
រដ្ឋធានីប៉េកាំង៖ តុលាការខេត្តស៊ីឈួន ប្រទេសចិន បានសម្រេចសេចក្តីនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ស្តីពីការកាត់ទោសប្រហារជីវិត លោក វ៉ាង ហ៊ុយមីន (Wang Huimin) អតីតមន្ត្រីជាន់ខ្ពស់ម្នាក់ ដោយសារលួចទទួលសំណូកជាង៤៣៦ លានយ័ន ឬជាង៦៥លានដុល្លារអាម៉េរិក ក្នុងអំឡុងកាន់តួនាទី។ ប៉ុន្តែ ទោសប្រហារជីវិតនេះ មិនមែនត្រូវបានអនុវត្តភ្លាមៗ បន្ទាប់ពីតុលាការប្រកាសរួចនោះទេ គឺត្រូវព្យួរ ឬរង់ចាំមើលរយៈពេល២ឆ្នាំសិន ហើយនឹងត្រូវសម្រេចលើកចុងក្រោយ។

តាមប្រព័ន្ធច្បាប់ចិន ការព្យួរទោសបែបនេះ ដែលគេធ្លាប់ឃើញនៅចិន ជាទូទៅ អ្នកជាប់ទោស អាចមានឱកាសរួចផុតពីទោសប្រហារជីវិត មកជាអ្នកទោសជាប់ពន្ធនាគារមួយជីវិតវិញ បើក្នុងរយៈពេលព្យួរទោសនេះ អ្នកទោសនោះ មានឥរិយាបថល្អ និងមិនត្រូវបានរកឃើញទោសកំហុសធ្ងន់ធ្ងរណាផ្សេងទៀត។ សារព័ត៌មាន China Daily ចុះផ្សាយនៅថ្ងៃទី២៨ ខែតុលានេះថា ក្រៅពីទោសប្រហារជីវិត ដែលត្រូវព្យួរទុក២ឆ្នាំ លោក វ៉ាង ក៏ត្រូវបានរឹបអូសទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងអស់ផងដែរ។ តុលាការ រកឃើញថា រយៈពេល២៧ឆ្នាំ ចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២៥ លោកបានប្រើប្រាស់តួនាទី និងអំណាចរបស់ខ្លួន ដើម្បីផ្តល់ផលប្រយោជន៍ដល់ស្ថាប័ន ឬក្រុមហ៊ុនឯកជន និងបុគ្គលនានា ក្នុងវិស័យប្រតិបត្តិការអាជីវកម្ម ជាថ្នូរនឹងការទទួលបានសំណូក។

តុលាការ អះអាងថា សំណូកដ៏ច្រើនសន្ធឹកសន្ធាប់ និងការខូចខាតយ៉ាងធ្ងន់ធ្ងរដែលលោក វ៉ាង បានបង្កដល់ប្រទេសជាតិ និងប្រជាជន គឺជាមូលហេតុដែលលោកសមនឹងទទួលទោសប្រហារជីវិត។ ក៏ប៉ុន្តែ ដោយសារលោក បានសារភាពកំហុស ស្ម័គ្រចិត្តបង្ហាញសកម្មភាពសំណូកមួយចំនួន ដែលអ្នកស៊ើបអង្កេតមិនទាន់រកឃើញ និងប្រគល់ផលប្រយោជន៍ខុសច្បាប់ត្រឡប់មកវិញខ្លះ ដូច្នេះ តុលាការ ក៏បានបន្ធូរបន្ថយទោស ដោយសម្រេចព្យួរទោសប្រហារជីវិតនេះរយៈពេល២ឆ្នាំ ដែលលោកអាចនឹងមានសង្ឃឹមប្តូរទៅជាជាប់ទោសមួយជីវិតវិញ។ បច្ចុប្បន្ន លោក វ៉ាង មានវ័យ៦៧ឆ្នាំហើយលោកមានដើមកំណើតនៅខេត្តកានស៊ូ (Gansu)។ លោក បានចាប់ផ្តើមអាជីពការងារនៅឆ្នាំ១៩៧៥ និងចូលជាសមាជិកបក្សកុម្មុយនីស្ដចិន នៅឆ្នាំ១៩៨២។

លោក ធ្លាប់ធ្វើការនៅតំបន់ស្វយ័តស៊ីនជាំង (Xinjiang) អស់រយៈពេលជាច្រើនឆ្នាំ ហើយបានកាន់តួនាទីជាប្រធានសាខាធនាគារសំណង់ចិន (China Construction Bank) ប្រចាំតំបន់នេះ ចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០២។ ក្រោយមក លោក បានកាន់តួនាទីជាជំនួយការប្រធានរដ្ឋាភិបាលតំបន់ស្វយ័តស៊ីនជាំង រហូតដល់ឆ្នាំ២០១២ ហើយត្រូវបានផ្ទេរទៅធ្វើការនៅគណៈកម្មការនិយ័តកម្មមូលបត្រ។ លោក ធ្លាប់ដឹកនាំត្រួតពិនិត្យវិន័យរបស់ស្ថាប័ននេះ ហើយបន្ទាប់មក មានឱកាសដឹកនាំក្រុមត្រួតពិនិត្យវិន័យ និងតាមដានការអនុវត្តច្បាប់ ដែលស្ថាប័នប្រឆាំងអំពើពុករលួយថ្នាក់ជាតិ ប្រគល់ឱ្យ។ លោក ត្រូវបានដាក់ឱ្យស្ថិតក្រោមការស៊ើបអង្កេត ចាប់តាំងពីខែមីនា ឆ្នាំ២០២៥មក ហើយក្រោយមកបន្តិច ក៏ត្រូវបានបណ្តេញចេញពីបក្ស។ នៅខែមេសា ឆ្នាំ២០២៦ លោកត្រូវបានចោទប្រកាន់ជាផ្លូវការ ពីបទទទួលសំណូក ហើយលោក បានសារភាពកំហុសនៅក្នុងសវនាការ៕



