
រាជធានីបាងកក៖ អាជ្ញាធរបង្ក្រាបបទល្មើសសេដ្ឋកិច្ច និងប្រឆាំងការលាងលុយកខ្វក់ថៃ រួមជាមួយគណៈកម្មការមូលបត្រ បានប្រកាសលទ្ធផលបង្ក្រាបបណ្តាញលាងលុយកខ្វក់ឆ្លងដែនទ្រង់ទ្រាយធំ ដោយបានបង្កក និងរឹបអូសទ្រព្យសម្បត្តិសរុបជាង២៦ពាន់លានបាត ឬស្មើនឹងប្រមាណ៧៦០លានដុល្លារ ដោយមានពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញស្កេម (Call-center scams) និងការបោកប្រាស់ការវិនិយោគ...។

តាមការស៊ើបអង្កេត ក្រុមឧក្រិដ្ឋជនបានប្រើប្រាស់ប្រព័ន្ធធនាគារនៅប្រទេសកម្ពុជា ជាផ្លូវឆ្លងកាត់លុយកខ្វក់ មុននឹងបង្វែរចូលមូលនិធិនៅសិង្ហបុរី ដើម្បីយកមកទិញភាគហ៊ុនរបស់ក្រុមហ៊ុនធំៗ នៅលើទីផ្សារមូលបត្រថៃ។ មេបញ្ជាការបង្រ្កាបបទល្មើសសេដ្ឋកិច្ចថៃ ទម្លាយថា ក្រុមឧក្រិដ្ឋជនដឹកនាំដោយបុគ្គលឈ្មោះ Ben Smith បានរៀបចំជា៤ក្រុម ដើម្បីលាងលុយដែលបានមកពីការឆបោក និងវិនិយោគិនបរទេស។ ប្រាក់ដែលបានមកពីអំពើឆបោក ត្រូវបានផ្ទេរកាត់តាមគណនីធនាគារនានា នៅប្រទេសកម្ពុជា រួចបន្តឆ្លងកាត់មកប្រទេសថៃ និងបញ្ជូនបន្តទៅកាន់មូលនិធិនានា នៅប្រទេសសិង្ហបុរី មុននឹងបង្វែរមកទិញភាគហ៊ុនក្នុងក្រុមហ៊ុនចុះបញ្ជីធំៗនៅប្រទេសថៃវិញរួមមាន ក្រុមហ៊ុនថាមពល Bangchak (BCP), ក្រុមហ៊ុន VGI និងក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ MFC។

ក្នុងចំណោមទ្រព្យសម្បត្តិ២៦ពាន់លានបាត ដែលត្រូវបង្កក មានភាគហ៊ុននៅក្នុងក្រុមហ៊ុនទាំងបីនេះ រហូតដល់១៦ពាន់លានបាត។ បច្ចុប្បន្ន តុលាការថៃ បានចេញដីកាចាប់ខ្លួនជនសង្ស័យចំនួន៦នាក់ ដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេស និងបានចោទប្រកាន់បុគ្គលម្នាក់ទៀត ដែលជាអតីតនាយកក្រុមហ៊ុន។ អាជ្ញាធរបានចោទប្រកាន់ពីបទល្មើសធ្ងន់ធ្ងរចំនួន៣ រួមមាន៖ ការរំលោភច្បាប់មូលបត្រ, ការចូលរួមក្នុងអង្គការចាត់តាំងខុសច្បាប់ និងអំពើគប់គិតលាងលុយកខ្វក់៕



