
រាជធានីបាងកក៖ អាជ្ញាធរក្នុងប្រទេសថៃ បានទម្លាយផែនការដ៏ធំមួយ ដែលពាក់ព័ន្ធនឹងការតខ្សែអ៊ីនធឺណិតប្រវែងរាប់រយម៉ែត្រឆ្លងកាត់ព្រំដែនថៃ ដើម្បីផ្គត់ផ្គង់ប្រព័ន្ធអ៊ីនធឺណិតឱ្យមជ្ឈមណ្ឌលឆបោកមួយកន្លែងនៅក្នុងប្រទេសភូមា បន្ទាប់ពីបានរកឃើញផ្ទះអ្នកភូមិទ្រុឌទ្រោមចំនួន២ខ្នង បានប្រើប្រាស់កម្រិតបញ្ជូនទិន្នន័យប្រចាំថ្ងៃ ច្រើនស្មើនឹងតម្រូវការរបស់ភូមិមួយទាំងមូល។

កងកម្លាំងបានចុះឆែកឆេរផ្ទះទាំងនោះនៅក្នុងភូមិណងលូ (Nong Lu) ដែលជាភូមិជាប់ព្រំដែនថៃក្នុងខេត្តកញ្ចនបុរី(Kanchanaburi) ដែលជាច្រកចូលទៅកាន់ច្រកវត្តចំនួនបី (Three Pagodas Pass) ក្នុងប្រទេសភូមា ដែលបច្ចុប្បន្នជាមជ្ឈមណ្ឌលដ៏ល្បីល្បាញនៃក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ មេខ្លោងមជ្ឈមណ្ឌលឆបោកជាច្រើនបានផ្លាស់ប្ដូរទីតាំង បន្ទាប់ពីមានការបង្ក្រាបនៅភាគខាងជើងនៃប្រទេសភូមា។ ហេតុការណ៍នេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីភាពធូររលុង ភាពមិនប្រក្រតី និងអសមត្ថភាពរបស់អាជ្ញាធរមូលដ្ឋានថៃ ដែលបណ្តោយឱ្យឧក្រិដ្ឋជនប្រើប្រាស់ទឹកដីរបស់ខ្លួនធ្វើជាឈ្នាន់ផ្គត់ផ្គង់ប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿនទៅឱ្យមជ្ឈមណ្ឌលឆបោក និងកាស៊ីណូខុសច្បាប់នៅក្នុងប្រទេសភូមា។

ទោះបីជាកន្លងមក ថៃតែងតែសម្ដែងខ្លួនជា«ជនរងគ្រោះ» ឬជា «អ្នកបង្ក្រាបដ៏ក្ដៅគគុក» លើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏ដោយ ប៉ុន្តែអង្គហេតុជាក់ស្តែងបានបង្ហាញថា ទឹកដីថៃខ្លួនឯងទៅវិញទេ ដែលកំពុងក្លាយជាទីតាំងសុវត្ថិភាព និងជាប្រភពផ្គត់ផ្គង់ប្រភពថាមពល និងអ៊ីនធឺណិតដ៏សំខាន់ឱ្យក្រុមឧក្រិដ្ឋជនរស់រាន និងពង្រីកខ្លួននៅតាមបណ្តោយព្រំដែន៕




