
រាជធានីភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន និងលោក ផេធឺ រ៉ាចាឌីស្តុន (Peter Rajadiston) អគ្គទីប្រឹក្សាចក្រភពព្រីតថេន ទទួលបន្ទុកកិច្ចការអភិវឌ្ឍប្រចាំអាស៊ាន កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារ ផ្តោតលើការពង្រឹងភាពជាដៃគូ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងសកម្មភាពបោសសម្អាតមីននៅកម្ពុជា។

លោកលី ធុជ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនព្រីតថេន ដែលបានផ្តល់ការគាំទ្រដល់សកម្មភាពបោសសម្អាតមីននៅកម្ពុជា អស់រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះ។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ព្រីតថេនសម្រាប់សកម្មភាពបោសសម្អាតមីនសាកល ក្នុងក្របខ័ណ្ឌអនុសញ្ញាអូតាវ៉ា។ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាសម្រេចបានការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាង៤លានគ្រាប់ និងកាត់បន្ថយចំនួនជនរងគ្រោះប្រចាំឆ្នាំយ៉ាងច្រើន ដែលសមិទ្ធផលទាំងនេះ គឺជាផ្នែកមួយនៃការរួមចំណែករបស់ចក្រភពព្រីតថេន។

លោកទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តគាំទ្រប្រទេសដទៃ ដែលរងផលប៉ះពាល់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ តាមរយៈការចែករំលែកបទពិសោធន៍ និងជំនាញ ព្រមទាំងជំរុញការអនុវត្តគោលដៅអនុសញ្ញាអូតាវ៉ា។ ស្របជាមួយគ្នានោះ លោកអគ្គទីប្រឹក្សាព្រីតថេន បានលើកឡើងថា ចក្រភពព្រីតថេន នៅតែជាដៃគូដ៏រឹងមាំរបស់កម្ពុជាក្នុងសកម្មភាពបោសសម្អាតមីន។ លោកក៏បានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម លើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក៏ដូចជាគាំទ្រកម្ពុជា ក្នុងការអនុវត្តគោលនយោបាយជាតិ ស្តីពីសកម្មភាពបោសម្អាតមីន ឆ្នាំ២០២៦-២០៣៥៕




