
រាជធានីភ្នំពេញ៖ កម្ពុជា និងចក្រភពរួមនៃព្រីតថេន និងអៀរឡង់ខាងជើង បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយផ្តោតលើការពង្រឹងកិច្ចសហការអនុវត្តច្បាប់ ការផ្លាស់ប្ដូរព័ត៌មាន និងការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន។ ពិធីចុះហត្ថលេខា ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ រវាង លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងលោក ឡដ ហេនសុន (Lord Hanson) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃចក្រភពព្រីតថេន និងអៀរឡង់ខាងជើង ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ...។

អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងពង្រឹងការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាដែលមានលក្ខណៈឆ្លងដែន ខណៈភាគីទាំងពីរទទួលស្គាល់ថា បណ្តាញឧក្រិដ្ឋកម្មប្រភេទនេះ អាចផ្លាស់ទី និងសម្របខ្លួនឆ្លងកាត់ព្រំដែនបានយ៉ាងឆាប់រហ័ស។ ចក្រភពរួមនៃព្រីតថេន ក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីរំខាន និងបង្ក្រាបបណ្តាញឧក្រិដ្ឋកម្ម ព្រមទាំងការពារជនងាយរងគ្រោះ។ តាមអនុស្សរណៈ ភាគីទាំងពីរនឹងបង្កើតក្រុមការងារពិសេស (Task Force) បន្ថែមលើក្រុមការងារ Task Force ដែលកម្ពុជា មានស្រាប់ជាមួយ ប្រទេសថៃ វៀតណាម ឡាវ កូរ៉េ ជប៉ុន និងអូស្ត្រាលី ដើម្បីសម្របសម្រួលការងារប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ កិច្ចសហប្រតិបត្តិការ នឹងរួមមានការផ្លាស់ប្ដូរព័ត៌មានសម្ងាត់ និងទិន្នន័យពាក់ព័ន្ធបទល្មើស ការស៊ើបអង្កេត ការស្វែងរកប្រភពដើមនៃបទល្មើស និងការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់។ លើសពីនេះ កិច្ចសហការនឹងផ្តោតលើការទប់ស្កាត់ការលាងលុយ ការតាមដាន និងដកហូតទ្រព្យសម្បត្តិដែលបានមកពីបទល្មើស ព្រមទាំងការចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនពាក់ព័ន្ធ។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានគូសបញ្ជាក់ពីឆន្ទៈដ៏មុតមាំ និងលទ្ធផលជាក់ស្តែង ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននាពេលកន្លងមក ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមមាន៖ ការបណ្តេញចេញ និងចាកចេញរបស់ជនបរទេស។ លោកថា គិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ មនុស្សជាង៥ម៉ឺននាក់ ត្រូវបានបណ្តេញចេញ និងស្ម័គ្រចិត្តចាកចេញពីកម្ពុជា ដោយមួយចំនួនបានត្រឡប់ទៅប្រទេសដើមកំណើត និងមួយចំនួនទៀតចាកចេញទៅបណ្តាប្រទេសជិតខាងដូចជា ប្រទេសឡាវ ថៃ ភូមា ស្រីលង្កា និងបង់ក្លាដេស។ ជាមួយគ្នា លោកបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ កម្ពុជានឹងមិនអនុញ្ញាតឱ្យមានការធ្វើកាស៊ីណូអនឡាញ និងការភ្នាល់តាមប្រព័ន្ធអនឡាញនៅតាមកាស៊ីណូទៀតឡើយ។

ចំណែក លោក ឡដ ហេនសុន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃរាជាណាចក្ររួមព្រីតថេន និងអៀរឡង់ខាងជើង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមេដឹកនាំកម្ពុជា ពិសេសលើការប្តេជ្ញាចិត្តខ្ពស់ និងវិធានការក្ដៅក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងការខិតខំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកបានបញ្ជាក់ថា រាជាណាចក្ររួមព្រីតថេន និងអៀរឡង់ខាងជើង ចាត់ទុកកម្ពុជា ជាដៃគូសហការដ៏សំខាន់ ក្នុងតំបន់ និងបានត្រៀមខ្លួនចែករំលែកបទពិសោធ ការអនុវត្តល្អៗ និងកិច្ចសហការជិតស្និទ្ធជាមួយកម្ពុជា នាពេលអនាគត។ លោកចាត់ទុក ការចុះហត្ថលេខាលើ MoU នាពេលនេះ ថាមិនត្រឹមតែជា ជំហានប្រវត្តិសាស្ត្រថ្មី ក្នុងទំនាក់ទំនងរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារព្រមានយ៉ាងច្បាស់ទៅកាន់ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាថា កម្ពុជាមិនមែនជាដែនជម្រកសុវត្ថិភាពសម្រាប់សកម្មភាពខុសច្បាប់ឡើយ៕







