នេតាន់យ៉ាហ៊ូ ប្ដេជ្ញាបង្កើតរដ្ឋាភិបាលស្លាបស្ដាំជាតិនិយមអ៊ីស្រាអែលដ៏ខ្លាំងក្លា ផ្ដួលរំលំអ៊ីរ៉ង់
S
Sinuon Nop
•
13 ម៉ោងមុន

រដ្ឋធានីហ្ស៊េរូសាឡឹម៖ ថ្វីដ្បិតតែការរាប់សន្លឹកឆ្នោតកំពុងបន្ដ ដោយម្ដងគណបក្សប្រឆាំងនាំមុខ ម្ដងគណបក្សដៃគូចម្រុះដែលកំពុងគ្រប់គ្រងអំណាចនាំមុខ លោកនាយករដ្ឋមន្រ្ដីអ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូ ក៏បានប្រកាសថា លោកកំពុងរង់ចាំលទ្ធផលពិតប្រាកដ ហើយប្រសិនបើលោកឈ្នះ នឹងបង្កើតរដ្ឋាភិបាលស្លាបស្ដាំជាតិដ៏ខ្លាំងក្លា ដើម្បីផ្ដួលរំលំរបបគ្រប់គ្រង នៅក្នុងប្រទេសអ៊ីរ៉ង់...។

ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសហ្ស៊កដានី Roya News English បានចេញផ្សាយនៅរសៀលថ្ងៃពុធទី២៨ ខែតុលានេះថា លោក បេនចាមីន នេតាន់យ៉ាហ៊ូ បានប្ដេជ្ញាបង្កើតរដ្ឋាភិបាលស្លាបស្ដាំជាតិដ៏ខ្លាំងក្លា ហើយថា អ៊ីស្រាអែល មានឱកាសពិសេស ជាមួយនឹងប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ដើម្បីលុបបំបាត់នូវការគំរាមកំហែងរបស់អ៊ីរ៉ង់ ខណៈលទ្ធផលបោះឆ្នោត បង្ហាញថា ក្រុមសម្ព័ន្ធភាពរបស់គាត់ កំពុងដេញតាមគ្នាយ៉ាងប្រផិតប្រផើយ ជាមួយនឹងគូប្រជែង។ ទន្ទឹមគ្នា លោកនាយករដ្ឋមន្រ្ដី បានច្រានចោលនូវការបង្កើតរដ្ឋាភិបាលបន្ទាប់មួយ ដោយពឹងផ្អែកលើ«ការគាំទ្រពីជនជាតិអារ៉ាប់» ខណៈគណបក្សនានារបស់ជនជាតិអារ៉ាប់ ត្រូវគេរំពឹងថា នឹងឈ្នះអាសនៈ នៅក្នុងចំនួនដ៏ច្រើនបំផុត មិនធ្លាប់មាន ដែលអាចនឹងបង្កើនឥទ្ធិពលរបស់ពួកគេ ទៅលើការបង្កើតរដ្ឋាភិបាលថ្មី។

ទោះជាយ៉ាងណា ការទទួលបានអាសនៈច្រើនជាងគេ នៅក្នុងនាមជាគណបក្សមួយ មិនមែនជាការធានាថា អាចបង្កើតរដ្ឋាភិបាលបាននោះទេ។ ការស្ទង់មតិអ្នកបោះឆ្នោតនៅតាមមណ្ឌលបោះឆ្នោត ដែលបានកែសម្រួលឡើងវិញ ពីស្ថានីយទូរទស្សន៍អ៊ីស្រាអែលចំនួន២ បានបង្ហាញថា ក្រុមសម្ព័ន្ធភាពរបស់លោកនាយករដ្ឋមន្រ្ដី នេតាន់យ៉ាហ៊ូ ទទួលបានចំនួនអាសនៈស្មើគ្នា ជាមួយក្រុមសម្ព័ន្ធភាពបក្សប្រឆាំង ដឹកនាំដោយគូប្រជែងសំខាន់ គឺលោក ហ្កាឌី អេសេនកូត (Gadi Eisenkot) ខណៈស្ថានីយទូរទស្សន៍ទី៣ បង្ហាញថា ក្រុមរបស់លោកនាយករដ្ឋមន្ត្រី នាំមុខបន្តិចបន្តួចតែប៉ុណ្ណោះ។ លោកនាយករដ្ឋមន្រ្ដី នេតាន់យ៉ាហ៊ូ បានព្រមានថា កុំឱ្យទាញសេចក្តីសន្និដ្ឋានណាមួយ ដោយផ្អែកលើតួលេខបឋមទាំងនេះ ជាមួយនឹងលើកឡើងថា ការសន្និដ្ឋានបែបនេះ គឺលឿនពេក នៅក្នុងការកំណត់លទ្ធផល ហើយលោកកំពុងរង់ចាំ «លទ្ធផលពិតប្រាកដ»។

ក្រុមសម្ព័ន្ធភាពទាំងពីរ ត្រូវគេព្យាករថា នឹងមិនទទួលបានអាសនៈគ្រប់ចំនួន៦១ ដែលត្រូវការចាំបាច់ ដើម្បីបង្កើតសំឡេងភាគច្រើន នៅក្នុងសភានោះឡើយ ដែលធ្វើឱ្យសមាសភាព នៃរដ្ឋាភិបាលបន្ទាប់ នៅមិនទាន់ច្បាស់លាស់ ហើយអាចធ្វើឱ្យគណបក្សតូចៗ ក្លាយជាកត្តាសម្រេចចិត្ត នៅក្នុងការចរចា ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។ ប៉ុន្ដែបើគិតត្រឹមវេលាម៉ោង៣រសៀលថ្ងៃពុធទី២៨ ខែតុលា ឆ្នាំ២០២៦ ការរាប់សន្លឹកឆ្នោត បានចំនួន៥០,១ភាគរយ ដោយក្រុមរបស់លោកនាយករដ្ឋមន្រ្ដី នេតាន់យ៉ាហ៊ូ ទទួលបាន ចំនួន៥៦អាសនៈ នៅក្នុងចំណោម១២០អាសនៈ នៃសភាអ៊ីស្រាអែល ខណៈក្រុមប្រឆាំងទទួលបាន៤៩អាសនៈ និងក្រុមគណបក្សអារ៉ាប់ ទទួលបាន១៥អាសនៈ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត