វិបត្តិភ្លើងឆេះព្រៃនៅអឺរ៉ុប៖ អេស្ប៉ាញប្រកាសអាសន្ន និងជម្លៀសប្រជាជនរាប់ម៉ឺននាក់ ខណៈបារាំង-អ៊ីតាលី កំពុងឆេះសន្ធោសន្ធៅ
N
Nary Vann
13 ម៉ោងមុន

ម៉ាឌ្រីដ៖ រដ្ឋាភិបាលអេស្ប៉ាញ បានប្រកាសអាសន្នថ្នាក់ជាតិ នៅក្នុងតំបន់ជុំវិញរាជធានីម៉ាឌ្រីដ (Madrid) និងខេត្តអាវីឡា (Ávila) នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នេះ បន្ទាប់ពីគ្រោះអគ្គិភ័យឆេះព្រៃជាច្រើនកន្លែង បានរីករាលដាលយ៉ាងឆាប់រហ័ស និងមិនអាចគ្រប់គ្រងបាន បង្ខំឱ្យអាជ្ញាធរបញ្ជាឱ្យជម្លៀសប្រជាពលរដ្ឋ និងអ្នកទេសចរជាង១ម៉ឺននាក់ ចេញពីតំបន់គ្រោះថ្នាក់។

នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ភេដ្រូ សាន់ឆេស (Pedro Sánchez) បានថ្លែងថា រាជរដ្ឋាភិបាល បានចាត់វិធានការបន្ទាន់ ដោយបញ្ចេញកម្លាំងយោធា និងធនធានទាំងអស់ ដើម្បីចុះអន្តរាគមន៍ពន្លត់ភ្លើងឆេះព្រៃនៅតាមបណ្តាខេត្ត និងតំបន់ជាច្រើន រួមមាន Ávila, León, Toledo និង Madrid ជាដើម។ បន្ថែមពីលើការជម្លៀសពលរដ្ឋជាង១ម៉ឺននាក់នៅជុំវិញរាជធានីម៉ាឌ្រីដ អាជ្ញាធរក៏បានចេញបម្រាមអាសន្នឱ្យពលរដ្ឋប្រមាណ៣៥០០នាក់ផ្សេងទៀតនៅក្រុង Aldea de Fresno ត្រៀមខ្លួនជម្លៀស និងបានបញ្ជាឱ្យអ្នកភូមិក្នុងខេត្តអាវីឡា ស្នាក់នៅក្នុងផ្ទះដើម្បីសុវត្ថិភាព ខណៈមនុស្សជាង១៥០០នាក់ ត្រូវរត់ភៀសខ្លួនចេញពីតំបន់ទេសចរណ៍ និងភូមិឋាន បន្ទាប់ពីអណ្តាតភ្លើង បានឆាបឆេះយ៉ាងលឿន។

បន្ថែមពីលើវិបត្តិនៅក្នុងប្រទេសអេស្ប៉ាញ បណ្តាប្រទេសជិតខាងនៅអឺរ៉ុបភាគខាងត្បូងដូចជា ប្រទេសបារាំង និងអ៊ីតាលី ក៏កំពុងប្រឈមមុខនឹងគ្រោះអគ្គិភ័យឆេះព្រៃយ៉ាងធ្ងន់ធ្ងរផងដែរ។ នៅភាគខាងត្បូងនៃប្រទេសបារាំង កម្តៅកើនឡើងខ្ពស់ និងខ្យល់បក់បោកខ្លាំង បានជំរុញឱ្យភ្លើងឆេះព្រៃរីករាលដាលយ៉ាងលឿន សំដៅទៅរកតំបន់សហគមន៍ និងតំបន់ផ្ទះវិស្សមកាលរបស់ប្រជាពលរដ្ឋ ដោយបង្ខំឱ្យអាជ្ញាធរបារាំងចាត់កម្លាំងពន្លត់អគ្គិភ័យរាប់រយនាក់ និងប្រើប្រាស់យន្តហោះចាក់ទឹកបាញ់ពន្លត់បន្ទាន់។

ជាមួយគ្នា នៅប្រទេសអ៊ីតាលី តំបន់ភាគខាងត្បូង និងបណ្តាកោះមួយចំនួន ក៏កំពុងរងការគំរាមកំហែងយ៉ាងខ្លាំងពីអគ្គិភ័យឆេះព្រៃនេះដូចគ្នា ដោយសារតែរលកកម្តៅខ្លាំងពេក បានធ្វើឱ្យព្រៃឈើស្ងួតហួតហែង និងងាយឆាបឆេះ។ អាជ្ញាធរអ៊ីតាលី បានបញ្ចេញការប្រកាសអាសន្ន និងបានណែនាំឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់រងផលប៉ះពាល់ត្រៀមលក្ខណៈរត់ភៀសខ្លួន ខណៈក្រុមអ្នកពន្លត់អគ្គិភ័យកំពុងប្រយុទ្ធប្រឆាំងនឹងអណ្តាតភ្លើងទាំងយប់ទាំងថ្ងៃ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត