
រាជធានីភ្នំពេញ៖ មន្ត្រីជំនាញកម្ពុជា និងសហរដ្ឋអាម៉េរិក បាននិងកំពុងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយបង្កើនសកម្មភាពថ្មីៗជាច្រើន ដើម្បីឆ្លើយតបការវិវត្តនៃបទល្មើសឆ្លងដែន ដូចជាគ្រឿងញៀនជាដើម…។

ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា បានឱ្យដឹងកាលពីថ្ងៃទី២០សីហាថា កាលពីពេលថ្មីៗនេះ រដ្ឋបាលអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនសហរដ្ឋអាម៉េរិក ហៅកាត់ថា DEA និងនគរបាលប្រឆាំងគ្រឿងញៀនកម្ពុជា ហៅកាត់ថា ADP បានសហការគ្នារហូតឈានដល់ការចាប់ខ្លួនជនបរទេសពាក់ព័ន្ធនឹងប្រតិបត្តិការជាច្រើននាក់ ព្រមទាំងរឹបអូសទ្រព្យសម្បត្តិ ទីតាំងស្តុកទុក រួមទាំងសារធាតុគីមីសម្រាប់ផលិតគ្រឿងញៀនច្រើនជាង១តោន និងគ្រឿងញៀនខុសច្បាប់ជាង២០០គីឡូក្រាម លើទឹកដីខេត្តព្រះសីហនុ។ បើតាមស្ថានទូតសហរដ្ឋអាម៉េរិក កិច្ចសហប្រតិបត្តិការរវាងការិយាល័យ DEA ប្រចាំនៅរាជធានីភ្នំពេញ និងរដ្ឋញូវជើស៊ី (New Jersey) ក៏បានជួយឱ្យរដ្ឋបាលរដ្ឋធានីវ៉ាស៊ីនតោន រកឃើញបណ្តាញក្នុងស្រុកមួយ ដែលមានប្រតិបត្តិការលាងលុយតាមរូបិយបណ្ណគ្រីបតូ ឱ្យក្រុម Sinaloa Cartel។ ស្ថានទូត បានចាត់ទុកប្រតិបត្តិការជាមួយកម្ពុជាទាំងនេះ ជាប្រតិបត្តិការកម្រិតខ្ពស់ និងជាការបង្ហាញអំពីតួនាទីដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីរុះរើបណ្តាញឧក្រិដ្ឋកម្មសកល និងការការពារពលរដ្ឋអាម៉េរិក និងពលរដ្ឋកម្ពុជា។

លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងនៅថ្ងៃដដែលថា កិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់កម្ពុជា និងសហរដ្ឋអាម៉េរិក មិនមែនទើបតែមានថ្មីថ្មោងទេ ប៉ុន្តែគឺជាបច្ច័យវិជ្ជមានថ្មីមួយទៀត ដែលបានមកពីការបន្តនយោបាយដឹកនាំរវាងថ្នាក់ដឹកនាំកម្ពុជា និងសហរដ្ឋអាម៉េរិក។ លោកថា បច្ចុប្បន្ន កម្ពុជា-សហរដ្ឋអាម៉េរិក កំពុងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយបង្កើនសកម្មភាពថ្មីៗជាច្រើន ដើម្បីឆ្លើយតបការវិវត្តបទល្មើសឆ្លងដែន ដូចជាគ្រឿងញៀនជាដើម។ កម្ពុជា ក៏បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយការិយាល័យស៊ើបអង្កេតប្រព័ន្ធផ្សព្វផ្សាយសហព័ន្ធ (FBI) លើការងារជំនាញ ព័ត៌មាន និងផ្លូវច្បាប់ ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាពនៃរដ្ឋ។ អ្នកនាំពាក្យរងសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា បន្តបើកទូលាយរាល់កិច្ចសហប្រតិបត្តិការជាអន្តរជាតិ ដើម្បីកម្ចាត់ទាំងបញ្ហាគ្រឿងញៀន និងបទល្មើសឆ្លងដែននានា សំដៅធានានាំមកនូវវិបុលភាពជូនប្រជាជនកម្ពុជា សហរដ្ឋអាម៉េរិក និងមនុស្សជាតិលើពិភពលោក៕




