អាណាចក្រខ្មៅងងឹតនៅថៃ! មានក្រុមហ៊ុនក្លែងក្លាយដល់ទៅ១៥០០ លួចដំណើរការខុសច្បាប់ ពាក់ព័ន្ធនឹងក្រុ​មឆបោក
Mao Sopha
•
2 ម៉ោងមុន

រាជធានីបាងកក៖ តម្រួតនគរបាលថៃ បានបង្កើតប្រតិបត្តិការដ៏ញាក់សាច់មួយ ឈ្មោះ ប្រតិបត្តិការបង្ក្រាប អាណាចក្រខ្មៅងងឹត «Dark Empire»។ ក្នុងប្រតិបត្តិការដ៏មហិមានេះ កម្លាំងសមត្ថកិច្ច បានចាប់ជនសង្ស័យ១១នាក់ក្នុងដំណាក់កាលដំបូង និងរកឃើញក្រុមហ៊ុនចុះបញ្ជីក្លែងក្លាយខុសច្បាប់ដ៏ច្រើនសន្ធឹកសន្ធាប់ សឹងមិនគួរឱ្យជឿ មានចំនួនដល់ទៅជាង១៥០០ក្រុមហ៊ុនឯណោះ។ ក្រុមបណ្តាញដ៏ចាក់ស្រេះនេះ ជាប់ពាក់ព័ន្ធក្នុងអំពើឆបោកជាង១ពាន់ករណី មានទំហំទឹកប្រាក់ជាង១១លានដុល្លារអាម៉េរិក និងមានជនរងគ្រោះជាង៣០០នាក់។

បណ្តាញក្រុមហ៊ុនទាំងនោះ ដំណើរការដោយលាក់កម្បាំង និងលួចបើកគណនីធនាគារសម្រាប់លក់ឱ្យក្រុមឆបោកតាមអនឡាញ និងបើកគេហទំព័រល្បែងស៊ីសងខុសច្បាប់។ សារព័ត៌មានថៃ MGR Online និង THE STANDARD បានចុះផ្សាយកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ថា កម្លាំងសមត្ថកិច្ច បានចុះត្រួតពិនិត្យគោលដៅចំនួន២០កន្លែង ក្នុងរាជធានីបាងកក រួមទាំងខេត្តចំនួន៦ទៀត គឺខេត្តឈៀងម៉ៃ (เชียงใหม่) ពេជ្របុរី (เพชรบุรี) ឧត្តរធានី (อุดรธานี) សង្ឃរា ឬស៊ុងក្លា (สงขลา) ផាំងង៉ា (พังงา) និងខេត្តនគររាជសីមា (นครราชสีมา )។ 

ក្នុងសំណុំរឿងឆបោកដ៏ធំសម្បើមនេះ មានជនសង្ស័យ១៦នាក់ ដែលត្រូវតុលាការចេញដីកាតាមចាប់ខ្លួន ប៉ុន្តែចាប់បាន១១នាក់ ខណៈអ្នកផ្សេងរត់គេចខ្លួន។ ជនសង្ស័យ ត្រូវបានចោទប្រកាន់ពីបទចូលរួមបង្កើតក្រុមបណ្តាញសម្ងាត់ រៀបចំទិញលក់គណនីធនាគារសេះហោះ (គណនីក្លែងក្លាយ) និងរួមគំនិតលាងលុយកខ្វក់។ វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបាន រួមមាន សៀវភៅគណនីធនាគារ២៣៩ក្បាល ត្រាក្រុមហ៊ុន២២២ត្រា ម៉ាស៊ីនផលិតត្រា១គ្រឿង ទូរសព្ទដៃ-កុំព្យូទ័រ៣៦គ្រឿង ស៊ីមកាត១២ និងវត្ថុតាងផ្សេងទៀត សរុប៩៣៤មុខ។

<br />

តាមការស៊ើបអង្កេតលើបណ្តាញនេះ មានរបៀបប្រតិបត្តិការជាប្រព័ន្ធ ដោយជ្រើសរើសមនុស្សឱ្យចុះបញ្ជីក្រុមហ៊ុន បន្ទាប់មកបើកគណនីធនាគារក្នុងនាមក្រុមហ៊ុន។ តម្រួតនគរបាលថៃ អះអាងថា បណ្តាញក្រុមហ៊ុនឆបោកទាំងនេះ មានជនជាតិម៉ាឡេស៊ីដើមកំណើតចិន បានជួលស្ត្រីថៃឱ្យស្វែងរកប្រជាជនថៃគ្នាឯង ដែលគ្មានការងារធ្វើ ដើម្បីឱ្យទៅបើកគណនីធនាគារ និងចុះបញ្ជីក្រុមហ៊ុន។ អ្នកដែលត្រូវបានជ្រើសរើស ត្រូវប្រើឯកសារផ្ទាល់ខ្លួន ដូចជា អត្តសញ្ញាណបណ្ណ និងឯកសារលំនៅឋាន ដើម្បីបង្កើតក្រុមហ៊ុនតាមប្រព័ន្ធអនឡាញ។

បន្ទាប់មក ពួកគេ ត្រូវបាននាំទៅបើកគណនីធនាគារក្នុងនាមក្រុមហ៊ុន។ ពួកគេ ទទួលបានការណែនាំច្បាស់លាស់ អំពីរបៀបឆ្លើយសំណួររបស់បុគ្គលិកធនាគារ ដើម្បីឱ្យមើលទៅដូចជាម្ចាស់អាជីវកម្មពិតប្រាកដ។ ប៉ូលិស ក៏បានរកឃើញថា បណ្តាញនេះ បានផ្តល់ប្រាក់សម្រាប់ទិញសម្លៀកបំពាក់ និងទូរសព្ទដៃ ដើម្បីជួយឱ្យដំណើរការបើកគណនីប្រព្រឹត្តទៅដោយរលូន។ នៅពេលបើកគណនីធនាគាររួច សមាជិកនៃក្រុមបណ្តាញឆបោក បានប្រមូលទូរសព្ទ និងបញ្ជូនគណនីធនាគារទៅឱ្យអ្នកទិញ។ អតិថិជនភាគច្រើន ស្ថិតនៅតាមតំបន់ព្រំដែន ដូចជា ខេត្តតាក ខេត្តស្រះកែវ និងសង្ឃរាជាដើម។

ក្នុងចំណោមក្រុមហ៊ុនឆបោកទាំងនោះ មានក្រុមហ៊ុន ឬក្រុមបណ្តាញដ៏ធំមួយ ឈ្មោះ DK Global Group មានបុរសជនជាតិម៉ាឡេស៊ី ឈ្មោះ ឈៀ ឈុន (Chia Chun) ជាបងធំ រួមជាមួយសមាជិកជនជាតិថៃ និងបរទេសផ្សេងទៀត។ ពួកគេ បានផ្លាស់ប្ដូររបៀបប្រតិបត្តិការពីការទិញលក់គណនីធនាគារពីបុគ្គលផ្សេងៗ ទៅជាការបង្កើតគណនីធនាគារក្នុងនាមក្រុមហ៊ុនខុសច្បាប់របស់ពួកគេ ព្រោះងាយស្រួលលាក់បាំងប្រភពប្រាក់ ជាងគណនីធនាគារដែលទិញ។ បច្ចុប្បន្ន តម្រួតនគរបាលថៃ កំពុងបន្តស៊ើបអង្កេត និងតាមដានរំហូរសាច់ប្រាក់ ដើម្បីកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធបន្ថែម។ ម្យ៉ាងទៀត ប្រតិបត្តិការបង្ក្រាបអាណាចក្រខ្មៅងងឹតនេះ មិនមែនបង្ក្រាបតែក្រុមបណ្តាញឆបោកខាងលើនោះទេ គឺអាចនឹងពន្លាតប្រតិបត្តិការបង្ក្រាបសម្បុកឆបោកផ្សេងៗទៀត។ នេះកាន់តែបញ្ជាក់ច្បាស់ថា ថៃ គែជាសម្បុកនៃក្រុមឧក្រិដ្ឋជនអន្តរជាតិ៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត