ប្រមុខការពារជាតិមហាអំណាចសេដ្ឋកិច្ចកំពូលពិភពលោក-អាស៊ីបូព៌ា ជួបគ្នាពិភាក្សាអំពីការផលិតគ្រាប់ទប់ទល់ចិន
S
Sinuon Nop
•
35 នាទីមុន

រដ្ឋធានីម៉ានីល៖ ស្របពេលមហាយក្សចិន កំពុងរីកច្រើនយ៉ាងខ្លាំង លើបច្ចេកវិទ្យាគ្រឿងចម្បាំង ពង្រឹងសមត្ថភាពកងទ័ពដ៏ឆាប់រហ័ស និងថែមទាំងបង្កើនសកម្មភាពយោធា ដើម្បីប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ជាមួយមហាអំណាចលោកខាងលិចនោះ ប្រមុខការពារជាតិជប៉ុន បានស្កាត់ជួបសមភាគីដែលជាសម្ព័ន្ធមិត្តដ៏ខ្លាំងក្លារបស់ពិភពលោក សហរដ្ឋអាម៉េរិក ពិភាក្សាលើការផលិតគ្រាប់រំសេវ និងរៀបចំយុទ្ធសាស្ត្រ ទប់ទល់នឹងមហាយក្សប្រចាំទ្វីបអាស៊ី...។

សារព័ត៌មាន The Japan Times បានចេញផ្សាយ ថា រដ្ឋមន្រ្ដីក្រសួងការពារជាតិជប៉ុន លោក ស៊ីនជីរ៉ូ កូអ៊ីហ្ស៊ូមិ (Shinjiro Koizumi) នៅថ្ងៃពុធទី២៨ ខែតុលានេះ បានជួបសមភាគីសហរដ្ឋអាម៉េរិក លោក ភីត ហេគសេត (Pete Hegseth) នៅខាងក្រៅកិច្ចប្រជុំកំពូល នៃក្រុមរដ្ឋមន្រ្ដីក្រសួងការពារជាតិសមាគមអាស៊ីអាគ្នេយ៍ (Association of Southeast Asian Nations) ហៅកាត់ ASEAN នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ដោយបានពិភាក្សាគ្នាយ៉ាងសំខាន់ ផ្ដោតលើការផលិតគ្រាប់រំសេវ និងយុទ្ធសាស្ត្ររារាំង។

ក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក បានបង្ហោះសេចក្ដីប្រកាសព័ត៌មាននេះ នៅលើគេហទ័ពរផ្លូវការរបស់ខ្លួន ថា ប្រមុខការពារជាតិ និងប្រមុខក្រសួងសង្គ្រាមនៃប្រទេសទាំង២ បានបញ្ជាក់ជាថ្មី អំពីតួនាទីដ៏សំខាន់ មិនអាចខ្វះបាន សម្រាប់សម្ព័ន្ធភាពសហរដ្ឋអាម៉េរិក-ជប៉ុន នៅក្នុងការថែរក្សាសន្តិភាព ស្ថិរភាព នៅក្នុងតំបន់ប៉ាស៊ីហ្វិក។ ប្រមុខការពារជាតិ និងប្រមុខក្រសួងសង្គ្រាមទាំង២ បានសង្កត់ធ្ងន់លើសារសំខាន់ នៃការបង្កើនការវិនិយោគលើវិស័យការពារជាតិ និងអាវុធធ្វើសង្គ្រាម ការបន្តសម្របសម្រួលយុទ្ធសាស្ត្រ ដើម្បីពង្រឹងសមត្ថភាពរារាំង ព្រមទាំងអនុវត្តយុទ្ធសាស្ត្រការពារតាមបែប«យន្ដការការពារ»ដ៏មានប្រសិទ្ធភាព នៅក្នុងខ្សែសង្វាក់កោះទីមួយ (First Island Chain)។

ទន្ទឹមគ្នា ប្រមុខមន្ទីរបញ្ចកោណ លោក ហេគសេត និងសមភាគីជប៉ុន លោក កូអ៊ីហ្ស៊ូមិ ក៏បានពិភាក្សាគ្នា អំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងការរារាំង តាមរយៈការពង្រឹងការចូលដំណើរការទ្វេភាគី វត្តមាន និងការបណ្ដុះបណ្ដាលលំហាត់ជាក់ស្តែង នៅទូទាំងប្រទេសជប៉ុន រួមទាំងសមយុទ្ធបាញ់គ្រាប់ពិតផងដែរ។ ប្រមុខដឹកនាំយោធាទាំង២ បានយល់ព្រមនៅក្នុងការពន្លឿនសកម្មភាព សម្រាប់ការធ្វើឱ្យប្រតិបត្តិការឱ្យកាន់តែរហ័សរហួន និងធន់ រួមទាំងការប្រើប្រាស់គ្រឿងបរិក្ខារ ដែលអាចបត់បែនបាន និងឱកាសហាត់សមឡើងវិញ នូវប្រតិបត្តិការ។ បន្ថែមពីលើនេះ ប្រមុខមន្ទីរបញ្ចកោណ ក៏បានស្វាគមន៍ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុន នៅក្នុងការពង្រឹងសមត្ថភាពវិស័យឧស្សាហកម្មការពារជាតិរបស់ខ្លួន ហើយមេដឹកនាំនសប្រទេសទាំងពីរ បានប្តេជ្ញាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ លើការផលិតគ្រាប់បែកសំខាន់ៗផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត