អព្ភូតការណ៍ចម្លែកនៅថៃ! យប់ចុងបញ្ចប់បុណ្យប្រចាំឆ្នាំ ភ្លើងឆេះរូបសំណាកនាគរាជនៅភាគឦសានប្រទេស
S
Sinuon Nop
•
10 នាទីមុន

រាជធានីបាងកក៖ ព្រះអគ្គិ បានឆាបឆេះគ្រឿងតុបតែងរូបសំណាកនាគរាជ បង្កឱ្យមានការខូចខាតរូបសំណាក ព្យាស្រីសត្តនាគរាជ (พญาศรีสัตตนาคราช) ដែលរូបសំណាកនាគរាជដ៏ល្បីល្បាញមួយនេះ ស្ថិតនៅតាមបណ្តោយទន្លេមេគង្គ ស្ថិតក្នុងខេត្តនគរភ្នំ (นครพนม) កាលពីវេលាទៀបភ្លឺថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។ បច្ចុប្បន្ន  អាជ្ញាធរកំពុងស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុ ជាមួយនឹងការសង្ស័យថា អាចបណ្ដាលមកពីការដុតកាំជ្រួច។

សារព័ត៌មានថៃ ខាវសដ បានចុះផ្សាយថា អគ្គិភ័យ បានឆាបឆេះរូបសំណាកនាគរាជនៅវេលាម៉ោង៤ទៀបភ្លឺ នៅមុខទន្លេមេគង្គ ស្ថិតក្នុងទីក្រុងនគរភ្នំ។ រូបសំណាកនាគរាជដែលបានតុបតែងដោយខ្សែ-កធ្វើពីសូត្រ និងសរសៃអំបោះ បានរងការខូចខាតទាំងស្រុង ដោយសារអណ្ដាតភ្លើង។ ប៉ុន្ដែក្រុមមន្រ្ដីសាលាក្រុង បានសង័្សយទៅលើការបាញ់កាំជ្រួចនៅជិតនោះ នាយប់ចុងបញ្ចប់នៃពិធីបុណ្យអុំទូកប្រចាំឆ្នាំ នៃខេត្តភាគឦសានមួយនេះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រូបសំណាកធ្វើពីលង្ហិន មិនរងការខូចខាតទេ។ ចំណែកខ្សែ-កជាគ្រឿងតុបតែង បានរងការខូចខាតមានតម្លៃចន្លោះពី២ម៉ឺនទៅ៥ម៉ឺនបាត ឬស្មើប្រមាណពី៥៩២ដុល្លារទៅ១៤៨១ដុល្លារអាម៉េរិកប៉ុណ្ណោះ។

រូបសំណាកនាគរាជនេះ គឺជានិមិត្តរូបដ៏សំខាន់ សម្រាប់ការគោរពបូជារបស់អ្នកស្រុកខ្មែរដើមនៅទីនោះ និងអ្នកទេសចរមកពីបណ្តាខេត្តខ្មែរលើដទៃទៀត ដែលបានធ្វើដំណើរទៅកាន់ខេត្តនគរភ្នំ ហើយសម្លឹងមើលព្រំដែនភាគឦសានរបស់ប្រទេសថៃ ទៅកាន់ដងទន្លេមេគង្គ ជាប់ព្រំដែនជាមួយប្រទេសឡាវ។ អ្នកមានជំនឿចាស់បុរាណនៃជនជាតិខ្មែរលើ (អតីតខេត្តខ្មែរ) នៅតំបន់នោះ មានការព្រួយបារម្ភជាខ្លាំងថា ហេតុការណ៍ដ៏អាក្រក់នេះ អាចជាប្រផ្នូលមិនល្អដល់ខេត្តនគរភ្នំ ឬប្រទេសថៃទាំងមូលតែម្ដង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត