
ម៉ាឌ្រីដ៖ វិបត្តិរលកកម្តៅខ្លាំងជាលើកដំបូងនៅប្រទេសអេស្ប៉ាញ បានឆក់យកជីវិតមនុស្សដល់ទៅជាង២០០នាក់ ក្នុងរយៈពេលត្រឹមតែ៤ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃអាទិត្យទី២១ ដល់ថ្ងៃពុធទី២៤ ខែមិថុនា ឆ្នាំ២០២៦។ នេះបើយោងតាមទិន្នន័យផ្លូវការដែលទើបត្រូវបានផ្សព្វផ្សាយ កាលពីថ្ងៃទី២៥ ខែមិថុនា ចំពេលរលកកម្តៅកំពុងវាយប្រហារបណ្តាប្រទេសជាច្រើននៅតំបន់អឺរ៉ុប។

ប្រព័ន្ធឃ្លាំមើលនៃសាកលវិទ្យាល័យ Carlos III បានកត់ត្រាពីចំនួនអ្នកស្លាប់សរុប២១២នាក់ ដោយសារតែឥទ្ធិពលនៃសីតុណ្ហភាព ដែលបានហក់ឡើងខ្ពស់ខុសធម្មតារហូតដល់ទៅជាង៤៥អង្សាសេ។ ក្រសួងសុខាភិបាលអេស្ប៉ាញបានគូសបញ្ជាក់ថា ករណីស្លាប់ភាគច្រើន គឺបណ្ដាលមកពីការប៉ះនឹងកម្តៅថ្ងៃខ្លាំងជ្រុល បូករួមផ្សំជាមួយជំងឺប្រចាំកាយរបស់អ្នកជំងឺផងដែរ។

ទីភ្នាក់ងារឧតុនិយមរដ្ឋ (AEMET) បានបញ្ជាក់ថា ប៉ុន្មានថ្ងៃមកនេះ អាកាសធាតុក្ដៅបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាង៧០ឆ្នាំមកនេះ ដោយគិតចាប់តាំងពីឆ្នាំ១៩៥០មក ។ គួររំលឹកថា កាលពីឆ្នាំ២០២៥កន្លងទៅ ចន្លោះពីខែឧសភា ដល់ខែកញ្ញា ប្រទេសអេស្ប៉ាញក៏បានកត់ត្រាអ្នកស្លាប់ចំនួន៣៨៣២នាក់ ដោយសារកម្តៅទូទាំងប្រទេស៕





