អាម៉េរិកចាត់ទុកកម្ពុជាសំខាន់ និងប្ដេជ្ញាពូនជ្រំទំនាក់ទំនងការពារជាតិឱ្យកាន់តែរឹងមាំ
S
Soriya Sou
8 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោក អែលប្រ៊ីដ អ៊ែនឌ្រូ ខូលប៊ី (Elbridge A. Colby) អនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាម​សហរដ្ឋអាម៉េរិក បានសង្កត់ធ្ងន់ថា កម្ពុជាជាប្រទេសសំខាន់មួយក្នុងភាពជាដៃគូជាមួយសហរដ្ឋអាម៉េរិក…។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Elbridge A. Colby អនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាម សហរដ្ឋអាម៉េរិក។  
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Elbridge A. Colby អនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាម សហរដ្ឋអាម៉េរិក។  

អនុរដ្ឋមន្ត្រីនៃក្រសួងសង្គ្រាម​សហរដ្ឋអាម៉េរិក មានប្រសាសន៍ប្រាប់សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា លោកវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគី​ សហរដ្ឋអាម៉េរិក-កម្ពុជា ជាពិសេស ក្នុងវិស័យការពារជាតិ។ លោកអះអាងថា៖«សហរដ្ឋអាម៉េរិក ​ នឹងបន្តពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត»។ ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្ដីរីករាយចំពោះវឌ្ឍនភាពវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក រួមទាំងក្នុងវិស័យការពារជាតិ។ សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ ចំពោះការបន្តនូវកិច្ចសហប្រតិបត្តិការជាច្រើន ក្នុងវិស័យយោធារវាងប្រទេសទាំងពីរ ព្រមទាំងប្ដេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរីកចម្រើន និងរឹងមាំ។ សម្ដេចក៏បានសម្ដែងការពេញចិត្តចំពោះវឌ្ឍនភាពនៃដំណើរការត្រៀមរៀបចំ សមយុទ្ធយោធា «ឆ្មាំអង្គរ» (Angkor Sentinel) ដែលគ្រោងនឹងធ្វើនៅឆ្នាំ២០២៧ ក៏ដូចជាការបន្តកិច្ចសហប្រតិបត្តិការលើការពង្រឹងសមត្ថភាពកងទ័ពកម្ពុជា។

មុនមកកម្ពុជា លោក អែលប្រ៊ីដ អ៊ែនឌ្រូ ខូលប៊ី អនុរដ្ឋមន្ត្រីនៃក្រសួងសង្គ្រាម​ សហរដ្ឋអាម៉េរិក បានអញ្ជើញទស្សនកិច្ចនៅប្រទេសថៃ ក្នុងគោលបំណងពិភាក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរវាងថៃ-សហរដ្ឋអាម៉េរិកដូចគ្នាផងដែរ។ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បានថ្លែងប្រាប់អង្គភាពសារព័ត៌មាន SBM News នៅរសៀលថ្ងៃទី១៤សីហានេះថា ប្រទេសនីមួយៗ តែងជួបគ្នានៅក្នុងជំនួបពិសេសៗ ហើយបានប្រើប្រាស់សុទ្ធតែភាសាការទូតនិយាយអំពីទំនាក់ទំនង ហើយយើងមិនបានដឹងថា លទ្ធផលក្នុងកិច្ចប្រជុំជាក់ស្ដែង គេនិយាយពីអ្វីឱ្យពិតប្រាកដទេ។ ប៉ុន្តែលោក សេក សុជាតិ គូសបញ្ជាក់ថា៖«យ៉ាងណា អ្វីដែលយើងចង់ឃើញ គឺការអនុវត្តជាក់ស្ដែងរវាងការភ្ជាប់ទំនាក់ទំនងរវាងប្រទេស និងប្រទេសដែលជាដៃគូ ឬជាមិត្តរបស់ខ្លួនទៅតាមទំនាក់ទំនង និងកម្រិតនៃការទូតរបស់ប្រទេសនីមួយៗ»។

លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ 
លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ 

លោកសង្កត់ធ្ងន់ថា៖«ប្រទេសមហាអំណាចតែងតែស្វែងរកអ្នកគាំទ្រ មិនថាពួកគេមាននិន្នាការអ្វីទេ។ ដូច្នេះ បើសិនជាប្ដេជ្ញាពង្រឹងទំនាក់ទំនងទាំងសងខាង តែម្ខាងមានទំនោរខ្លាំងជាង ហើយម្ខាងទៀតមានទំនោរខ្សោយជាង នោះក៏ជាបញ្ហាដែរ។ យ៉ាងណាក៏ដោយ អ្វីដែលយើងចង់ឃើញគឺការអនុវត្តជាក់ស្ដែង ហើយមានភាពស្មោះត្រង់ក្នុងការជួយគ្នាទៅវិញទៅមក ដើម្បីពង្រឹងគុណភាពនៃការការពារជាតិ និងសន្តិសុខនៅក្នុងតំបន់»។ សូមជម្រាបថា កាលពីថ្ងៃទី១៣សីហាម្សិលមិញ ក្រសួងការពារជាតិថៃ បានទទួលស្វាគមន៍លោក អែលប្រ៊ីដ អ៊ែនឌ្រូ ខូលប៊ី អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក មុនលោកបន្តដំណើរមកកាន់ប្រទេសកម្ពុជា។ ក្នុងជំនួប ភាគីទាំង២បានបង្ហាញជំហរប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍសកម្មភាពការពារជាតិរបស់ប្រទេសថៃ ដើម្បីផលប្រយោជន៍ទៅវិញទៅមក ខណៈផែនការ ឬខ្លឹមសារសំខាន់ៗផ្សេងទៀតនៅពីក្រោយជំនួបនេះ មិនត្រូវបានទម្លាយចេញឡើយ៕

ពិធីស្វាគមន៍របស់ភាគីថៃ ចំពោះលោក Elbridge A. Colby អនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាម សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១៣សីហា ឆ្នាំ២០២៦។ 
ពិធីស្វាគមន៍របស់ភាគីថៃ ចំពោះលោក Elbridge A. Colby អនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាម សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១៣សីហា ឆ្នាំ២០២៦។ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត