
ក្រុងព្រះសីហនុ៖ សារព័ត៌មានអន្តរជាតិធំៗនិងល្បីស្ទើរគ្មានចន្លោះ បានចុះផ្សាយយ៉ាងព្រោងព្រាង អំពីករណីដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយ គឺនាវាទេសចរណ៍លំដាប់អន្តរជាតិ ឈ្មោះ Villa Vie Odyssey (វីឡា វី អូឌីសេ) កំពុងជាប់គាំនៅកម្ពុជា មិនទាន់អាចចេញដំណើរទៅកាន់ទិសដៅបន្ទាប់បាន ដោយសារប្រេងសាំងឡើងថ្លៃពេក ដែលធ្វើឱ្យនាវានេះ ត្រូវចំណាយច្រើន ហើយស្របពេលកំពុងជួបបញ្ហាហិរញ្ញវត្ថុថែមទៀត។ សូម្បីសារព័ត៌មានប្រទេសក្បែរខាងកម្ពុជា ដូចជា វៀតណាម និងថៃ ក៏ចុះផ្សាយដែរ។

ករណីនាវាខ្នាតយក្ស ជាប់គាំងនៅកម្ពុជានាពេលនេះ ក្លាយជាប្រធានបទល្បី និងទាក់ទាញភ្នែកគេឯងឱ្យតាមដាន មិនចាញ់រឿងធំៗលើពិភពលោកនោះទេ ដូចជា ភូមិសាស្រ្តនយោបាយ សង្គ្រាមអាម៉េរិក-អ៊ីរ៉ង់ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ជាដើម។ បញ្ញវន្ត និងប្រជាជនខ្មែរខ្លះ បានបញ្ចេញមតិលើបណ្តាញសង្គម ចង់ឱ្យរាជរដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធ ជួយចូលរួមជួយដោះស្រាយតាមលទ្ធភាព និងលើផ្នែកណាមួយ ដល់នាវានេះ ដើម្បីបង្ហាញពីទឹកចិត្តល្អរបស់កម្ពុជា ស្របពេលឈ្មោះប្រទេសកម្ពុជា កំពុងមានភាពអវិជ្ជមានខ្លះៗ លើទំព័រសារព័ត៌មានអន្តរជាតិ ដោយសារបញ្ហាឆបោកអនឡាញ។ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា សរសេរលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នៅព្រឹកថ្ងៃទី២៩ ខែតុលានេះថា៖«[...] អាជ្ញាធរពាក់ព័ន្ធនៅកំពង់សោម គួររៀបចំជ្រោមជ្រែងផ្ដល់ភាពកក់ក្ដៅដល់ភ្ញៀវទាំងនោះ ដែលជាឱកាសយើងកសាងកេរ្តិ៍ឈ្មោះ ហើយម្យ៉ាងកំពង់សោម ក៏មានសណ្ឋាគារទំនេរច្រើនដែរ»។

នាវា Villa Vie Odyssey ធ្វើឱ្យគេនឹកឃើញដល់នាវាមួយទៀតរបស់អាម៉េរិក គឺ Westerdam។ កម្ពុជា ធ្លាប់ប្រវត្តិជួយនាវាទេសចរណ៍ Westerdam (វេស្ទើដាម) ម្តងរួចមកហើយ កាលអំឡុងផ្ទុះជំងឺកូវីដ-១៩ នៅឆ្នាំ២០១៩ ដោយកាលនោះ នាវានេះ ជាប់គាំងនៅលើផ្ទៃសមុទ្ទ ដោយប្រទេសនានា មិនហ៊ានអនុញ្ញាតឱ្យចូលចតឡើយ ព្រោះខ្លាចជំងឺកូវីដ-១៩ ផ្ទុះចេញពីនាវា រាលដាលចូលប្រទេសរបស់គេ។ ចុងក្រោយ មានតែកម្ពុជាប៉ុណ្ណោះ ដែលហ៊ានទទួល និងអនុញ្ញាតឱ្យនាវា Westerdam ចូលចត ដែលធ្វើឱ្យកម្ពុជានាពេលនោះ មានឈ្មោះថា ប្រទេសតូច បេះដូងធំ។

ងាកមកនិយាយពីនាវា Villa Vie Odyssey វិញ! សារព័ត៌មានអន្តរជាតិធំៗ ចាប់ផ្តើមចុះផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ អំពីការសម្រេចចិត្តមិនធ្លាប់កើតមានរបស់នាវាខ្នាតយក្សរបស់សហរដ្ឋអាម៉េរិក ដែលផ្អាកដំណើរទៅមុខ និងបន្តស្នាក់នៅកម្ពុជា ដោយសារសាកលសាំងឡើងថ្លៃពេក។ តម្លៃប្រេងពិភពលោក បានកើនឡើងខ្លាំង បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល រួមដៃគ្នាបង្កសង្គ្រាមប្រឆាំងអ៊ីរ៉ង់ តាំងពីដើមឆ្នាំ២០២៦មក។ បច្ចុប្បន្ន តម្លៃប្រេងសាកល ហក់ឡើងដល់១១៥ដុល្លារក្នុង១បារ៉ែល។ មុនសង្គ្រាម តម្លៃប្រេងពិភពលោក ស្ថិតក្នុងខ្ទង់តែ៧០ដុល្លារប៉ុណ្ណោះ ក្នុង១បារ៉ែល។

ការកើនឡើងដ៏ច្រើននេះ បានបង្កសម្ពាធយ៉ាងខ្លាំងដល់ការចំណាយលើប្រតិបត្តិការនាវា Villa Vie Odyssey។ នាវាទេសចរណ៍លំដាប់អន្តរជាតិមួយនេះ ដឹកភ្ញៀវចម្រុះជាតិសាសន៍ជាង២០០នាក់ និងនាវិកជាង១៥០នាក់ មកលេងកម្ពុជារយៈពេល៥ថ្ងៃ ដោយបានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣តុលា។ Villa Vie Odyssey ជានាវាទេសចរណ៍ នាំភ្ញៀវធ្វើដំណើរជុំវិញពិភពលោក។ ការចូលចតនៅកម្ពុជា គឺជាផ្នែកមួយនៃផែនការធ្វើដំណើរកម្សាន្តរបស់នាវានេះ។

ក្រុមហ៊ុនអាម៉េរិក ដែលជាម្ចាស់នាវា Villa Vie Odyssey កំពុងសហការជាមួយអ្នកដំណើរ ដើម្បីរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្ន សម្រាប់ពួកគេក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន មិនទាន់អាចបញ្ជាក់បាននោះទេ ថា នឹងបន្តដំណើរនៅពេលណា។ គោលដៅបន្ទាប់របស់នាវា គឺវៀតណាម។ នាវានេះ បានព្យាយាមកាត់បន្ថយការប្រើប្រាស់ប្រេង ដោយបន្ថយល្បឿនធ្វើដំណើរ និងចំណាយពេលនៅកំពង់ផែនានា ក្នុងរយៈពេលយូរជាងមុន។ ទោះជាយ៉ាងណា វិធានការទាំងនេះ មិនអាចទប់ទល់នឹងតម្លៃប្រេង ដែលកើនឡើងខ្ពស់នោះទេ។ ក្រុមហ៊ុនអាម៉េរិក លើកឡើងថា ការដំឡើងថ្លៃ ឬការយកថ្លៃបន្ថែមពីភ្ញៀវនៅលើនាវា មិនមែនជាដំណោះស្រាយ ដែលអាចអនុវត្តបានឡើយ។

ក្រុមហ៊ុនគ្រប់គ្រងនាវា Villa Vie Odyssey ប្រកាសថា នឹងចំណាយពេល៦០ថ្ងៃ ដើម្បីរៀបចំហិរញ្ញវត្ថុឡើងវិញ និងស្វែងរកដើមទុនបន្ថែម ដើម្បីដោះស្រាយបញ្ហាចំណាយ និងស្វែងរកមធ្យោបាយបន្តប្រតិបត្តិការ។ នាវាលំដាប់អន្តរជាតិមួយនេះ មានប្រវែងជិត២០០ម៉ែត្រ និងអាចផ្ទុកអ្នកដំណើរបានរហូតដល់៦៥០នាក់។ នាវានេះ បានចេញដំណើរពីទីក្រុងបែលហ្វាស (Belfast) ប្រទេសអៀរឡង់ខាងជើង តាំងពីខែតុលា ឆ្នាំ២០២៤មកម្ល៉េះ ដោយកំណត់ពេល៣ឆ្នាំកន្លះ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសជិត១៥០ នៅជុំវិញពិភពលោក។

មុនពេលចេញដំណើរ នាវា Villa Vie Odyssey ធ្លាប់ពន្យារពេល ដោយសារត្រូវជួសជុលផ្នែកខ្លះ ដែលធ្វើឱ្យអ្នកដំណើរជាប់គាំងនៅទីក្រុងបែលហ្វាស អស់រយៈពេលជាច្រើនខែ នាពេលនោះ និងធ្វើឱ្យក្រុមហ៊ុននាវានេះ ខាតបង់ប្រាក់រាប់លានដុល្លារ។ មុនពេលមកដល់កម្ពុជា នាវានេះ បានធ្វើដំណើរជុំវិញពិភពលោកអស់រយៈពេល២ឆ្នាំហើយ។ ការផ្អាកប្រតិបត្តិការនៅកម្ពុជា នាពេលនេះ បានធ្វើឱ្យគម្រោងធ្វើដំណើររយៈពេលច្រើនឆ្នាំរបស់នាវា ត្រូវជាប់គាំង ខណៈក្រុមហ៊ុន កំពុងព្យាយាមដោះស្រាយបញ្ហាហិរញ្ញវត្ថុ។

បើតាមគេហទំព័ររបស់ក្រុមហ៊ុន បន្ទប់ដែលអាចទិញសិទ្ធិស្នាក់នៅជាអចិន្ត្រៃយ៍លើនាវា មានតម្លៃចាប់ពី១២ម៉ឺនដុល្លារ រហូតដល់៤៤ម៉ឺនដុល្លារ។ ចំណែកការជួលបន្ទប់ មានតម្លៃចាប់ពី៣ម៉ឺន៥ពាន់ដុល្លារឡើងទៅក្នុង១ខែ។ នាវានេះ មានបា ភោជនីយដ្ឋាន កន្លែងហែលទឹក និងទីលានលេងកីឡា ។ល។ កាលពីឆ្នាំ២០២៥ ក្រុមហ៊ុន បានដាក់ចេញកម្មវិធីបង់ប្រាក់ស្នាក់នៅពេញមួយជីវិតលើនាវា ដែលផ្តល់ឱកាសឱ្យអ្នកចូលនិវត្តន៍ ចំណាយពេលរស់នៅលើផ្ទៃសមុទ្ទ៕
ខាងក្រោមនេះជាឈ្មោះសារព័ត៌មានអន្តរជាតិដែលចុះផ្សាយ








