
រាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការប្រើប្រាស់ពាក្យសម្តីអសុរោះ អាកប្បកិរិយាមើលងាយ ឬការបំពានផ្លូវចិត្តគ្រប់រូបភាពនៅកន្លែងធ្វើការ គឺជាទង្វើល្មើសនឹងបទដ្ឋានប្រតិបត្តិ និងមិនអាចទទួលយកបានឡើយ ក្នុងបរិបទការងារទំនើប....។

តាមរយៈគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន នៅល្ងាចថ្ងៃទី២៨ តុលា ឆ្នាំ២០២៦ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានសរសេរថា៖«ការប្រើពាក្យសម្តីអសុរោះ ឬអាកប្បកិរិយាប្រមាថមើលងាយនៅកន្លែងធ្វើការ គឺជាទង្វើដែលមិនអាចទទួលយកបានឡើយ។ មិនថាជានិយោជក អ្នកគ្រប់គ្រង ប្រធានផ្នែក ឬបុគ្គលិក និងមិនថាជាជនជាតិខ្មែរ ឬជនបរទេសទេ គ្រប់រូបត្រូវប្រើពាក្យសម្តីសមរម្យ និងគោរពសេចក្តីថ្លៃថ្នូររបស់គ្នាទៅវិញទៅមក»។ ការលើកឡើងរបស់អ្នកនាំពាក្យរូបនេះ គឺដើម្បីក្រើនរំលឹកដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន និងនិយោជកទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់លើការបង្កើតបរិយាកាសការងារប្រកបដោយសុវត្ថិភាព ភាពថ្លៃថ្នូរ និងការគោរពសិទ្ធិគ្នាទៅវិញទៅមក រវាងថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ បន្ទាប់ពីមានការបង្ហោះផ្សព្វផ្សាយលើបណ្ដាញសង្គមអំពីសកម្មភាពស្ត្រីជាប្រធានផ្នែក បានប្រើពាក្យសម្តីអសុរោះ និងអាកប្បកិរិយាមើលងាយនៅកន្លែងធ្វើការនៅរោងចក្រមួយកន្លែង នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជាមួយគ្នា ក្រសួងការពារ អំពាវនាវដល់បងប្អូនកម្មករនិយោជិតដែលជួបប្រទះការប្រើពាក្យសម្តី ឬអាកប្បកិរិយាមិនសមរម្យនៅកន្លែងធ្វើការ សូមកុំស្ទាក់ស្ទើរក្នុងការរាយការណ៍ ឬដាក់ពាក្យបណ្តឹងទៅកាន់ក្រសួង តាមរយៈទូរសព្ទទាន់ហេតុការណ៍លេខ ១២៨៦ ឬទាក់ទងផ្ទាល់ទៅអ្នកនាំពាក្យក្រសួង ដើម្បីឱ្យមន្ត្រីជំនាញពិនិត្យ និងចុះធ្វើកិច្ចអន្តរាគមន៍ដោះស្រាយបានទាន់ពេលវេលា៕




