មេដឹកនាំបក្សប្រឆាំងឆ្វេងនិយម ប្រកាសរួបរួមជាមួយគណបក្សអារ៉ាប់ ទម្លាក់នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល
S
Sinuon Nop
•
10 ម៉ោងមុន

រដ្ឋធានីហ្ស៊េរូសាឡឹម៖ ថ្វីដ្បិតក្រុមគណបក្សកាន់អមនាចរបស់លោកនាយករដ្ឋមន្រ្ដីអ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូ ប្រកាសដាច់ខាត ទទួលយកការគាំទ្រពីគណបក្សអារ៉ាប់យ៉ាងណាក្ដី ប៉ុន្ដែមេបក្សប្រឆាំងស្លាបឆ្វេងនិយមរបស់ប្រទេសនេះ បានប្រកាសរួបរួមគ្នាជាមួយនឹងគណបក្សអារ៉ាប់ ដើម្បីទម្លាក់គាត់ចេញពីតំណែង...។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន

បណ្ដាញទូរទស្សន៍របស់អារ៉ាប៊ីសាអូឌីត Al Arabiya News បានចេញផ្សាយនៅល្ងាចថ្ងៃពុធទី២៨ ខែតុលាថា លោក យែរ ហ្គោឡាន (Yair Golan) មេដឹកនាំគណបក្សស្លាបឆ្វេងនិយម កាលពីរសៀលថ្ងៃពុធ បានអំពាវនាវដល់សម្ព័ន្ធមិត្ត នៃគណបក្សប្រឆាំងរបស់លោក ត្រូវធ្វើការជាមួយនឹងបណ្ដាគណបក្សអារ៉ាប់ ដើម្បីទម្លាក់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ ចេញពីតំណែង ខណៈលទ្ធផលបោះឆ្នោត បង្ហាញថា ការគាំទ្រពីគណបក្សទាំងនោះ នឹងក្លាយជាកត្តាដ៏សំខាន់ សម្រាប់ការបង្កើតរដ្ឋាភិបាលចម្រុះថ្មី។

មេដឹកនាំបក្សប្រឆាំង លោក ហ្កាឌី អេសេនកូត (Gadi Eisenkot) ជាអតីតមេទ័ពកំពូលរបស់អ៊ីស្រាអែល 
មេដឹកនាំបក្សប្រឆាំង លោក ហ្កាឌី អេសេនកូត (Gadi Eisenkot) ជាអតីតមេទ័ពកំពូលរបស់អ៊ីស្រាអែល 

លោក យែរ ហ្គោឡាន (Yair Golan) មេដឹកនាំគណបក្សស្លាបឆ្វេងនិយម បានបង្ហោះសារនៅលើបណ្ដាញសង្គម X ថា៖«យើងមិនត្រូវទទួលយកនូវការបែងចែក ដោយផ្អែកលើការរើសអើងពូជសាសន៍ តាមអ្វីដែលលោកនាយករដ្ឋមន្រ្ដី នេតាន់យ៉ាហ៊ូ បានលើកឡើង រវាងសំឡេងឆ្នោតរបស់ជនជាតិយូដា និងសំឡេងឆ្នោតរបស់ជនជាតិអារ៉ាប់នោះឡើយ។ យើងទាំងអស់គ្នា មានការទទួលខុសត្រូវ សម្រាប់ប្រទេសជាតិទាំងមូល ហើយយើងក៏មានឱកាសបង្កើតរដ្ឋាភិបាលមួយ ដែលនាំមកនូវការផ្លាស់ប្ដូរ ក្រោមកិច្ចសហការគ្នា ជាមួយប្រជាជនអ៊ីស្រាអែល ដើមកំណើតអារ៉ាប់»។

 មេដឹកនាំគណបក្សស្លាបឆ្វេងនិយម លោក យែរ ហ្គោឡាន អតីតមេទ័ព
 មេដឹកនាំគណបក្សស្លាបឆ្វេងនិយម លោក យែរ ហ្គោឡាន អតីតមេទ័ព

ការបញ្ចេញប្រតិកម្មដ៏ខ្លាំងក្លារបស់មេដឹកនាំបក្សប្រឆាំងស្លាបឆ្វេងនិយមរូបនេះ កើតឡើងភ្លាមៗ ក្រោយពេលលោក បេនចាមីន នេតាន់យ៉ាហ៊ូ កាលពីព្រឹកថ្ងៃពុធ បានប្រកាសច្រានចោលនូវការបង្កើតរដ្ឋាភិបាលចម្រុះបន្ទាប់មួយ ដោយពឹងផ្អែកលើ«ការគាំទ្រពីជនជាតិអារ៉ាប់» ខណៈគណបក្សនានារបស់ជនជាតិអ៊ីស្រាអែល ដើមកំណើតអារ៉ាប់ ត្រូវគេរំពឹងថា នឹងឈ្នះអាសនៈ នៅក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន ដែលអាចនឹងបង្កើនឥទ្ធិពលរបស់ពួកគេ ទៅលើការបង្កើតរដ្ឋាភិបាលថ្មី។

បើគិតត្រឹមវេលាម៉ោង៣រសៀលថ្ងៃពុធទី២៨ ខែតុលា ឆ្នាំ២០២៦ ការរាប់សន្លឹកឆ្នោត បានចំនួន៥០,១ភាគរយ ដោយក្រុមរបស់លោកនាយករដ្ឋមន្រ្ដី នេតាន់យ៉ាហ៊ូ ទទួលបាន ចំនួន៥៦អាសនៈ នៅក្នុងចំណោម១២០អាសនៈ នៃសភាអ៊ីស្រាអែល ខណៈក្រុមប្រឆាំងទទួលបាន ៤៩អាសនៈ គណបក្សអារ៉ាប់និងគណបក្សផ្សេងទៀត ទទួលបានអាសនៈ ពី១៨-១៩អាសនៈ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត