មន្រ្តីជំនាញចុះធ្វើកំណាយផូស៊ីលឈើ លើកទី២ នៅស្ទឹងត្រែង រំពឹងអាចរកឃើញរបកគំហើញថ្មី
S
Soriya Sou
•
23 តុលា 2026 06:30 PM

ក្រុងស្ទឹងត្រែង៖ មន្រ្តីជំនាញក្រសួងបរិស្ថាន បានចុះសិក្សាស្រាវជ្រាវ និងធ្វើកំណាយផូស៊ីលឈើ ជាលើកទី២ នៅតំបន់ភ្នំភូង៉យ ស្ថិតក្នុងភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ដើម្បីពង្រឹងការអភិរក្ស និងការគ្រប់គ្រងធនធានបេតិកភណ្ឌធម្មជាតិឱ្យមានចីរភាព និងនិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយ...។

លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យនៃនាយកដ្ឋានបេតិកភណ្ឌធម្មជាតិ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានក្រសួងបរិស្ថាន បានឱ្យដឹងថា ការចុះសិក្សាស្រាវជ្រាវ លើកំណាយផូស៊ីលឈើ ជាលើកទី២ ពីសំណាក់អ្នកជំនាញ ធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីបានរកឃើញផូស៊ីលឈើ ក្នុងកំណាយស្រាវជ្រាវលើកទី១ នៅតំបន់ខាងលើកាលពីកាលពីខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។ តាមការវាយតម្លៃបឋម ផូស៊ីលឈើ ដែលបានរកឃើញលើកទី១ មានអាយុកាលចន្លោះពី១០ម៉ឺនឆ្នាំ ទៅ២លានឆ្នាំ និងត្រូវជាប្រភេទរុក្ខជាតិដែលមានផ្កា និងផ្លែ ដែលជារុក្ខជាតិមានវត្តមានយ៉ាងច្រើន នាពេលបច្ចុប្បន្ន។

ផ្អែកលើលទ្ធផលជាវិជ្ជមាននៃកំណាយលើកទី១ ក្រសួងបរិស្ថាន បានបន្តជំរុញសកម្មភាពកំណាយលើកទី២ ក្នុងឆ្នាំ២០២៦នេះ នឹងរំពឹងអាចរកឃើញផុស៊ីលដើមឈើប្រវែងជាង៤០ម៉ែត្រ នៅក្នុងកន្លែងតែមួយ។ យ៉ាងណា លោក លឹម វណ្ណច័ន្ទ បញ្ជាក់បន្ថែមថា ក្រុមការងារនឹងប្រមូលចងក្រង ទិន្នន័យវិទ្យាសាស្ត្របន្ថែម និងរៀបចំផែនការការពារទីតាំងបេតិកភណ្ឌធម្មជាតិ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានមួយនេះ ឱ្យជៀសផុតពីការបំផ្លិចបំផ្លាញ និងរក្សាបាននូវតម្លៃប្រវត្តិសាស្ត្រសម្រាប់កម្ពុជា និងពិភពលោកទាំងមូល។ គិតត្រឹមឆ្នាំ២០២៦ ក្រុមការងារជំនាញបានកំណត់ និងចងក្រងបញ្ជីស្ថានីយផូស៊ីលសរុបចំនួន៧៨ទីតាំងនៅទូទាំងប្រទេស។ ក្នុងនោះ៖ មាននៅខេត្តព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង មណ្ឌលគិរី រតនគិរី ក្រចេះ ប៉ៃលិន ឧត្តរមានជ័យ កំពត កោះកុង កំពង់ធំ ពោធិ៍សាត់ និងស្ទឹងត្រែង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត