
អេស្ប៉ាញ៖ មនុស្សយ៉ាងហោចណាស់ ៦៨នាក់បានស្លាប់ នៅអេស្ប៉ាញ កាលពីថ្ងៃពុធទី២៨ ខែតុលា ឆ្នាំ២០២៦ ក្នុងហេតុការណ៍ដ៏រន្ធត់ ដោយរថភ្លើងល្បឿនលឿន បានបុកពេញទំហឹងជាមួយរថភ្លើងមួយទៀតដែលចតឈប់ស្ងៀមមួយកន្លែង ខណៈក្រុមសង្គ្រោះបានឆែកឆេរតាមទូករថភ្លើងដែលខូចខាត ដើម្បីស្វែងរកសាកសពបន្ថែមទៀត។ នេះជាគ្រោះថ្នាក់រថភ្លើងជាលើកទី២ ដែលកើតឡើងនៅអេស្ប៉ាញក្នុងឆ្នាំ២០២៦ និងជាសោកនាដកម្មធំបំផុតរបស់អឺរ៉ុបចាប់តាំងពីឆ្នាំ២០១៣មក។

នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ផេដ្រូ សាន់ឆេស (Pedro Sanchez) ប្រកាសថា ប្រជាជនអេស្ប៉ាញទាំងអស់កំពុងកាន់ទុក្ខ។ លោក សាន់ឆេស បានថ្លែងតាមកញ្ចក់ទូរទស្សន៍ ចេញពីទីតាំងកើតហេតុភាគខាងត្បូងរាជធានីម៉ាឌ្រីដថា សោកនាដកម្មដ៏រន្ធត់នេះ នឹងត្រូវស៊ើបអង្កេត ហើយលោកសន្យាថា នឹងដោះស្រាយរាល់កំហុសឆ្គងដែលបានរកឃើញ។ លោកនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា៖«ប្រសិនបើយើងត្រូវការពង្រឹងសុវត្ថិភាពបន្ថែមទៀត ក្នុងការកសាងទំនុកចិត្តឡើងវិញលើប្រព័ន្ធរថភ្លើងល្បឿនលឿនរបស់យើង នោះយើងនឹងធ្វើវា ពីព្រោះអ្វីដែលមិនអាចទទួលយកបានសម្រាប់ប្រទេសដូចជាអេស្ប៉ាញ គឺការជួបប្រទះគ្រោះថ្នាក់រថភ្លើងល្បឿនលឿន២លើកក្នុងឆ្នាំតែមួយ»។

នៅកន្លែងកើតហេតុក្នុងតំបន់ជនបទ Castilla-La Mancha រថយន្តសង្គ្រោះបន្ទាន់ រថយន្តដឹកសព និងឧទ្ធម្ភាគចក្រ បានប្រមូលផ្តុំគ្នានៅក្បែរនោះ ខណៈបំណែកដែក បានរាយប៉ាយពេញជម្រាលដី ហើយយ៉ាងហោចណាស់ មានទូរថភ្លើងចំនួន៣បានធ្លាក់ចុះទៅ។ ប្រធានរដ្ឋាភិបាលតំបន់នេះ លោក អេមីលៀណូ ហ្កាសៀរ-ផេក (Emiliano García-Page) បានអះអាងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៦៨នាក់ ខណៈក្រុមសង្គ្រោះដែលស្វែងរកជនរងគ្រោះផ្សេងទៀតនៅពេលព្រលប់ មិនបានដឹងថា តើនឹងរកឃើញអ្នកស្លាប់បន្ថែមទៀតឬយ៉ាងណានោះទេ។

សូមរម្លឹកថា កាលពីខែមករា ឆ្នាំ២០២៦ ក៏មានគ្រោះថ្នាក់រថភ្លើងបុកគ្នាដែរ ដោយបានសម្លាប់មនុស្សអស់៤៦នាក់។ ក្រឡេកទៅក្រោយបន្តិចទៀត! កាលពីឆ្នាំ២០១៣ គ្រោះថ្នាក់ដែលកើតឡើងដោយរថភ្លើងបុកគ្នា បានសម្លាប់មនុស្សអស់៨០នាក់។ ទោះបីជាអេស្ប៉ាញ បានចំណាយជាមធ្យមប្រមាណ ១,៥ពាន់លានអឺរ៉ូក្នុងមួយឆ្នាំលើបណ្តាញផ្លូវល្បឿនលឿនរបស់ខ្លួនចន្លោះឆ្នាំ២០១៨ និងឆ្នាំ២០២២ ដែលច្រើនជាងប្រទេសអឺរ៉ុបផ្សេងទៀតក៏ដោយ ប៉ុន្តែប្រាក់ភាគច្រើន បានចាក់បញ្ចូលទៅលើការកសាងថ្មីៗ ដោយមានតែប្រមាណ ១៦ភាគរយប៉ុណ្ណោះ ដែលត្រូវបានបម្រុងទុកសម្រាប់ការថែទាំ ការផ្លាស់ប្ដូរថ្មី និងការធ្វើឱ្យផ្លូវប្រសើរឡើង៕





