
រដ្ឋធានីព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានអះអាងនៅថ្ងៃពុធទី២១ ខែតុលានេះថា មេដឹកនាំកូរ៉េខាងជើង បានបញ្ជាកងទ័ពព្រំដែនរបស់ខ្លួន ឱ្យចាត់វិធានការភ្លាមៗ និងម៉ឺងម៉ាត់បំផុត ប្រសិនបើកងកម្លាំងកូរ៉េខាងត្បូង គំរាមកំហែងដល់សុវត្ថិភាពរបស់ពួកគេ ខណៈដែលបទបញ្ជានេះ បានបង្កើនហានិភ័យនៃការប៉ះទង្គិចគ្នាកាន់តែស្រួចស្រាវ នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ...។

របាយការណ៍នេះកើតឡើងមួយថ្ងៃ បន្ទាប់ពីរដ្ឋធានីសេអ៊ូលប្តេជ្ញាចិត្តថា នឹងផ្ដន្ទាទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការញុះញង់បន្ថែមទៀតពីរដ្ឋធានីព្យុងយ៉ាង ប្រសិនបើកូរ៉េខាងជើងធ្វើសកម្មភាពតាមការគំរាមកំហែង ក្នុងការងើបឡើងពង្រឹងជំហរយោធារបស់ខ្លួននៅតាមបណ្តោយព្រំដែន។ ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា លោក ប៉ាក់ ជុងឆុន (Pak Jong Chon) សេនាប្រមុខកងទ័ពកូរ៉េខាងជើង បានចុះពិនិត្យការសាងសង់បន្ទាយការពារនៅតាមព្រំដែនជាមួយកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ ដោយមានការអមដំណើរផ្ទាល់ពីលោកស្រី គីម យូជុង (Kim Yo Jong) ប្អូនស្រីបង្កើតដ៏មានឥទ្ធិពលរបស់មេដឹកនាំ គីម ជុងអ៊ុន (Kim Jong Un)។

លោកស្រី គីម យូជុង ថ្លែងថា អង្គភាពនៃកងកម្លាំងបាញ់ប្រហារថ្មីៗរបស់ពួកគេ បានឈរជើងនៅឯព្រំដែនហើយ នេះបើតាមសេចក្តីរាយការណ៍ពីកាសែត KCNA។ សូមជម្រាបថា ភាពតានតឹងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង កើនឡើងចាប់តាំងពីរបបព្យុងយ៉ាង ចាប់ផ្តើមពង្រឹងបន្ទាយព្រំដែនរបស់ខ្លួន កាលពីខែមេសា ឆ្នាំ២០២៤។ ប្រទេសទាំង២ ត្រូវបានខណ្ឌចែកដោយតំបន់គ្មានយោធា (DMZ) ឬតំបន់-ស ដែលត្រូវបានបង្កើតឡើងនៅពេលសង្គ្រាមកូរ៉េ បានបញ្ចប់ដោយកិច្ចព្រមព្រៀងឈប់បាញ់ក្នុងឆ្នាំ១៩៥៣៕





