសប្បនិម្មិតសម្រាប់ការប្រែប្រួលអាកាសធាតុឆ្នាំ២០២៦» នៅកម្ពុជា ពេលនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា កម្ពុជាមិនត្រឹមតែជាប្រទេសដែលរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ប៉ុន្តែបានដើរតួនាទីយ៉ាងសកម្ម ក្នុងការនាំយកដំណោះស្រាយបច្ចេកវិទ្យាទំនើប មកដោះស្រាយវិបត្តិសកលកាប្រែប្រួលអាកាសធាតុ ដើម្បីជួយដល់ភពផែនដី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត