
រាជធានីភ្នំពេញ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានប្រកាសលើទំព័រហ្វេសប៊ុកផ្លូវការថា ក្រុមអ្នកជំនាញក្រសួងបរិស្ថាន និងអ្នកស្រាវជ្រាវពាក់ព័ន្ធ មានគម្រោងសិក្សាស៊ីជម្រៅលើសំណាកផូស៊ីល រកឃើញនៅក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រ ខេត្តកំពត និងកោះកុង..។

កិច្ចពិភាក្សាជាមួយអ្នកជំនាញ អ្នកស្រាវជ្រាវពាក់ព័ន្ធ និងដៃគូសហការមួយចំនួន ដើម្បីកំណត់អត្តសញ្ញាណផូស៊ីល និងធ្វើស្ត្រាទីក្រាហ្វ ដើម្បីសិក្សាប៉ាលេអូ-បរិស្ថាន ត្រូវបានក្រសួងអះអាងថា ដឹកនាំដោយ លោក សេង សោត អគ្គនាយករងនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន។ វេទិកានោះ បានរៀបចំឡើងដោយនាយកដ្ឋានតំបន់បេតិកភណ្ឌធម្មជាតិ ដែលបានទទួលការគាំទ្រសម្រាប់ការស្រាវជ្រាវ ស្ដីពីការកំណត់អត្តសញ្ញាណផូស៊ីល និងស្ត្រាទីក្រាហ្វ ដើម្បីសិក្សាប៉ាលេអូ-បរិស្ថាន នៅភាគខាងត្បូងប្រទេសកម្ពុជា ពីអង្គការយូណេស្កូ តាមរយៈគណៈកម្មការយូណេស្កូជាតិកម្ពុជា ក្នុងគោលបំណងបីសំខាន់ៗរួមមាន៖ ផ្សព្វផ្សាយគំហើញផូស៊ីលថ្មីៗ, បង្កើនការផ្សព្វផ្សាយធនធានធម្មជាតិ(ផូស៊ីល), ជំរុញការចូលរួមពីអ្នកពាក់ព័ន្ធ និងការបង្កើនសមត្ថភាពអ្នកសិក្សាស្រាវជ្រាវ។

សូមជម្រាបថា នាយកដ្ឋានតំបន់បេតិកភណ្ឌចាប់ផ្តើមសិក្សាស្រាវជ្រាវផូស៊ីល ចាប់ពីឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន រកឃើញស្ថានីយផូស៊ីលចំនួន៦៧ស្ថានីយរួមមាន៖ ផូស៊ីលសត្វសមុទ្ទចំនួន៤៦, ផូស៊ីលសត្វទឹកសាបចំនួន២, ផូស៊ីលឈើចំនួន១៤, ផូស៊ីលស្លឹកឈើចំនួន១, ផូស៊ីលឆ្អឹងដាយណូស័រចំនួន១(រកឃើញដំបូងនៅកម្ពុជា), និងផូស៊ីលដានជើងសត្វចំនួន៣ ដែលផូស៊ីលទាំងអស់មានអាយុកាលនៅក្នុងចន្លោះពី (៣៥៩-២លានឆ្នាំ) ស្ថិតនៅក្នុងខេត្តព្រះវិហារ បន្ទាយមានជ័យ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង បាត់ដំបង ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តក្រចេះ ខេត្តប៉ៃលិន និងខេត្តកំពត។

រីឯការធ្វើកំណាយផូស៊ីលចំនួន៤ទីតាំង រួមមាន៖ ចាប់ពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២០ បានធ្វើកំណាយផូស៊ីលឈើ (នៅដែនជម្រកសត្វព្រៃលំផាត់) ខេត្តរតនគិរី។ ក្នុងឆ្នាំ២០២២ បានធ្វើកំណាយផូស៊ីលឆ្អឹងដាយណូស័យ (នៅដែនជម្រកសត្វព្រៃតាតៃ) ខេត្តកោះកុង (រកឃើញលើកដំបូង) នៅប្រទេសកម្ពុជា។ ចន្លោះឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ បានធ្វើកំណាយផូស៊ីលសត្វសមុទ្ទ (តំបន់បេតិកភណ្ឌធម្មជាតិភ្នំបាក់) ខេត្តបន្ទាយមានជ័យ។ នៅឆ្នាំ២០២៤ បានធ្វើកំណាយរកផូស៊ីលឈើថ្ម (នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង) ខេត្តព្រះវិហារ។ ជាលទ្ធផលជីកដី (ជម្រៅ១,៥ម៉ែត្រ ទទឹង២ម៉ែត្រ និងបណ្តោយ៦ម៉ែត្រ) រកឃើញផូស៊ីលឈើប្រវែង៣,៥ម៉ែត្រ និងបំណែកមែកឈើជាច្រើន ក្លាយជាធ្យូងដែលកប់ក្នុងស្រទាប់ថ្មភក់។

សូមរំឭកថា តាមរយៈការដាក់ចេញនូវផែនការយុទ្ឋសាស្ត្រចក្រាវិស័យបរិស្ថាន២០២៣ ដល់ឆ្នាំ២០២៨ គឺភាពស្អាត ភាពបៃតង និងចីរភាព ក្រសួងបរិស្ថាន ក៏បាននិយាយពីការសិក្សាស្រាវជ្រាវផូស៊ីលនៅកម្ពុជាផងដែរ៕






