
រដ្ឋធានីណៃពិដោ៖ អ្នកនាំពាក្យរដ្ឋាភិបាលភូមា ឬ(មីយ៉ាន់ម៉ា) អ្នកស្រី ឃាំង ឃាំង សូ (Khaing Khaing Soe) បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ទី៨ ខែតុលាថា ប្រទេសឥណ្ឌូណេស៊ី និងប្រ៊ុយណេ មានផែនការអញ្ជើញអតីតមេដឹកនាំរបបយោធាភូមា លោក មីន អ៊ុងឡាំង (Min Aung Hlaing) ឱ្យមកបំពេញទស្សនកិច្ចនៅប្រទេសរបស់ខ្លួន បន្ទាប់ពីដំណើរបំពេញទស្សនកិច្ចរបស់មេដឹកនាំរដ្ឋប្រហាររូបនេះទៅកាន់ប្រទេសម៉ាឡេស៊ី។ នេះបើតាមការចុះផ្សាយដោយកាសែត The Irrawaddy នាថ្ងៃទី៩ ខែតុលា...។

អ្នកនាំពាក្យរូបនេះបន្ថែមថា លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានចែករំលែកព័ត៌មាននេះ ក្នុងអំឡុងពេលដំណើរបំពេញទស្សនកិច្ចរបស់មេដឹកនាំភូមា។ ចាប់តាំងពីការកាន់អំណាចជាប្រធានាធិបតីកាលពីខែមេសាមក លោក មីន អ៊ុងឡាំង បានធ្វើដំណើរទៅកាន់ប្រទេសក្រៅចំនួន៩ រួមទាំងប្រទេសជាសមាជិកអាស៊ានចំនួន៥ ដោយក្នុងនោះក៏មានកម្ពុជាផងដែរ។ ដោយឡែក អង្គការសង្គមស៊ីវិល និងក្រុមសិទ្ធិមនុស្សអន្តរជាតិ បានថ្កោលទោសយ៉ាងខ្លាំងចំពោះបណ្តាប្រទេសដែលទទួលស្វាគមន៍មេដឹកនាំរបបយោធារូបនេះ ដោយបានលើកឡើងថា ការទទួលស្វាគមន៍រូបលោក គឺស្មើនឹងការគាំទ្រអំពើហិង្សា និងការចូលដៃចូលជើងក្នុងឧក្រិដ្ឋកម្មអន្តរជាតិរបស់របបយោធាភូមា។

គួរបញ្ជាក់ថា កន្លងមក ភូមាត្រូវបានហាមឃាត់មិនឱ្យចូលរួមកិច្ចប្រជុំកំពូលអាស៊ានឡើយ ដោយសារតែបរាជ័យក្នុងការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទ៥ចំណុច ដែលទាមទារឱ្យមានការបញ្ឈប់អំពើហិង្សាជាបន្ទាន់ ខណៈរបបយោធានៅតែបន្តការវាយប្រហារតាមអាកាស បណ្ដាលឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើន រួមទាំងបានបង្កជាវិបត្តិជនភៀសខ្លួនផងដែរ៕




