
រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ស្នើឱ្យមានជំនួបកំពូលត្រីភាគីនាខែមុខ ជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) និងមេដឹកនាំចិន លោក ស៊ី ជីនពីង (Xi Jinping) ដើម្បីចរចាបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលបានអូសបន្លាយអស់រយៈពេល៤ឆ្នាំមកនេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Wall Street Journal កាលពីថ្ងៃអាទិត្យទី១៨ ខែតុលា។

សំណើជំនួបកំពូលនេះ ធ្វើឡើងក្នុងបរិបទនៃទំនាក់ទំនងកាន់តែល្អូកល្អើនរវាងលោក ពូទីន និងលោក ត្រាំ ជាពិសេសបន្ទាប់ពីប្រធានាធិបតីអាម៉េរិករូបនេះ បានប្រកាសពីកិច្ចព្រមព្រៀងទិញប្រេងម៉ាស៊ូតពីរុស្ស៊ី ហើយបានចុះហត្ថលេខាដើម្បីលើកលែងទណ្ឌកម្មសំខាន់ៗលើរដ្ឋធានីម៉ូស្គូ។ សារព័ត៌មានខាងលើបានឱ្យដឹងថា សំណើរបស់លោក ពូទីន ត្រូវបានធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរសព្ទកាលពីថ្ងៃទី៩ ខែតុលា ជាមួយលោក ត្រាំ ដោយសន្ទនានោះ ក៏បានឈានដល់កិច្ចព្រមព្រៀងទិញប្រេងម៉ាស៊ូតរវាងបងធំនុយក្លេអ៊ែរទាំង២ផងដែរ។ យ៉ាងណា សេតវិមាន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពីសារព័ត៌មានរ៉យទ័រនោះទេ ខណៈវិមានក្រឹមឡាំង មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានភ្លាមៗក្រៅម៉ោងធ្វើការឡើយ។ ចំណែក ឯកអគ្គរដ្ឋទូតរុស្ស៊ី និងចិន ប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន ក៏មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ។

សូមជម្រាបថា វិមានក្រឹមឡាំង បានស្នើឱ្យរៀបចំកិច្ចសន្ទនាត្រីភាគីនេះឡើង នៅក្រៅកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នាពេលខាងមុខ ខណៈកិច្ចប្រជុំកំពូល APEC នេះ ត្រូវបានកំណត់រៀបចំឡើងនាថ្ងៃទី១៨ ដល់ ១៩ ខែវិច្ឆិកា នៅទីក្រុងសិនជិន (Shenzhen) ខេត្តក្វាងទុង ប្រទេសចិន។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូហ្វ ( Dmitry Peskov) ថ្លែងថា៖«មិនទាន់មានការយល់ព្រមច្បាស់លាស់នៅឡើយទេ ទាក់ទងនឹងជំនួបផ្ទាល់ ឬរបៀបវារៈដែលអាចកើតមាន ប៉ុន្តែភាគីទាំង៣ ទទួលស្គាល់នូវលទ្ធភាពនៃការរៀបចំជំនួបនេះ»។ គួរបញ្ជាក់ឡើងវិញបន្តិចថា កិច្ចព្រមព្រៀងទិញប្រេងម៉ាស៊ូតរបស់លោក ត្រាំ ជាមួយលោក ពូទីន និងបទបញ្ជាប្រតិបត្តិលើកលែងទណ្ឌកម្មលើរដ្ឋធានីម៉ូស្គូ បានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskiy) ដោយលោកបានព្រមានថា សកម្មភាពនេះ នឹងធ្វើឱ្យលោក ពូទីន កាន់តែបានចិត្ត និងធ្វើឱ្យសង្គ្រាមកាន់តែអូសបន្លាយពេលយូរ៕



