លោក អូបាម៉ា វាយប្រហារចាស់ដៃលើលោក ត្រាំ ជុំវិញសង្គ្រាមអ៊ីរ៉ង់ និងធ្វើឱ្យប្រេងឡើងថ្លៃ
Chanmarady Chuon
•
3 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក បារ៉ាក់ អូបាម៉ា បានចេញមុខរិះគន់លោកប្រធានាធិបតី ដូណាល់ ត្រាំ យ៉ាងចាស់ដៃ ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតនៅរដ្ឋ អូហៃយ៉ូ ដោយលោកបានសើចចំអកលើក្បួនការទូតរបស់មេដឹកនាំរដ្ឋធានីវ៉ាស៊ីនតោន រូបនេះ ជុំវិញសង្គ្រាមនៅប្រទេសអ៊ីរ៉ង់…។

ថ្លែងនៅក្នុងការឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាធិបតេយ្យ ក្នុងរដ្ឋ អូហៃយ៉ូ (Ohio) កាលពីថ្ងៃសៅរ៍ទី២៤ ខែតុលា ឆ្នាំ២០២៦ លោក អូបាម៉ា បានគូសបញ្ជាក់ថា បញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវបានដោះស្រាយដោយសន្តិវិធី តាមរយៈយុទ្ធសាស្ត្រការទូត និងកិច្ចព្រមព្រៀងឆ្នាំ២០១៥ រួចរាល់ហើយ ប៉ុន្តែលោក ត្រាំ ទៅវិញទេ ដែលជាអ្នកដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ រហូតបង្កើតឱ្យមានសង្គ្រាម និងធ្វើឱ្យប្រជាជនជាអ្នកទទួលរងគ្រោះថ្នាក់។

លោក អូបាម៉ា បានចោទជាសំណួរបែបឌឺដងថា៖ «ជាង៧ខែមកនេះ តើសង្គ្រាមនោះដំណើរការយ៉ាងម៉េចដែរ? សម្ព័ន្ធមិត្ត និងមូលដ្ឋានទ័ពរបស់យើង ត្រូវបានវាយប្រហារ! ជនជាតិអាម៉េរិកត្រូវបានសម្លាប់ ខណៈរាប់រយនាក់ទៀតរងរបួស។ ស្តុកអាវុធរបស់យើងសល់តិច។ ឥឡូវនេះ អ៊ីរ៉ង់មានអំណាចពេញដៃ ក្នុងការក្ដោបក្ដាប់ កំណត់ច្រកសមុទ្ទហ័រមូហ្ស ដែលជាច្រកដឹកជញ្ជូនប្រេងទៅកាន់ទីផ្សារពិភពលោក»។ លោកបន្ថែមថា៖«នេះជាហេតុផលដែលនាំឱ្យតម្លៃប្រេងកើនឡើង គ្មាននរណាម្នាក់ប្រកែកបានឡើយ។ នេះជាហេតុផលដែលនាំឱ្យតម្លៃប្រេងម៉ាស៊ូតកើនឡើង និងជាហេតុផលដែលនាំឱ្យទំនិញ ស្ទើរតែទាំងអស់កើនឡើងតម្លៃ»។

គួររំឭកថា ប្រតិបត្តិការសឹករបស់សហរដ្ឋអាម៉េរិក រួមដៃជាមួយអ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់ ដែលលោក ត្រាំ អះអាងថា នឹងបញ្ចប់ក្នុងពេលឆាប់ៗ ពេលនេះ បានអូសបន្លាយអស់រយៈពេលជិត៨ខែ មកហើយ។ ផ្អែកតាមទិន្នន័យពីក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក សង្គ្រាមនេះ បានបណ្ដាលឱ្យទាហានសហរដ្ឋអាម៉េរិក២១នាក់ បាត់បង់ជីវិត និង៨៦៥នាក់ផ្សេងទៀតរងរបួស។ លើសពីនេះ ការដែលអ៊ីរ៉ង់បិទច្រកសមុទ្ទហ័រមូហ្ស ជាការសងសឹក បានរារាំងដល់នាវាដឹកប្រេងពិភពលោក និងបានក្លាយជាមូលហេតុចម្បង ដែលធ្វើឱ្យតម្លៃប្រេងឥន្ធនៈ ព្រមទាំងតម្លៃទំនិញលើទីផ្សារអន្តរជាតិហក់ឡើងថ្លៃខ្លាំង។

គួរបញ្ជាក់ថា ការចេញមុខវាយប្រហាររបស់លោក បារ៉ាក់ អូបាម៉ា ធ្វើឡើងក្នុងបំណងជួយកៀរគរការគាំទ្រដល់បេក្ខជនបក្សប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិនាខែវិច្ឆិកាខាងមុខ ខណៈលោក ត្រាំ កំពុងប្រឈមមុខនឹងសម្ពាធនយោបាយយ៉ាងធ្ងន់ធ្ងរ។ យោងតាមការស្ទង់មតិរបស់ AP/NORC បានបង្ហាញថា ប្រជាជនសហរដ្ឋអាម៉េរិក ភាគច្រើនទាំងខាងបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋ សុទ្ធតែចាត់ទុកការបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ គឺជាអាទិភាពកំពូលបំផុតដែលសភាសហរដ្ឋអាម៉េរិកអាណត្តិថ្មី ត្រូវតែដោះស្រាយជាប្រញាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត